ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដល់១អាទិត្យផង ! គ្រោះមហន្តរាយអគ្គិភ័យកើតឡើងនៅស្រុកអង្គស្នួលចំនួន៣លើក

1 ខែ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ គ្រោះមហន្តរាយដែលបណ្ដាលមកពីគ្រោះអគ្គិភ័យបានកើតឡើងផ្ទួនៗគ្នា នៅក្នុង

ខេត្តកណ្ដាល ៖ គ្រោះមហន្តរាយដែលបណ្ដាលមកពីគ្រោះអគ្គិភ័យបានកើតឡើងផ្ទួនៗគ្នា នៅក្នុងភូមិសាស្ត្រស្រុកអង្គស្នួល នៃខេត្តកណ្ដាល ដែលតាមការកត់សម្គាល់មិនដល់រយៈពេល១សប្ដាហ៍ផង បានកើតឡើងចំនួន៣លើករួចទៅហើយ។ ដោយបានបំផ្លាញរោងចក្រស្បែកជើងដ៏ធំមួយទាំងស្រុង បណ្ដាលឱ្យខាតបង់ប្រាប់រាប់សិបម៉ឺនដុល្លារ និងហាងផឹកស៊ីខ្នាតតូច១កន្លែង ។ ដោយឡែកនៅចុងក្រោយនេះបានឆេះឃ្លាំងស្តុកអេតចាយមួយកន្លែងទៀត ដែលមានទីតាំងស្ថិតនៅតាមប្រឡាយ​តាហោ ឃុំព្រៃពួច ស្រុកអង្គស្នួល ទាំងស្រុង កាលពីវេលាម៉ោងប្រមាណជិត១រសសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅពុំទាន់ដឹងអំពីឃ្លាំងអេតចាយមួយនោះមានទំហំប៉ុន្មាន ហើយម្ចាស់ឈ្មោះអ្វី និងការខូចខាតគិតជាទឹកប្រាក់អស់ប៉ុន្មាន ហើយឆេះបណ្ដាលមកពីមូលហេតុអ្វីនៅឡើយទេ។ ប៉ុន្តែនៅសុខៗស្រាប់តែភ្លើងបានឆេះឡើងសន្ធោសន្ធៅ ខាតបង់អេតចាយរាប់តោន ហើយពុំដឹងថាបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី ឬ ត្រូវគេលួចដុតកម្ទេចចោលនោះទេ ។

តាម​ប្រភពដដែលបានប្រាប់ទៀតថា ខណៈនោះភ្លើងឆេះខ្លាំងណាស់ ប៉ុន្តែពុំបានបណ្ដាលឱ្យឆេះដល់ផ្ទះអ្នកភូមិនោះឡើយ ព្រោះទីតាំងឃ្លាំងអេតចាយមួយនេះ ស្ថិតនៅដាច់ដោយឡែកឆ្ងាយពីផ្ទះគេឯង ហើយអ្នកភូមិបាននាំគ្នាជួយដងទឹកជះពន្លត់ដែរ តែពន្លត់អត់ឈ្នះ ។ បន្ទាប់មកអាជ្ញាធរឃុំព្រៃពួចរួមជាមួយសមត្ថកិច្ចច្រើនទៀត បានចេញអន្តរាគមន៍និងហៅរថយន្ត១គ្រឿងទៅបាញ់ពន្លត់ រហូតរលត់ទៅវិញទាំងស្រុង ហើយពុំទាន់ដឹងថា តើមានមនុស្សរងគ្រោះដោយសារភ្លើងឆេះឬអត់នោះឡើយ។

ជាការកត់សម្គាល់ ក្នុងខែមីនា ឆ្នាំ២០២៤ នេះមិនដល់១សប្ដាហ៍ផង បានកើតមានគ្រោះអគ្គិភ័យជាបន្តបន្ទាប់៣លើកហើយនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល ក្នុងនោះលើកទី១ឆ្លងចរន្តអគ្គិសនី បណ្ដាលឱ្យឆេះរោងចក្រផលិតស្បែកជើងយីហោ«អ.ជី ហ៊្វូតវែរ (ខេមបូឌា) ឯក(R.G FOOTWEAR CAMBODIA CO, L.T.D) ។ ដែលមានទីតាំងស្ថិតនៅតាមផ្លូវជាតិលេខ៤ ក្នុងអណ្ដូង ជាប់ព្រំប្រទល់ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ។

បណ្ដាលឱ្យអគាររោងចក្រទាំងអស់ចំនួន៣ធំដែលមានទំហំ១០០ម៉ែត្រគុណនឹង២០០ម៉ែត្រចំនួន​២អគារ និងអគារដែលមានទំហំ១២០ម៉ែត្រគុណនឹង២០០ម៉ែត្រ១អគារ រួមទាំងវត្ថុធាតុដើមសម្រាប់ផលិតស្បែលជើងច្រើនមុខ និងម៉ាស៊ីនសង្វាក់ផលិតកម្ម ព្រមទាំងស្បែកជើងដែលផលិតរួចរាប់​រយគូរ ត្រូវបានភ្លើងឆេះបំផ្លាញទាំងស្រុង។ ការខាតបង់គិតជាទឹកប្រាក់រាប់សែនដុល្លារ ចំណែកឯកម្មករជា២ពាន់នាក់ប្រឈមនិងការអត់ការងារធ្វើផងដែរ ហើយគិតរហូតមកដល់ពេលនេះរយៈពេល៣ថ្ងៃហើយ ទីតាំងខាងលើកំពុងស្ថិតក្នុងស្ថានភាពស្រកេកស្រកាក នៅពុំទាន់សម្អាតរួចរាល់នៅឡើយផង ។

លើកទី២ ឆ្លងចរន្តអគ្គិសនីបង្កឱ្យឆាបឆេះហាងផឹកស៊ីខ្នាតតូចមួយកន្លែង ស្ថិតនៅក្នុងភូមិត្រពាំងឈូក ឃុំពើកស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២០ ខែមិនា ឆ្នាំ២០២៤។ បណ្ដាលឱ្យខូចខាតហាងសម្ភារៈប្រើប្រាស់ជាច្រើន ព្រមទាំងគ្រឿងតុបតែងហាងផងដែរ ដែលហាងនេះមានទទួលភ្ញៀវត្រឹមតែ៤ទៅ៥តុប៉ុណ្ណោះ និងសង់ពីដែកប្រក់ស័ង្កសី ព្រមទាំងមានការតុបតែងដោយស្បូវ និងភ្លើងពណ៌ចម្រុះ។ ម្ចាស់ហាងត្រូវបានគេស្គាល់ឈ្មោះ វ៉ា លីត្រា ភេទប្រុស អាយុ៣១ឆ្នាំ និងប្រពន្ធឈ្មោះ អោ ស្រីស្រស់ អាយុ៣១ឆ្នាំ។ ដោយឡែកលើកទី៣ គឺហេតុការណ៍​ឆេះឃ្លាំងអេតចាយខាងលើនេះ បណ្ដលឱ្យខូចខាតទាំងស្រុង ប៉ុន្តែពុំដឹងថាបណ្ដាលមកពី​ជន​ខិល​ខូច​លួចដុត ឬ ឆ្លងចរន្តអគ្គិសនី ឬ ក៏ព្រោះតែភ្លើងចង្រ្កានបាយម្ចាស់ឃ្លាំងនៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ