ខេត្តបន្ទាយមានជ័យ ៖ មានករណីរថភ្លើងបុកជាមួយរថយន្តធ្លាក់ផ្លូវ បណ្តាលឱ្យស្ត្រី២នាក់សន្លប់ក្នុងរថយន្តព្រោះភ័យខ្លាំងពេក ហើយត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដែលហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិស្ទឹងប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
នាយប៉ុស្តិ៍នគរបាលសង្កាត់រដ្ឋបាលផ្សារកណ្តាលប្រាប់ថា ស្ត្រីទាំង២នាក់ដែលសន្លប់ ១-ឈ្មោះ ព្រំ ចន្តា អាយុ៥៨ឆ្នាំ ២ -ឈ្មោះ ធូ សុជាតិ អាយុ៦៥ឆ្នាំ រស់នៅភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ។
នាយប៉ុស្តិ៍បញ្ជាក់ថា នៅពេលគ្រោះថ្នាក់កើតឡើង មានរថយន្តម៉ាកលុចស៊ីសGS-300 ពណ៌ខ្មៅបានបើកបរចេញពីផ្លូវជាតិលេខ៥ បំបែកទៅខាងឆ្វេងដៃ ខាងត្បូង ។ ចំណែករថភ្លើងមានទិសដៅពីលិចមកកើត ក៏បានបុកចំហៀងខាងស្តាំ បណ្តាលធ្លាក់ខាងជើងផ្លូវដែក ។
នាយប៉ុស្តិ៍បញ្ជាក់ថា ចំពោះមូលហេតុគ្រោះថ្នាក់រថភ្លើងនិងរថយន្ត គឺបណ្តាលមកពីអ្នកបើកបររថយន្តឆ្លងផ្លូវមិនបានមើលឆ្វេងស្តាំ ទើបរថភ្លើងបុកតែម្តង ។ សំណាងល្អហើយ ដែលគ្មានមនុស្សរបួស តែភ័យរហូតដល់សន្លប់ទាំង២នាក់ ។ រីឯរថយន្តមានការខូចខាតមួយចំហៀងខាងស្តាំ ។
ពេលនេះកំពុងសង្គ្រោះជនរងគ្រោះ២នាក់ក្នុងរថយន្តដែលភ័យរហូតដល់សន្លប់ទៅកាន់មន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត និងរករថយន្តសន្ទូចយករថយន្តឡើងលើផ្លូវយកទៅជួសជុលឡើងវិញ ។
ចែករំលែកព័តមាននេះ