ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី២៤ មីនា ២០២៤ កម្លាំងផែនចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងបាវិតសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត និងកម្លាំងប្រជាការពារបានចុះរឹតបន្តឹងដល់អ្នកបើកបរយានយន្តបើកបរបញ្ច្រាសទិស នៅលើកំណាត់ផ្លូវជាតិលេខ១ បានចំនួន៣០នាក់ និងម៉ូតូចំនួន២៩គ្រឿង ។

បើតាមសមត្ថកិច្ចនគរបាលចរាចរណ៍នៃអធិការដ្ឋាននគបាលក្រុងបាវិត បានប្រាប់អ្នកសរសេរព័ត៌មានយើងថា កន្លងមកអ្នកបើកបរយាយន្តមួយចំនួនដែលធ្វើចរាចរណ៍នៅលើដងផ្លូវជាតិលេខ១ ក្នុងក្រុងបាវិត គឺមិនគោរពច្បាប់ចរាចរណ៍ទេ គឺបើកបរយានយន្តបញ្ច្រាសទិសបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ស្ទើររាល់ថ្ងៃ ។ ហើយអ្នកបើកបរបញ្ច្រាសទិស ភាគច្រើនលើកឡើងថា ប្រញាប់ ខ្ជិលបើកវាងទ្រូងផ្លូវ ដោយក្រុងបាវិតបានអភិវឌ្ឍន៍ធ្វើសួនដាក់បង្គោលភ្លើងលម្អផ្លូវនៅពេលយប់ និងចែកផ្លូវទៅមក ជៀសវាងការស្ទះចរាចរណ៍ ក៏ប៉ុន្តែអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ នៅតែបើកបរបញ្ច្រាសទិសបែបនេះ ។

ទើបសមត្ថកិច្ចរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ចុះឃាត់ចាប់អ្នកបើកបរល្មើសយកមកអប់រំ បើមិនរាង្គចាល គឺធ្វើការផាកពិន័យតាមច្បាប់ ។ ការចុះចាប់អ្នកបើកបរយានយន្តបើកបញ្ច្រាសនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ មិនា ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ករណីនេះឃាត់ម្ចាស់ទោចក្រយានយន្តចំនួន៣០នាក់ និងម៉ូតូ ២៩គ្រឿង យកទៅអធិការដ្ឋាននគបាលក្រុងបាវិត ដើម្បីធ្វើកិច្ចសន្យា និងអប់រំដល់ពួកគាត់ ថ្ងៃក្រោយមិនត្រូវបើកបរបញ្ច្រាសទិសទៀតទេ ហើយឲ្យពួកគាត់ស្រែកថា ខ្ញុំឈប់បើកម៉ូតូបញ្ច្រសទៀតហើយ បើលើកក្រោយបើកបញ្ច្រាសទៀត សូមឲ្យសមត្ថកិច្ចអនុវត្តតាមច្បាប់ចុះ អ្នកបើកបរល្មើសច្បាប់ចរាចរណ៍ទាំង៣០នាក់ ក៏ទទួលនូវកំហុស ហើយសមត្ថកិច្វក៏ឲ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ។ សូមបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសុវត្ថិភាព ថ្ងៃនេះថ្ងៃស្អែកគ្មានគ្រោះថ្នាក់ចរាចរណ៍៕



ចែករំលែកព័តមាននេះ