ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរណាស់​! ​កូ.នជិត២ខួប ត្រូវម្ដាយបង្កើត និង​ឪពុកចុងសមគំនិតគ្នា ផ្តា.ច់សង្ខារ

1 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំងនគរបាលស្រុកជីក្រែង បានចុះ​ឃាត់ខ្លួន​២នាក់ប្ដីប្រពន្ធ បន្ទាប់ពីមាន

ខេត្តសៀមរាប ៖ កម្លាំងនគរបាលស្រុកជីក្រែង បានចុះ​ឃាត់ខ្លួន​២នាក់ប្ដីប្រពន្ធ បន្ទាប់ពីមានពលរដ្ឋរាយការណ៍ពាក់ព័ន្ធ​ករណី​សមគំនិតសម្លា.ប់កូន(ចុង)​អាយុ២២ខែ នៅស្រុកស្វាយលើ យ៉ាងឃោរឃៅ។

ហេតុការណ៍ឃាត់ខ្លួន​២​នាក់​ប្ដីប្រពន្ធខាងលើ​នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២២ ខែមីនាឆ្នាំ ២០ ២៤នេះ ស្ថិតនៅផ្ទះ ជនសង្ស័យ ក្នុងភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ។

តាមប្រភពពី​កម្លាំងនគរបាលជំនាញនៃស្រុកស្វាយលើ បាន​​ឱ្យដឹងកាលពី​រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នេះថា បន្ទាប់ពីមាន​ប្រជា​ពលរដ្ឋរាយការណ៍មកកម្លាំងសមត្ថកិច្ចពីករណីខាងលើ​ ទើបកម្លាំងនគរបាលស្រុកបានចុះទៅដល់កន្លែងកើតហេតុ រូចធ្វើការឃាត់ខ្លួន​ប្ដី​ប្រពន្ធ​២នាក់ ពាក់ព័ន្ធករណីសម្លា.ប់កូន(ចុង)អាយុ​២២​ខែ ខណៈ​បម្រុង យកទៅកប់នៅក្រោយផ្ទះជិតបង្គន់អនាម័យ ដើម្បី​បំបិទភស្តុតាង តែត្រូវបានប្រជា​ពលរដ្ឋដឹង ក៏រាយការណ៍ទៅសមត្ថកិច្ចនគរបាលស្រុកស្វាយ​លើ ចុះឃាត់ខ្លួនតែម្ដង។

តាម​ប្រភពខាងលើ​បាន​​បន្ត​ថា ជនសង្ស័យជាប្តី​ឈ្មោះ យិន សុខលីន អាយុ​៣០ឆ្នាំ មុខរបរកម្មករ ត្រូវជា (ជា​ប្ដី​ទី៤) មានទីកន្លែងកំណើតនៅ​ភូមិព្រៃ​ទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ស្នាក់នៅបណ្ដោះ​អាសន្ន ក្នុង​ភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ​។ ចំណែកជនសង្ស័យជា​ប្រពន្ធ​ឈ្មោះ ហាក់ ហៃ អាយុ​២៨ឆ្នាំ មុខរបរកសិករ ​មាន​ទីកន្លែង​កំណើតនៅ​ភូមិត្រាចពក ឃុំពពេល ស្រុកសូទ្រនិគម ខេត្តខេត្តសៀម រាប ទីលំនៅបច្ចុប្បន្នភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ​ខាងលើ​នេះ ពាក់ព័ន្ធ​នឹង​បទល្មើសជាក់ស្តែង ករណីឃាតកម្មដែលបានប្រព្រឹត្តកាលពីវេលាម៉ោង៨យប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ។

ដំណើររឿងគឺ​ស្ត្រីជាជនសង្ស័យ​ឈ្មោះ ហាក់ ហៃ មានកូនប្រុស​ឈ្មោះ​ផ្លាវ សុចិត្រា អាយុ២២ ខែ រស់នៅក្នុងបន្ទុក​ជាមួយ​នឹង​ឈ្មោះ យិន សុខលីន ជាប្ដីទី៤ និងត្រូជាឪពុកចុង​របស់ក្មេងរងគ្រោះ​ ។ គ្រួសារនេះ​រស់នៅភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ដោយជនសង្ស័យទាំង​២នាក់ប្ដីប្រពន្ធបានប្រកបមុខរបរ​ស៊ីឈ្នួលដាំដំឡូង និងបេះគ្រាប់ស្វាយចន្ទី​ឱ្យ​គេ។ នៅវេលាម៉ោង ១១និ​ង​៣០នាទីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ អ្នករស់ជិតខាងបានឮសំឡេងស្រែកយំខ្លាំងៗរបស់កុមារាឈ្មោះ ផ្លាវ សុចិត្រា ចេញពីក្នុងផ្ទះ ។ លុះដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៤ បាត់កុមារាខាងលើ មិនឃើញរត់លេងដូចរាល់ដង ។ ដោយមានការ​សង្ស័យ អ្នករស់នៅជិតខាងបានប្តឹងរាយ​ការណ៍​ដល់សមត្ថកិច្ចនគរបាលស្រុកស្វាយលើ ចុះនាំខ្លួនជនសង្ស័យទាំង​២នាក់​ប្ដី​ប្រពន្ធខាងលើមកសាកសួរ។

តាមការស្តាប់ចម្លើយរបស់របស់ស្ត្រីជាជនសង្ស័យ​ឈ្មោះ ហាក់ ហៃ ត្រូវជាម្ដាយ​បង្កើត​របស់​ក្មេងប្រុសរងគ្រោះ បានសារភាពថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ខ្លួនរួមរស់ជាឈ្មោះ យិន សុខលីន ដែលត្រូវជា​ប្ដីទី៤​ ដំបូងឡើយប្ដី​មិនដែលបង្ហាញពីអារម្មណ៍ស្អប់ខ្ពើមកូនឈ្មោះ​ផ្លាវ សុចិត្រា ទើបតែមួយរយៈចុងក្រោយនេះ ដោយសារឃើញរូបខ្លួនឆាតជាមួយឈ្មោះ​ប៉ាត ផ្លាវ ​ដែលជា​ប្ដីទី៣ ទើបគេមានការខឹងសម្បារ ហើយប្រើហិ.ង្សាកុមារា​រងគ្រោះជាបន្តបន្ទាប់។

ជាក់ស្តែងនៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៤ នៅវេលាម៉ោង៨យប់ ជនសង្ស័យ​ឈ្មោះ យិន សុខលីន បានប្រើដៃម្ខាង (ដៃឆ្វេង) ចាប់ដៃខាងឆ្វេងកូនលើកយួរផុតពីកម្រាល ដោយមិនបានត្រកងពីផ្នែកខាងក្រោមទេ ទៅដាក់លើភួយ ស្ថិតនៅជ្រុងខាងត្បូង។ ពេលនោះកូនក៏ភ្ញាក់ស្រែកយំ ជនសង្ស័យជា​ប្ដីបាននិយាយថា «អត្រាស្ងាត់ កុំមាត់ ឆាប់គេង» ប៉ុន្តែកូននៅតែបន្តយំ ទើបជនសង្ស័យជា​ប្ដីស្ទុះទៅវាយដើម​ទ្រូងកូនចំនួន១ដៃ ដោយប្រើដៃខាងស្តាំ ។ បន្ទាប់​មកកូនស្រែកយំរឹតតែខ្លាំង ហើយគេបានយកដៃស្តាំច្របាច់​ក ចំណែកដៃឆ្វេង​ខ្ទប់មាត់ និងច្រមុះបានប្រហែល​២០វិនាទី ទើបដកដៃទាំងពីរចេញ។

បន្ទាប់មកជនសង្ស័យជាប្តី​យកដៃឆ្វេងចាប់លើកជើងកូន​ខាងឆ្វេង ដាក់ក្បាលចុះក្រោមទល់និងខ្នើយ ហើយគេវាយដោយក្តាប់ដៃខាងស្តាំ​ចំត្រង់ស្លាបប្រជៀវខាងឆ្វេង​ចំនួន១ដៃ ហើយទាញកន្ត្រាក់បោះទៅលើកម្រាលបន្ទាប់មកវាយចំផ្នែកក្បាល និងគុម្ព​ត្រចៀក ផ្នែកខាងឆ្វេងចំនួន១ដៃទៀត។ ភ្លាមនោះកូនក៏ប្រកា.ច់ក្បាលឡើង លើដកចង្ការមាន់ ហើយគេបានយកភួយទៅដណ្ដប់ឱ្យកូន។ ស្ត្រីជាប្រពន្ធនិយាយទៀតថា រូបខ្លួនពិតជាបានឃើញសកម្ម​ភាពដូចបានរៀបរាប់ខាងលើពិតមែន ប៉ុន្តែមិនហ៊ានចូលទៅហាមឃាត់ប្ដីដោយខ្លាចគេវាយធ្វើបាប ឬកាប់សម្លាប់ ពីព្រោះគេមាន​ដាវ​សាំម៉ូរៃ​ចំនួន១ដើម រក្សាទុកនៅលើធ្នើរដាក់ចានឆ្នាំងក្បែរដៃគេតែម្ដង ។

ស្ត្រីជាជនសង្ស័យបានបន្ត​ថា បន្ទាប់ពីធ្វើសកម្មភាពខាងលើរួចហើយ ប្ដីបាននាំខ្លួនចូលដេកដោយនិយាយថា កូនវាមិនអីទេ។ លុះម៉ោង៤ទៀប​ភ្លឺ​ឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ទើបដឹងថា កូនបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ពេលបើកភ្លើងទូរសព្ទបញ្ចាំងមើលឃើញលាមកកូននៅលើកម្រាល ហើយពេលយកដៃច្រត់ដើមទ្រូងកូន ក៏មានហៀរទឹកនោមចេញមក បន្ទាប់មកខ្លួនបានយក កូនទៅងូតទឹកសំអាតខ្លួន ហើយពាក់ខោរអាវឱ្យកូន។ ទន្ទឹមនឹង​នោះ ​ជនសង្ស័យជា​ប្តី​បានលើកដៃសំពះ និងនិយាយអង្វរថា «កុំប្តឹងប៉ូលិសអី គេមិនចង់ជាប់ គុកទេ គេមិនរត់ទៅណាចោលរូបខ្លួនទេ គឺបន្តរស់នៅជាមួយគ្នារហូត»។

​ស្ត្រីជាជនសង្ស័យបានបន្ត​ទៀតថា ដើមឡើយគិតថាទុកសពកូនដល់​ពេលល្ងាច ក្នុងគោល បំណង​ហៅម្ដាយមកកុហកថា កូនបានស្លាប់ដោយសារ​ជំងឺ ប៉ុន្តែនៅម៉ោង៨​យប់​ថ្ងៃទី២២ ខែ មីនា ឆ្នាំ​២០២៤ សពកូនចាប់ផ្តើមមាន​ក្លិនតិចៗ ទើបខ្លួន និងប្ដីសម្រេចយកសពទៅកប់ក្នុងដីជាប់និងលូបង្គន់ក្រោយផ្ទះ។ លុះដល់ម៉ោង៤និង​៣០នាទីរសៀល​ថ្ងៃខែ​ឆ្នាំដដែល ទើបសមត្ថកិច្ចនគរបាល ចុះនាំរូបខ្លួននិងប្ដី​មកធ្វើការសាកសួរ​នៅអធិការដ្ឋាននគរបាលស្រុក​ស្វាយលើ ខេត្តសៀមរាប តែម្ដង។

​ស្ត្រីជាជនសង្ស័យ​បានសារភាព​បន្ថែមថា អំពើខាងលើប្រព្រឹត្តតែ​ម្នាក់ឯង ដោយសារអាណិត និងស្រឡាញ់ប្ដី ម្យ៉ាងទៀត ជនសង្ស័យជាប្តី​មានកូនដើមត្រូវចិញ្ចឹម ចំណែកខ្លូនពុំមានកូននៅជាមួយទៀតទេ។ ស្ត្រីជា​ជនសង្ស័យបានសារភាពបន្ថែមថា កន្លងមករូបនាងធ្លាប់ប្រើហិ.ង្សាជាច្រើនលើកទៅលើកុមាររង​គ្រោះ​តាំងពីគេមានអាយុ៨ខែ​រហូតមកថ្ងៃស្លាប់ ដោយការប្រើហិ.ង្សានោះគឺ​នាងវាយកូនដោយប្រើដៃដោយប្រើរំពាត់ និងវាយដោយដើមដំឡូងមីជាដើម បណ្ដាលឱ្យកូនមានស្នាមដាច់រលាត់ និងស្នាមជាំលើដងខ្លួន ។

បច្ចុប្បន្ន ជនសង្ស័យ​២​នាក់​ប្ដីប្រពន្ធ ត្រូវបាន​កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បញ្ជូនខ្លួន ទៅកាន់តុលាការខេត្តសៀម​រាប ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ