ខេត្តកណ្តាល ៖ ជាងដេគ័រម្នាក់នឹកឪពុកម្តាយពេក ខ្ចីម៉ូតូមិត្តភក្តិជិះទៅលេងឪពុកម្តាយ ហូបបាយជុំបងប្អូន ផឹកស្រាជុំគ្នា ត្រឡប់មកវិញជិះម៉ូតូម្នាក់១គ្រឿងជាមួយបងប្រុស ដោយបងប្រុសជិះទៅមុន ជិះសុខៗបាត់ប្អូន ត្រឡប់មកចំណុចផ្លូវកោងវិញឃើញតែម៉ូតូ តែមិនបានធ្លាក់ចូលស្ទឹងព្រែកត្នោតទេ ចំណែកមនុស្សវិញបាត់ខ្លួនរកមិនឃើញសោះ ទឹកក៏ជន់ទ្បើងខ្លាំង រកមិនឃើញលុះស្អែកឡើងប្រទះឃើញសាកសព ។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការដ្ឋាននគរបាលក្រុងតាខ្មៅបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ចាន់ សុផានិត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមេជាងដេគ័រ ស្នាក់នៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោកបានបន្តឲ្យដឹងទៀតថា សពនេះបានបាត់ខ្លួននៅវេលាម៉ោង២យប់ ថ្ងៃទី៦ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចមាត់ស្ទឹងព្រែកត្នោត ភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងបានប្រទះឃើញសាកសពនៅវេលាម៉ោង០២ និង ៣៩នាទីរសៀល ថ្ងៃទី ០៧ខែ វិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចបឹងកោះខ្វែកភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
តាមការបំភ្លឺរបស់ឈ្មោះ ចាន់ ធីយ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវជាបងបង្កើតរបស់ជនរងគ្រោះបានអោយដឹងថា នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង២០និង០០នាទីយប់ ជនរងគ្រោះបានខ្ចីម៉ូតូមិត្តភក្តិឈ្មោះអុច បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅផ្ទះក្បែរគ្នា ដើម្បីមកលេងម៉ែឪ ក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ពេលមកដល់ផ្ទះឪពុកម្ដាយហើយគាត់បានហូបចុកជុំគ្រួសារ ហើយក៏មានការផឹកស្រាផងដែរ ។

លុះផឹកដល់យប់គាត់ក៏ចេញពីផ្ទះម៉ែ ទៅផ្ទះឈ្មោះចឹក ចាន់ នៅភូមិអាចម៏កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល បន្តរហូតដល់យប់ម៉ោង២យប់ឈានចូលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ទើបត្រឡប់មកផ្ទះវិញ ដោយមកជាមួយបងឈ្មោះ ចាន់ ធីយ៉ា ជិះម៉ូតូមួយម្នាក់ ជិះមុន ។
លុះដល់ចំណុចកើតហេតុផ្លូវកោងប្រហែលជនរងគ្រោះ មិនបានដឹងក៏ធ្លាក់ចូលស្ទឹងតែម្តង ដោយបងដែលជិះទៅមុន ក៏បាត់ជនរងគ្រោះក៏បក់មកវិញក៏ឃើញ ម៉ូតូជនរងគ្រោះនៅក្នុងស្ទឹងតែមិនបានចូលទឹកឡើយ តែបាត់មនុស្សទើបផ្អើល សង្ស័យថា ជនរងគ្រោះបានធ្លាក់ចូលស្ទឹងបាត់ហើយ ពេលនោះកម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់សំណាញ់និងលោកចៅសង្កាត់មេភូមិក៏បានចុះទៅអន្តរាគមន៍ជួយដែរ តែដោយសារទឹកជនឡើងខ្លាំង និងហូរទៀតផងទើបមិនអាចរកឃើញឡើយ។
លុះដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០២ និង៣៩នាទីរសៀល ក៏ប្រជាពលរដ្ឋប្រទះឃើញសាកសពអណ្តែតទឹកនៅទំនប់៩៦ នៅភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ក៏រកទូកស្រង់ជនរងគ្រោះមកលើគោក។ បន្ទាប់មកក៏រាយការណ៍ជូនអាជ្ញាធរចុះមកពិនិត្យ។
តាមការពិនិត្យពីសមត្ថកិច្ចជំនាញបញ្ជាក់ថា សាកសពពាក់អាវយឺតកមូលពណ៌ខ្មៅ ស្លៀកខោខូយប៊យជើងវែង មានលីអូរខាងក្នុង មានខ្សែក្រវ៉ាត់ ដៃមាននាឡិកា ក្នុងខោអាវមានជាប់ដី ធ្មេញខាំអណ្តាត កធម្មតា នៅលើដងខ្លួន ពុំមានស្លាកស្នាមអ្វីគួរអោយកត់សម្គាល់ទេ របកស្បែក គូទមានលាមក នៅក្នុងខោ អវ:យវៈដៃនិងជើងទាំងពីរពុំមានស្លាកស្នាមអ្វីគួរអោយកត់សម្គាល់ឡើយ។
ដូច្នេះ តាមការសន្និដ្ឋាន យោងតាមលោកគ្រូពេទ្យនឹងជំនាញ ជនរងគ្រោះស្លាប់ដោយសារ លង់ទឹក(បណ្តាលមកពីដួលម៉ូតូធ្លាក់ចូលទឹកស្ទឹងព្រែកត្នោត) បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ