ទីក្រុងបាងកក៖ ថ្មីៗនេះ អតីតចៅអធិការវត្តមួយអង្គនៅប្រទេសថៃដែលមានកិត្តិនាមល្បីល្បាញ បែរជាប្រព្រឹត្តអំពើលួចលុយបច្ច័យរបស់ពុទ្ធបរិស័ទដើម្បីធ្វើមានធ្វើបានមួយអង្គឯង។ គាត់ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ៤៦៨ឆ្នាំ។ ការដាក់ទោសអតីតសង្ឃព្រះនាមព្រះអាចារ្យខុម (Phra Ajarn khom) ដែលជាអតីតចៅអធិការវត្តបឋមគិរី (Pa Dhammakiri) នៃខេត្តនគររាជសីមា (Nakhon Ratchasima) ធ្វើឡើងកាលពីថ្ងៃទី២០ ខែមីនា តបតាមពាក្យបណ្ដឹងរបស់ព្រះរាជអាជ្ញា។
ព្រះអាចារ្យខុមកាលនៅជាចៅអធិការវត្តបឋមគិរីបក្សពួក៨នាក់ទៀតក៏ត្រូវជាប់ចោទពីបទលួចលុយបច្ច័យជិត៣០០លានបាត ឬស្មើនឹងជាង៨លានដុល្លារដែលពុទ្ធបរិស័ទខំផ្ដាច់ពីមាត់ពង្រាត់ពីកយកទៅធ្វើបុណ្យ។ នៅក្នុងចំណោមជនជាប់ចោទ៨នាក់ទៀតនោះគឺទី១-បុគ្គលឈ្មោះពុទ្ធិមៈធម្មោ (Wutthima Thaomor) ដែលធ្លាប់ជាចៅអធិការវត្តដដែលមុនបុគ្គលឈ្មោះខុមមួយជំនាន់, ទី២-ប្អូនស្រីរបស់បុគ្គលឈ្មោះខុម, ទី៣-អ្នកបើកឡានឱ្យបុគ្គលឈ្មោះខុម និងទី៤-អតីតសង្ឃ៥អង្គដែលត្រូវគណៈវិន័យសង្ឃចាប់ផ្សឹក (defrock)។
ព្រះអាចារ្យខុមក្រោយពេលចាប់ផ្សឹក និងនាំខ្លួនទៅមន្ទីរឃុំឃាំងតុលាការរកឃើញថាបុគ្គលឈ្មោះខុមបានឃុបឃិតគ្នាជាមួយព្រះសង្ឃដែលត្រូវចាប់ផ្សឹកទាំង៥អង្គនោះដើម្បីកេងកិបលុយបច្ច័យ។ បន្ទាប់មក ខុមវេរលុយដែលលួចបានដាក់ចូលទៅក្នុងកុងធនាគារផ្ទាល់ខ្លួនរបស់គាត់។ មានតែប្អូនស្រីរបស់គាត់តែប៉ុណ្ណោះទើបអាចដកលុយនោះបាន។ តុលាការរកឃើញថាប្អូនស្រីរូបនេះដកលុយពីកុងធនាគារចំនួន៧៦ដង។ ខុមប្រាប់ឱ្យប្អូនស្រីគាត់ដកលុយជាសាច់ប្រាក់សុទ្ធ រួចយកទៅលាក់ទុកនៅក្នុងផ្ទះរបស់គាត់។
ព្រះអាចារ្យខុមកាលនៅជាចៅអធិការវត្តបឋមគិរី, ព្រះអង្គកំពុងសម្ដែងធម្មទេសនាឱ្យពុទ្ធបរិស័ទខិតខំលះបង់កិលេស កាមរាគៈ លោភៈ ទោសៈ មោហៈ។ ប៉ុន្តែខ្លួនឯងកំពុងបន្លំលួចលុយវត្តរាប់លានដុល្លារ។ នេះជាចរិតមាយាធិបតេយ្យ ឬចរិតលាក់ពុត (hypocrisy) របស់បុគ្គលខ្លះដែលចូលចិត្តនិយាយបែបនេះ ប៉ុន្តែធ្វើបែបនោះ។សមត្ថកិច្ចរឹបអូសបានក្រដាសប្រាក់សរុប៥១,៤លានបាត ឬស្មើនឹង១លាន ៤សែនដុល្លារអាមេរិក។ ខុមបានបង្គាប់ឱ្យបុគ្គលដទៃទៀត (ដែលកាលនោះនៅជាលោកលោកសង្ឃដូចគ្នា) ដើម្បីលាក់ទុកទ្រព្យសម្បត្តិរបស់វត្តនៅកន្លែងផ្សេង។ ជាសរុប, អាជ្ញាធររកឃើញរបស់របរចំនួន១៤៥៥គ្រឿង និងសាច់ប្រាក់ជាច្រើន។ របស់របរដែលលួចបានទាំងនេះសរុបជាទឹកប្រាក់២៩៩,៥លានបាត ឬស្មើនឹង៨លាន ៣សែនដុល្លារ។
លុយបច្ច័យដែលពុទ្ធបរិស័ទខំផ្ដាច់ពីមាត់ពីកយកទៅធ្វើបុណ្យត្រូវព្រះអាចារ្យខុមវ័ធខ្ទេច។ គាត់បង្គាប់ឱ្យបក្សពួករបស់គាត់យកលុយទៅលាក់ទុកនៅខាងក្រៅបរិវេណវត្តដើម្បីងាយស្រួលបណ្ដោះចេញទៅដាក់នៅក្នុងកុងធនាគារ។ បន្ទាប់មក បង្វែរពីកុងធនាគារដកជាលុយសុទ្ធវិញ។ គិតទៅ លោកសង្ឃអង្គនេះចេះវិធីលាងលុយកខ្វក់ទៀត។ ពិតជាល្បិចខ្ពស់មែន។នេះជាសំណុំរឿងក្ដៅកក្រើកប្រទេសថៃ។ តុលាការរកឃើញថាខុមមានទោសដូចការចោទប្រកាន់ចំនួន៧៨ករណី។ មួយករណីៗខុមត្រូវជាប់ពន្ធគារ៦ឆ្នាំ។ ដូច្នេះ តុលាការសម្រេចផ្ដន្ទាទោសឱ្យគាត់ជាប់ពន្ធនាគារសរុប៤៦៨ឆ្នាំ។ ដោយឡែក អ្នកសមគំនិតដទៃទៀតក៏ជាប់ពន្ធនាគារមិនតិចរយឆ្នាំដែរ។ បុគ្គលឈ្មោះពុទ្ធិមៈត្រូវតុលាការរកឃើញថាមានទោស៧៨ករណីត្រូវជាប់ពន្ធនាគារ៣១២ឆ្នាំ។ ប្អូនស្រីរបស់ខុមមានទោស៧៧ករណីត្រូវជាប់ពន្ធនាគារ៣០៨ឆ្នាំ។
លុយ និងរបស់របរដទៃទៀតដែលពុទ្ធបរិស័ទចូលជាបច្ច័យ ឬជាទេយ្យទាន ត្រូវព្រះអាចារ្យខុម និងបក្សពួកលួចចេញពីវត្ត។ សមត្ថកិច្ចបានប្រមូលរបស់ទាំងនេះដើម្បីទុកជាភស្តុតាងដាក់បន្ទុក។ចំណុចសំខាន់មួយដែលគួរកត់សម្គាល់នៅក្នុងប្រព័ន្ធច្បាប់របស់ប្រទេសថៃ។ រយៈពេលអតិបរមាដែលទណ្ឌិតម្នាក់ៗអាចអនុវត្តទោសនៅក្នុងពន្ធនាគារអស់ល្បត់ត្រឹម៥០ឆ្នាំ។ អ្នកពាក់ព័ន្ធដទៃទៀតជួយសហការយ៉ាងល្អនៅក្នុងការផ្ដល់សក្ខីកម្ម និងវែកមុខអ្នកមេគំនិតនៅក្នុងរឿងនេះ។ ដូច្នេះ តុលាការយោគយល់ចំពោះពួកគេ និងផ្ដន្ទាទោសដាក់គុកល្មមៗត្រឹមពីរបីឆ្នាំតែប៉ុណ្ណោះ៕
ប្រភព៖ Bangkok Post
https://www.bangkokpost.com/thailand/general/2761971/former-abbot-gets-468-year-term-for-embezzlement
លុយ និងរបស់របរដទៃទៀតដែលពុទ្ធបរិស័ទចូលជាបច្ច័យ ឬជាទេយ្យទាន ត្រូវព្រះអាចារ្យខុម និងបក្សពួកលួចចេញពីវត្ត។ សមត្ថកិច្ចបានប្រមូលរបស់ទាំងនេះដើម្បីទុកជាភស្តុតាងដាក់បន្ទុក។
អ្នកសមគំនិតជាមួយព្រះអាចារ្យខុមត្រូវសមត្ថកិច្ចនាំខ្លួនទៅផ្សឹក និងចាប់ឃុំខ្លួន
អ្នកសមគំនិតជាមួយព្រះអាចារ្យខុមត្រូវសមត្ថកិច្ចនាំខ្លួនទៅផ្សឹក និងចាប់ឃុំខ្លួន
លុយទាំងដុំៗដែលជាកម្លាំងញើសឈាមខំរហេមរហាមរបស់ពុទ្ធបរិស័ទយកទៅធ្វើបុណ្យដើម្បីកសាងកុសលសម្រាប់អនាគតជាតិត្រូវព្រះអាចារ្យខុម និងបក្សពួកវ័ធខ្ទេចដើម្បីធ្វើមានធ្វើបានតែក្រុមខ្លួន។
ចែករំលែកព័តមាននេះ