ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ស្រូវ​​ធ្លាក់​ចុះ រដ្ឋាភិបាល​សម្រេច​បញ្ចេញមូលនិធិ ៤០​លាន​ដុល្លារ​បន្ថែម​ ដើម្បី​លើកស្ទួយផលិតផល​កសិកម្ម រក​ទីផ្សារ និង​រក្សា​លំនឹងថ្លៃ​កសិផល

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​សម្រេច​បញ្ចេញ​មូលនិធិ​ចំនួន ៤០ លាន​ដុល្លារ​អាម៉េរិក បន្ថែម​ទៀត ក្រោម​កម្មវិធី​ហិរញ្ញប្បទាន​របស់​រាជរដ្ឋាភិបាល ដើម្បី​លើក​ស្ទួយ​ផលិតផល​កសិកម្ម រក​ទីផ្សារ និង​រក្សា​លំនឹង​ថ្លៃ​កសិផល…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​សម្រេច​បញ្ចេញ​មូលនិធិ​ចំនួន ៤០ លាន​ដុល្លារ​អាម៉េរិក បន្ថែម​ទៀត ក្រោម​កម្មវិធី​ហិរញ្ញប្បទាន​របស់​រាជរដ្ឋាភិបាល ដើម្បី​លើក​ស្ទួយ​ផលិតផល​កសិកម្ម រក​ទីផ្សារ និង​រក្សា​លំនឹង​ថ្លៃ​កសិផល ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន របស់​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម (ARDB) នៅ​ថ្ងៃ​ទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ​បានឱ្យ​ដឹង​ថា ដើម្បី​អន្តរាគមន៍​រក្សា​លំនឹង​ថ្លៃ​ស្រូវ​ក្នុង​ប្រមូល​ផល​ក្នុង​ខែវិច្ឆិកា ដល់​ខែធ្នូ ឆ្នាំ ២០២៥ និង​ដើមឆ្នាំ ២០២៦ ខាង​មុខ​នេះ រាជរដ្ឋាភិបាល​បាន​សម្រេច​បញ្ចេញ​មូលនិធិ​ចំនួន ៤០ លាន​ដុល្លារ​អាម៉េរិក បន្ថែម​ទៀត ក្រោម​កម្មវិធី​ហិរញ្ញប្បទាន​របស់​រាជរដ្ឋាភិបាល ដើម្បី​លើក​ស្ទួយ​ផលិតផល​កសិកម្ម រក​ទីផ្សារ និង​រក្សា​លំនឹង​ថ្លៃ​កសិផល តាម​រយៈ​ធនាគារ ARDB សម្រាប់​ផ្តល់​ឥណទាន​ជា​ទុន​បង្វិល​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​ដៃគូ ប្រមូល​ទិញ​ស្រូវ​ឱ្យ​អស់​លទ្ធភាព និង​តាម​តម្លៃ​សមរម្យ​ពី​បងប្អូន​ប្រជា​កសិករ ។

សេចក្ដី​ប្រកាស​ព័ត៌មាន បាន​ជូនដំណឹង​ដល់​សាធារណជន ជា​ពិសេស​បងប្អូន​ប្រជា​កសិករ ​ថា ៖ ក្នុង​រដូវ​កាល​ប្រមូល​ផល​ស្រូវ​ជា​បន្តបន្ទាប់​មកនេះ តម្លៃ​ស្រូវ​មានការ​ធ្លាក់​ចុះ​ខណៈ​ពេល​ដែល​តម្លៃ​អង្ក​រលើ​ទីផ្សារ​អន្តរជាតិ​កំពុង​មាន​និន្នាការ​ធ្លាក់​ចុះ​ដោយសារ​តែ​ស្តុក​អង្ករ​សម្រាប់​សុវត្ថិភាព​ស្បៀង​ឆ្នាំ ២០២៤ របស់​ប្រទេស​មួយ​ចំនួន​បន្ត​ប្រើប្រាស់​ក្នុង​ឆ្នាំ ២០២៥ ដែល​ធ្វើ​ឱ្យ​តម្រូវការ​អង្ករ​នៅ​ទីផ្សារ​អន្តរជាតិ​ធ្លាក់​ចុះ ជាមួយនឹង​ផលិតកម្ម​ស្រូវ​នៅ​កម្ពុជា និង​លើ​សកលលោក​បន្ត​កើនឡើង ។

ឆ្លើយ​តប​នឹង​បញ្ហា​ធ្លាក់​ថ្លៃ​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន និង​កំពុង​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​រក្សា​លំនឹង​ថ្លៃ​ស្រូវ និង​លំនឹង​ជីវភាព​បងប្អូន​ប្រជា​កសិករ ដោយ​ចាត់វិធានការ​អន្តរាគមន៍​ជា​បន្តបន្ទាប់ រួម​ទាំង​ការ​បញ្ចេញ​មូលនិធិ ក្រោម​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស​របស់​រាជរដ្ឋាភិបាល សម្រាប់​ផ្តល់​ឥណទាន ជា​ទុន​បង្វិល​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​ដែល​ជា​ដៃគូ​ជាមួយនឹង​ធនាគារ ARDB និង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដើម្បី​ប្រមូល​ទិញ​ស្រូវ​តាម​តម្លៃ​សមរម្យ​ពី​បងប្អូន​ប្រជា​កសិករ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ