នៅមុនពេលពលរដ្ឋកម្ពុជាឈានទៅរីករាយ និងទទួលអំណរសប្បាយនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ តំណាងសង្គមស៊ីវិលមួយរូបបានចេញមុខព្រមានអំពីហានិភ័យនៃការទទួលទានគ្រឿងស្រវឹង ខណៈដែលបរិមាណនៃការប្រើប្រាស់គ្រឿងស្រវឹង នៅឆ្នាំ២០២៤ ត្រូវបានគេព្យាករណ៍ថា ពលរដ្ឋម្នាក់អាចទទួលទានគ្រឿងស្រវឹងដល់ទៅ២៧,៣៨លីត្រនៅក្នុងមួយឆ្នាំ ។

លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបាន ធ្វើការព្រមានចំពោះពលរដ្ឋដែលទទួលទានសុរា លើសកម្រិតដែលនឹងប្រឈមមុខសុខភាព ដែលអង្គការសុខភាពពិភពលោករកឃើញជំងឺជាង២០០ប្រភេទឯណោះ ។ លោក យង់ គឹមអេង បានអោយកម្មវិធីលុយនៃសារព័ត៌មានកោះសន្តិភាពដឹងថា «គេបាន រកឃើញជំងឺជាង២០០មុខ ដូចជា ជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម ជំងឺថ្លើម ក្រពះ…ពោល គឺមានច្រើនណាស់ ។ ជាមួយគ្នានោះយើងឃើញថា វាមានផលប៉ះពាល់ ខាងសង្គមធំដែរ ដូច្នេះការទទួលទានគ្រឿងស្រវឹង ដែលថា អាចអោយគាត់មានសុខភាពល្អ បញ្ញា ភ្លឺស្វាង សុទ្ធតែជាការកុហក» ។
លោក យង់ គឹមអេង បានបន្តថា ការជំរុញអោយអតិថិជននៃសេវាកម្មកម្សាន្ត ទទួលទាន សុរាច្រើន ជារឿងគ្រោះថ្នាក់បំផុត ជាពិសេស គឺគ្រោះថ្នាក់ចរាចរណ៍ ដែលមិនមែនប៉ះពាល់តែប្រជាពលរដ្ឋធម្មតាមានការបាត់បង់ជីវិត មានការរបួស ប្រជាពលរដ្ឋទូទៅមិនថា អ្នកមាន ឬអ្នកក្រ ។
ដោយឡែក លោក ហ៊ឹម អូន ជាប្រជាពលរដ្ឋរស់នៅជាយរាជធានីភ្នំពេញបានអោយដឹងថា ជាមធ្យមលោកទទួលទានសុរា នៅក្នុងមួយខែ ៣ទៅ៤ដងទៅតាមកម្មវិធីនានា ការជួបជុំ សប្បាយរីករាយនៅរៀងរាល់ចុងសប្តាហ៍ជាដើម ។ លោកថា ការទទួលទានសុរាទាំងនោះ បានជួយកសាងមិត្តភាព និងការរំសាយអារម្មណ៍នឿយណាយពីការងារមុខរបររកស៊ី ។ លោក ហ៊ឹម អូន បន្ថែមថា ការទទួលទានសុរាម្តងៗលោកតែងតែចំណាយយ៉ាងតិចចន្លោះពី ៣០ទៅ៤០ដុល្លារ ហើយនៅក្នុងវង់នៃការជួបជុំមនុស្ស៤ទៅ៥នាក់សុទ្ធតែចំណាយ សឹងតែដូចៗគ្នា ។ លោកថា លោកដឹងពីផលវិបាកសុខភាព និងគ្រោះថ្នាក់ផ្សេងៗពីការសេពសុរា តែប្រសិនបើទទួលទានក្នុងកម្រិតធម្មតានោះជារឿងធម្មតា ។

អ្នកនាង ជា វ៉ាន់ដា ជាអ្នកលក់ដូរគ្រឿងកំប៉ុង និងភេសជ្ជៈ ក្នុងរាជធានីភ្នំពេញបានអោយដឹងថា អ្នកនាងលក់ដូរភេសជ្ជៈជាពិសេសសុរា ក្នុងមួយថ្ងៃអ្នកនាងលក់ចេញយ៉ាងតិច១០កេស តែប្រសិនបើចុងសប្តាហ៍ឈានចូលដល់៣០កេស និងប្រសិនបើចំរដូវបុណ្យទាន ពិសេសដូចជា ចូលឆ្នាំវិញនោះឈានដល់៥០កេសក៏មាន ហើយក្នុងមួយកេស តម្លៃ១៣ដុល្លារ ។ អ្នកនាង ជា វ៉ាន់ដា បន្ថែមថា អតិថិជនភាគច្រើនជាអ្នករស់នៅក្នុងភូមិក្បែរខាង ហើយក៏មាន អ្នកមកពីចម្ងាយៗប្រសិនបើពួកគាត់ជិះកាត់ និងមានតម្រូវការសុរាទាំងនោះ ហើយក៏មាន អ្នកបញ្ជាទិញតាមប្រព័ន្ធអនឡាញក៏មាន ។
នៅក្នុងស្ថានភាពបែបនេះ លោក យង់ គឹមអេង បន្ថែមថា «យើងមិនមានតួរលេខក្នុងការចំណាយទិញសុរារបស់ប្រជាពលរដ្ឋទេ ដោយសារយើងមិនមានការសិក្សាស្រាវជ្រាវ ដែលមិនទាន់បានធ្វើអោយទូលំទូលាយ ។ ចំពោះការចំណាយ គឺវាទៅតាមធនធានរបស់ពួកគាត់ អ្នកខ្លះទៅគាត់ចំណាយតិចទៅគាត់មានធនធានតិច អ្នកខ្លះចំណាយច្រើនទៅ ។ អ៊ីចឹងបានគេថា តម្លៃនេះសំខាន់ណាស់ កាលណាពន្ធលើគ្រឿងស្រវឹងកាន់តែខ្ពស់ តម្លៃវាកាន់តែខ្ពស់ធ្វើអោយមនុស្សពិចារណាក្នុងការចំណាយ» ។ លោក យង់ គឹមអេង បន្តថា កាលណាតម្លៃសុរាថោកធ្វើអោយមនុស្សអាចទិញបានដោយ ងាយស្រួលធ្វើអោយគ្រោះថ្នាក់កើតឡើងខ្ពស់ ហើយប្រសិនបើទីផ្សារមិនផ្លូវការ (ស្រាស ស្រាថ្នាំ) ក៏ឡើងដូចគ្នាផងដែរ ហើយក៏ធ្វើអោយមនុស្សពិចារណាក្នុងការទទួលទានដូចគ្នា។

លោក យង់ គឹមអេង បន្ថែមថា «កាលណាកាត់បន្ថយគ្រឿងស្រវឹងទី១ វាជួយសុខភាព ខ្លួនគាត់អោយកាន់តែប្រសើរ ជួយទី២ អាចសល់លុយសល់កាក់អោយកូនចៅគាត់ទៅរៀន ហើយជួយទី៣ នោះអោយគ្រួសាររបស់គាត់នោះមានសុភមង្គល អត់ឈ្លោះទាស់ទែងគ្នា អត់មានហិ.ង្សាកើតឡើងនៅតាមសហគមន៍ដែលយើងជួបជាក់ស្តែង គឺបែបហ្នឹងហើយ ជួយទី៤ ធ្វើអោយគាត់ញាតិមិត្តរាប់អានច្រើន ហើយប្រសិនបើគាត់ឈ្លក់វង្វេងជាមួយ និងសុរា ថ្ងៃណាក៏យកស្រាធ្វើជាត្រីមុខ មិនមែនគាត់ផឹក ដើម្បីរកមិត្តភក្តិទេ គឺបាត់មិត្តភក្តិអស់ ហើយបាទ» ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច នៃរាជ្យបណ្ឌិតសភាកម្ពុជា បានថ្លែងថា «វិស័យគ្រឿងស្រវឹងនេះឃើញថា មានការកើនឡើងខ្លាំងដែរ ក្នុងឆ្នាំ២០២៣ ។ ម្នាក់ៗរកលុយមិនសូវបានសេដ (sad) ទៅទទួលទានបៀរគាស់យករង្វាន់ក្រែងលោបានដែលវាផ្ទុះទៅការទទួលទានគ្រឿងស្រវឹង ហើយក៏បានជំរុញអោយកំណើនសេដ្ឋកិច្ចតាមរយៈការផលិតគ្រឿងស្រវឹង» ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បន្តថា ការផលិតគ្រឿងស្រវឹងនេះច្រើនក៏ជាកត្តាជំរុញកំណើនការងារមួយចំនួន ហើយផលប៉ះពាល់នៃគ្រឿងស្រវឹងនេះជារឿងមួយផ្សេងទៀត និងម្យ៉ាងទៀតចំណូលនៃការផលិតក៏មានការកើនឡើង ។ តាមសេចក្តីរាយការណ៍របស់គេហទំព័តស្តាធីស្តា (Statista ) បានឲ្យដឹងថា ពលរដ្ឋកម្ពុជានៅក្នុងមួយឆ្នាំម្នាក់អាចទទួលទានគ្រឿងស្រវឹងដល់ទៅ២៧,៣៨លីត្រ ហើយពាណិជ្ជកម្មគ្រឿងស្រវឹងអាចមានទំហំទីផ្សារដែលមានតម្លៃជាង ១.២០០ លានដុល្លារ ៕ ដោយៈ ស នីត
ចែករំលែកព័តមាននេះ