ខេត្តសៀមរាប ៖ ផ្ទះមួយកន្លែង ត្រូវម្ចាស់បិទទ្វារចោលទៅរកស៊ីនៅក្រុងបាវិត ខេត្តស្វាយរៀង និងពុំបានតភ្លើងចូលទេ តែត្រូវភ្លើងឆាបឆេះម៉ត់មួយរំពេច ដែលកំពុងសង្ស័យថា ត្រូវគេលួចដុត ។

ហេតុការណ៍ឆេះផ្ទះខាងលើ បានកើតឡើងកាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ មីនា ឆ្នាំ២០២៤ វេលាម៉ោង៣ទៀបភ្លឺ ស្ថិតនៅភូមិថ្នល់ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ។

បើតាមលោកបូ ម៉េងទ្រី អភិបាលនៃគណៈអភិបាលស្រុកបានប្រាប់នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នេះថា នៅយប់ថ្ងៃទី២១ មីនា ឆ្នាំ២០២៤ វេលាម៉ោង៣ និងនាទីទៀបភ្លឺ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នង ដែលមានម្ចាស់ផ្ទះ ឈ្មោះដឿន ដែន ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិថ្នល់ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប មានទំហំ៥ម៉ែត្រ×៩ម៉ែត្រ កំពស់៣.៧ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងក្ដារជុំវិញ សំយ៉ាប៦ម៉ែត្រ×៨ម៉ែត្រ ។ ក្នុងនោះ បានខូចខាតឆេះអស់ស្រូវចំនួន១ តោន , កូនក្រឡឹងឈើចំនួន១២គ្រាប់, ខ្សែរភ្លើងប្រវែង២៥០ម៉ែត១ដុំ, គ្រែឃ្លុបចំនួន០២, ទូដាក់ចានឆ្នាំងចំនួន០១ ។

លោកបានបញ្ជាក់ទៀតថា ក្រោយកើតហេតុ លោកបានរាយការណ៍ជូនអភិបាលនៃគណ:អភិបាលខេត្ត សៀមរាប និងជាប្រធានគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តជ្រាបជារបាយការណ៍រួចរាល់ហើយ ។ បច្ចុប្បន្ន ករណីនេះ កំពុងធ្វើការស្រាវជ្រាវបន្ត ។





ចែករំលែកព័តមាននេះ