ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសន្នធំ! ទិន្នន័យអតិថិជនក្រុមហ៊ុនទូរគម​នា​គមន៍ AT&T ជាង៧០លានគណនី បែកធ្លាយតាម​អ៊ីនធឺណិត

4 អាទិត្យ មុន

សហរដ្ឋអាម៉េរិក ៖ ទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជនក្រុមហ៊ុនទូរគមនាគមន៍ខ្នាតយក្សសហរដ្ឋ

សហរដ្ឋអាម៉េរិក ៖ ទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជនក្រុមហ៊ុនទូរគមនាគមន៍ខ្នាតយក្សសហរដ្ឋអាម៉េរិក AT&T បច្ចុប្បន្ន និងអតីតកាល ចំនួន ៧៣លានគណនី បានបែកធ្លាយតាមអ៊ីនធឺណិត។ នេះបើយោងតាមប្រភពពី BBC ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។

ក្រុមហ៊ុនទូរគមនាគមន៍ខ្នាតយក្សរបស់អាម៉េរិក AT&T បានអះអាងថា ព័ត៌មានផ្ទាល់ខ្លួនអតិថិជនរួមទាំង អាសយដ្ឋាន លេខសន្តិសុខសង្គម (SSN) និងលេខសម្ងាត់ ត្រូវបានផ្សព្វផ្សាយលើ Dark Web ឬហៅក្រៅផ្លូវការថា គេហទំព័រងងឹត។ ក្រុមហ៊ុនបានលើកឡើងថា រហូតមកទល់ពេលនេះ ខ្លួនមិនបានកំណត់អត្តសញ្ញាណភស្តុតាងដែលបង្ហាញថា ទិន្នន័យត្រូវបានលួចនោះទេ ប៉ុន្តែក្រុមហ៊ុនបាននាំយកអ្នកជំនាញផ្នែកសន្តិសុខតាមអ៊ីនធឺណិតមកស៊ើបអង្កេតលើបញ្ហានេះ។ ស្របពេលគណនីអតិថិជនបានកំណត់លេខសម្ងាត់របស់ពួកគេឡើងវិញ ដោយស្វ័យប្រវត្តិ។

អតិថិជនត្រូវបានជំរុញដោយក្រុមហ៊ុនសម្រាប់ការរក្សាការប្រុងប្រយ័ត្ន ដោយការត្រួតពិនិត្យសកម្មភាពគណនី និងរបាយការណ៍ឥណទាន ខណៈទិន្នន័យដែលពាក់ព័ន្ធនឹងការបំពាននេះ ហាក់ដូចជាមានតាំងពីឆ្នាំ ២០១៩ ឬក៏មុននេះ ហើយត្រូវបានភ្ជាប់ទៅនឹងអតិថិជន ៧.៦លាននាក់ និងអតីតម្ចាស់គណនី ៦៥.៤លាននាក់។ វាក៏រួមបញ្ចូលផងដែរនូវព័ត៌មានដូចជា ឈ្មោះពេញ អាសយ​ដ្ឋានអ៊ីមែល រួមនឹងថ្ងៃខែឆ្នាំកំណើត បើទោះបីជាក្រុមហ៊ុន AT&T អះអាងថា ព័ត៌មានហិរញ្ញវត្ថុមិនបានលេចចេញនៅក្នុងការបែកធ្លាយយ៉ាងណាក៏ដោយ។ ក្រុមហ៊ុនក៏បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយផងដែរថា វាមិនច្បាស់ថា តើទិន្នន័យមានប្រភពមកពីប្រព័ន្ធរបស់ខ្លួន ឬតាមរយៈអ្នកផ្គត់ផ្គង់ភាគីទី៣ យ៉ាងណានោះទេ។

គួរបញ្ជាក់ថា បណ្ដាញ 5G ឥតខ្សែរបស់ AT&T បានគ្របដណ្ដប់លើអ្នកប្រើប្រាស់ប្រហែល ២៩០លាននាក់ទូទាំងសហរដ្ឋអាម៉េរិក ហើយក្រុមហ៊ុនគឺជាអ្នកផ្តល់សេវាទូរសព្ទ និងអ៊ីនធឺណិតដ៏ធំបំផុតមួយរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតពិភពលោកមួយនេះផងដែរ។ កាលពីខែកុម្ភៈកន្លងទៅ ការដាច់ប្រព័ន្ធដ៏ធំមួយបានប៉ះពាល់ដល់អ្នកប្រើប្រាស់ទូរសព្ទរាប់ម៉ឺននាក់ ដែលបណ្ដាលឱ្យមានការសុំទោសពីក្រុមហ៊ុន និងការផ្ដល់ជូនឥណទាន៥ដុល្លារអាម៉េរិក សម្រាប់អ្នកដែលរងផលប៉ះពាល់។ ស្របពេលព្រះរាជអាជ្ញានៅទីក្រុងញូវយ៉កបានបើកការស៊ើបអង្កេតលើបញ្ហានោះ ដែលធ្វើឱ្យមនុស្សមិនអាចប្រើទូរសព្ទបានប្រហែល១២ម៉ោង៕ (ប្រភព ៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ