ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះអាទិត្យរះចំកំពូលកណ្ដាលប្រាសាទអង្គរ ទាក់​ទាញ​​ភ្ញៀវទេសចរមកទស្សនាយ៉ាងច្រើនកុះករ​

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅថ្ងៃទី២១ មីនា ឆ្នាំ​២០២៤ នេះ ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទ

ខេត្តសៀមរាប ៖ នៅថ្ងៃទី២១ មីនា ឆ្នាំ​២០២៤ នេះ ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ឬសមរាត្រី កើតមាន​២​ដង ក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនាម្ដង ក្នុងខែកញ្ញា នឹងកើតមានម្ដងទៀត ។ សម្រាប់នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នេះ ភ្ញៀវទេសចរជាតិ និង​អន្តរជាតិ យ៉ាងច្រើន កុះករ បានទៅទស្សនាព្រះ​អាទិត្យរះឡើងចំកំពូលកណ្ដាលប្រាសាទ​អង្គរវត្ត ។ អ្វីដែលភ្ញៀវទេសចររង់ចាំនោះមិនខកបំណងនោះទេ គឺដោយសារតែអាកាសធាតុល្អ ភ្ញៀវទេសចរបានទស្សនាថ្ងៃរះបានយ៉ាងពេញចិត្តចំពោះព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ។

ភ្ញៀវទេសចរបានលើកឡើងថា ជារៀង​រាល់ឆ្នាំ ពួកគាត់តែងតែក្រោកពីយប់មកអង្គុយរង់ចាំទស្សនា ថតរូបព្រះអាទិត្យនឹងរះឡើងចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត ដ៏អស្ចារ្យនេះ ពីព្រោះមិនមានប្រទេសណាមានព្រឹត្តិការណ៍បែបនេះដូចយើងនោះទេ ព្រោះអង្គរវត្តមានតែមួយនៅកម្ពុជា ។

តាមការបញ្ជាក់របស់លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវ ជ្រាវបណ្ដុះបណ្ដាល និងផ្សព្វ ផ្សាយនៃអាជ្ញាធរជាតិអប្សរា ពន្យល់ថា សមរាត្រីគឺជាពេលវេលារវាងពេលថ្ងៃ និងពេល យប់ ឱ្យមានរយៈពេលស្មើគ្នា ដោយខុសពីខែធម្មតាខ្លះ រយៈពេលយប់វែងជាងពេល ថ្ងៃ ឬក៏រយៈពេលថ្ងៃវែងជាងយប់ គឺជាព្រឹត្តិការណ៍ទូទៅរបស់ផែនដី ដែលតែងតែកើតមាននៅក្នុងពិភពលោក ។ ប៉ុន្តែសម្រាប់ប្រាសាទអង្គរវត្ត ដែលមានព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះ មិន​មែនជារឿងចៃដន្យនោះទេ វាគឺជាលក្ខណៈពិសេសរបស់អង្គរវត្ត ដែលបុព្វបុរសខ្មែរបានរៀបចំ គិតគូរប្លង់ស្ថាបត្យកម្មប្រាសាទ គណនាតាមគណិត​វិទ្យា សម្របតាមក្បួនតារាសាស្ត្រ ដោយតម្រូវតាមបាតុភូតធម្មជាតិនៃដំណើរ​គោ​ចរព្រះអាទិត្យ បង្កើតជាអច្ឆរិយការណ៍ នៃព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ចំវេលាដែលរយៈពេលពេលថ្ងៃនិងយប់ស្មើគ្នានេះឡើង ។

លោកបន្តថា អាចនិយាយបានថាព្រឹត្តិការណ៍មហស្ចារ្យនេះ ប្រហែលជាកើតមានតែនៅប្រាសាទអង្គរវត្ត នៃប្រទេសកម្ពុជា​តែមួយប៉ុណ្ណោះ នៅលើផែនដីនេះ ។ ចំណែកឯសំណង់បុរាណជា​ច្រើន នៅលើប្រទេសដទៃទៀតក្នុងពិភព​លោក គឺមិនអាចរៀបចំដូច្នេះបានទេ ។

លោកបន្តថា សំណង់បែបហ្នឹង ហើយធំស្គឹមស្គៃបែបហ្នឹងដែលស្ថាបនាឡើង ដើម្បីគ្រប់គ្រងដំណើរគោចរនៃព្រះអាទិត្យ ។ ការកសាងបែបនេះ មានមូលហេតុយ៉ាងសំខាន់ ដែលយើងអាចឆ្លើយនិងសំណួរ ដែលតែងសួរថា ហេតុអ្វីអង្គរវត្ត បែមុខទៅលិច គឺក្នុងគោលដៅគេធ្វើ ដើម្បីឱ្យថាមពលនៃចក្រភពរបស់ខ្មែរ គ្រប់គ្រងអំណាចទាំងមូលរបស់ចក្រក្រវាឡ ដែលមានព្រះអាទិត្យជាតំណាង ហើយភស្តុតាង គឺយើងឃើញច្បាស់ ដែលយើងស្គាល់ស្តេចសាងអង្គរវត្ត គឺព្រះបាទសុរិយវរ្ម័នទី២។ ស្អីទៅជា«សុរិយវរ្ម័ន» បានន័យថា ជាអ្នក មនុស្ស ឬជន ដែលទទួលការការពារពីព្រះអាទិត្យ។

សូមជម្រាបថា ព្រឹត្តិការណ៍មហអស្ចារ្យនៅអង្គរវត្តនេះ តែងតែបានទាក់ទាញ ចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនរាប់ពាន់នាក់ ដែលចង់ឃើញហេតុការណ៍ និងចង់ផ្តិត​យក​រូបភាពនេះទុកជាអនុស្សាវរីយ៍។ អ្នកស្រាវជ្រាវបានហៅព្រឹត្តិការណ៍នេះថា សមរាត្រី (Equinox) ដែលមានសរសេរលើសិលាចារឹកបុរាណថា «វិសុវ» គឺជាពេលដែលយប់និងថ្ងៃមានរយៈពេលស្មើគ្នា គឺជាវេលាមង្គលដ៏ធំមួយនៃប្រពៃណីខ្មែរបុរាណ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ