រាជធានីភ្នំពេញ ៖ ក្រុមអ្នកស្រាវជ្រាវបានរកឃើញប្រភេទឧរង្គសត្វ និងថលជលិកសត្វ និងសង្ស័យថា អាចជាប្រភេទថ្មី ឬជាកំណត់ត្រាថ្មីសម្រាប់កម្ពុជា និងសកលលោកនៅក្នុងខេត្តបាត់ដំបង ។
ក្រុមអ្នកស្រាវជ្រាវនៃក្រសួងបរិស្ថានបានរកឃើញ និងប្រមូលបាននូវប្រភេទឧរង្គសត្វ និងថលជលិកសត្វមួយចំនួនគួរជាទីចាប់អារម្មណ៍សម្រាប់វិទ្យាសាស្ត្រនៅតំបន់ភ្នំថ្មកំបោរ ក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង ។ ក្នុងនោះប្រភេទមួយចំនួនត្រូវបានអ្នកជំនាញសង្ស័យថា អាចជាប្រភេទថ្មី ឬជាកំណត់ត្រាថ្មីសម្រាប់សកលលោក និងកម្ពុជាផងដែរ ។

ការអះអាងនឹងត្រូវបញ្ជាក់បន្ថែមតាមរយៈការវិភាគធនធានពិន្ធុរបស់សំណាកប្រភេទជីវៈចម្រុះទាំងនោះ ក្រោយពេលការសិក្សា និងប្រមូលទិន្នន័យនៅតាមទីវាលត្រូវបានបញ្ចប់ ។
ទិន្នន័យជីវៈចម្រុះថ្មី ដែលបានពីការសិក្សាពេលនេះ ជាព័ត៌មានគ្រឹះយ៉ាងសំខាន់សម្រាប់គាំទ្រ ដល់ការអភិរក្សជីវៈចម្រុះ និងការរៀបចំផែនការគ្រប់គ្រង និងអភិរក្សតំបន់ភ្នំថ្មកំបោរទាំងនោះនៅថ្ងៃអនាគត ។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ កន្លងមកនេះ នាយកដ្ឋានជីវៈចម្រុះនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន សហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា FFI តាមរយៈគម្រោងអភិរក្សជីវៈចម្រុះ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺឆ្លងដែលបានការឧបត្ថម្ភថវិកាពីសហភាពអឺរ៉ុប និងមន្ត្រីនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង ព្រមទាំងអាជ្ញាធរដែនដី បាន និងកំពុងចុះសិក្សាស្រាវជ្រាវពីប្រភេទឧរង្គសត្វ និងថលជលិកសត្វ នៅតាមបណ្តាភ្នំថ្មកំបោរ ដែលមានដូចជា ភ្នំសំពៅ ភ្នំក្តោង ភ្នំបាណន់ ភ្នំរំសាយសក់ ភ្នំតាគ្រាម ភ្នំក្រពើ និងភ្នំខ្ពស់ជាដើម ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ៕




អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ