រាជធានីភ្នំពេញ ៖ បុគ្គលមួយចំនួន តែងប្រទះឃើញដុះផ្កាលើក្រចកដៃនីមួយៗ អ្នកខ្លះ ឃើញដុះលើម្រាមដៃផ្សេងៗពីគ្នា តែមិនមែនដុះវាគ្រប់ពេលវេលានោះឡើយ ។ ដូច្នេះហើយគេតែងចំណាំនៅពេលឃើញដុះផ្កាក្រចកលើម្រាមដៃនីមួយៗ អមទៅដោយ អត្ថន័យផ្សេងៗផងដែរ។
ជាក់ស្តែងថ្មីៗនេះដែរ វេជ្ជបណ្ឌិត និត ប៊ុនតុងយី ក៏បានបកស្រាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក លោកគ្រូថា ៖ តើដែលមានផ្កាក្រចកអត់ទេ ? អ្នកខ្លះមានផ្កាក្រចកនៅហ្នឹងដៃនាង ហើយគាត់ថា មានគេស្រលាញ់ហើយ ។ ពីពេទ្យទៅយើងឃើញជារូបភាពផ្សេង ហើយជាក់ស្តែងទៅ ផ្កា ក្រចកហ្នឹង គ្រប់ៗគ្នាមានវាជារឿងមួយ ដែលសាមញ្ញធម្មតាមិនចាំបាច់ខ្វល់ខ្វាយទេ ។ ប៉ុន្តែពេលខ្លះផ្កាក្រចកហ្នឹងវាកើតញឹកពេក ហើយទម្រង់នៃផ្កាក្រចកហ្នឹងអាចមានទម្រង់វែង អាហ្នឹងហើយ គឺជាពេលមួយដែលយើង ចាប់ផ្តើមគិតដែរ ។ ហេតុអីបានត្រូវគិត ?
ជាមួយគ្នានោះដែរ វេជ្ជបណ្ឌិត និត ប៊ុនតុងយី ក៏បានបញ្ជាក់ថា ព្រោះមូលហេតុនៃការកើត ផ្កាក្រចកហ្នឹង វាមាន៣ធំៗ ទី១ គឺដោយសារតែប៉ះទង្គិចជាមួយនឹងក្រចកហ្នឹង អាចដោយ សារតែគាត់ខាំក្រចកជាញឹកញាប់ ។ ទី២ គឺដោយសារតែការពុល ពពួកសំណ ពពួក អាសេនិកអីហ្នឹង ពពួកថ្នាំអីផ្សេងៗក៏អាចធ្វើឲ្យមានផ្កាក្រចកហ្នឹងដែរ ។ ហើយទី៣ គឺពាក់ព័ន្ធនឹងជំងឺ វាអាចជាជំងឺខ្វះគ្រាប់ឈាម អាចដោយសារជំងឺថ្លើម ឬក៏ជំងឺបេះដូង ដែលជាប្រព័ន្ធសរីរាង្គ ក៏វាអាចលេចចេញជាផ្កាក្រចកដែរ។ អ៊ីចឹងហើយសម្រាប់អ្នកដែលគិតថា មានគេស្រលាញ់ដោយសារតែផ្កាក្រចកហ្នឹង អាចគិតឡើងវិញ ។
ទន្ទឹមនោះដែរ បើតាមជំនឿពីចាស់បុរាណច្រើននិយាយថា ការមានផ្កានៅលើក្រចក វាបង្ហាញ ឱ្យដឹងថា អ្នកកំពុងតែមានលាភមានសំណាង មានលុយចាយច្រើន ឬការខូចខាតទ្រព្យសម្បត្តិ ទុក្ខព្រួយជាដើម ទៅតាមផ្កាក្រចកដែលដុះនៅលើម្រាមដៃនីមួយៗ ។ បើទោះបីជាមានជំនឿពីចាស់បុរាណបែបនេះក្ដី ប៉ុន្តែការលេចរូបរាងនៃផ្កាក្រចកមិនមែន សុទ្ធតែពាក់ព័ន្ធទៅនឹងជំនឿទាំងអស់នោះឡើយ ។
ជាក់ស្ដែងការផ្លាស់ប្តូរពណ៌ រូបរាង ឬទំហំនៃផ្កាក្រចកវាអាចបង្ហាញឱ្យដឹងពី បញ្ហា សុខភាព មួយចំនួនដូចជា រាងកាយកំពុងខ្វះសារធាតុដែក កាល់ស្យូម វីតាមីនA ព្រមទាំងបញ្ហាសុខភាព មួយចំនួនទៀតផងដែរ ៕
ចែករំលែកព័តមាននេះ