អង្គការមូលនិធិអាស៊ាន បង្ហាញលទ្ធផលស្រាវជ្រាវស្តីពីអក្ខរកម្មឌីជីថល ដោយផ្តោតលើគម្លាតអក្ខរកម្មឌីជីថលនៅទូទាំងតំបន់
ទីក្រុងបាងកក, ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤ ៖ អង្គការមូលនិធិអាស៊ាន ក្រោមការគាំទ្រពី Google.org…
ទីក្រុងបាងកក, ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤ ៖ អង្គការមូលនិធិអាស៊ាន ក្រោមការគាំទ្រពី Google.org…
ទីក្រុងបាងកក, ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤ ៖ អង្គការមូលនិធិអាស៊ាន ក្រោមការគាំទ្រពី Google.org បានបង្ហាញលទ្ធផលស្រាវជ្រាវស្តីពីអក្ខរកម្មឌីជីថលនៅសន្និសីទថ្នាក់តំបន់អាស៊ាន កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤ នៅទីក្រុងបាងកក ដោយមានការផ្តោតលើអក្ខរកម្មឌីជីថលក្នុងតំបន់។ ក្រោមចំណងជើង « គម្លាតមួយ ឫ គម្លាតច្រើន ? អក្ខរកម្មឌីជីថលដ៏មានអត្ថន័យរបស់សហគមន៍អាស៊ានដែលមានការខ្វះខាត និងការឆ្លើយតបទៅនឹងព័ត៌មានមិនពិត» ការសិក្សានេះបង្ហាញពីការចូលរួមជាលក្ខណៈឌីជីថលរបស់សហគមន៍អាស៊ានដែលមានការខ្វះខាត។ ការសិក្សានេះផ្តោតទៅលើចំណេះដឹង ជំនាញ បទពិសោធន៍ និងការឆ្លើយតបរបស់ពួកគេចំពោះព័ត៌មានមិនពិតក្នុងគោលបំណងបង្កើតការយល់ដឹងជាមូលដ្ឋានអំពីតួនាទីរបស់អក្ខរកម្មឌីជីថលក្នុងការទទួលស្គាល់ និងឆ្លើយតបទៅនឹងព័ត៌មានមិនពិតនៅក្នុងសហគមន៍ទាំងនេះ ។
ការស្រាវជ្រាវនេះគឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីសំខាន់ៗនៃកម្មវិធីអក្ខរកម្មឌីជីថលអាស៊ាន ដោយមានការផ្តល់អត្ថប្រយោជន៍ ដល់បុគ្គលជាង ១៩០ ០០០ នាក់ នៅទូទាំងតំបន់អាស៊ានជាមួយនឹងជំនាញអក្ខរកម្មឌីជីថលសំខាន់ៗ។ កម្មវិធីអក្ខរកម្មឌីជីថលអាស៊ានរួមបញ្ចូលការផ្សព្វផ្សាយដោយផ្ទាល់ដោយក្រុមប្រឹក្សាយុវជនអាស៊ាន ដែលប្រមូលផ្តុំយ៉ាងសកម្មនូវយុទ្ធនាការតាមរយៈបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ ដោយមានការចូលរួមពីមនុស្ស ៣ ០០០ នាក់តាមរយៈសកម្មភាពនៅនឹងកន្លែង និងឈានដល់ជាង ៩០០ ០០០ នាក់ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ កម្មវិធីនេះក៏បានបើកដំណើរការវេទិកាសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច https://www.digitalclassasean.org/ដែលដោះស្រាយបញ្ហាព័ត៌មានមិនពិត។
លោកបណ្ឌិត Piti Srisangnam នាយកប្រតិបត្តិនៃមូលនិធិអាស៊ាន បានថ្លែងថា ៖ «នៅពេលដែលការស្រាវជ្រាវកម្មវិធីអក្ខរកម្មឌីជីថលចុងក្រោយបង្អស់របស់អាស៊ានបានបញ្ចប់ អង្គការមូលនិធិអាស៊ានអញ្ជើញអ្នកពាក់ព័ន្ធផ្នែកយុទ្ធសាស្ត្រឱ្យចូលរួម និងពិភាក្សាអំពីរបាយការណ៍សិក្សា និងការរកឃើញនាៗ។ ការស្រាវជ្រាវនេះគ្របដណ្តប់លើការស្ទង់មតិ និងការប្រមូលទិន្នន័យប្រកបដោយគុណភាពពីប្រទេសសមាជិកអាស៊ានទាំង១០។ យើងកំពុងបង្ហាញវានៅក្នុងសន្និសីទនេះ ដូច្នេះអ្នកចូលរួមអាចស្តាប់ការយល់ដឹង និងអនុសាសន៍ពីប្រទេសសមាជិកនីមួយៗ និងមានការពិភាក្សាស៊ីជម្រៅជាមួយអ្នកស្រាវជ្រាវពីប្រទេសទាំងនោះ។ យើងសង្ឃឹមថាការស្រាវជ្រាវនេះនឹងជួយតភ្ជាប់គម្លាតឌីជីថលនៅក្នុងតំបន់អាស៊ាន បង្កើតបរិយាបន្នឌីជីថល និងមានសុវត្ថិភាពជាងមុន ។»
យោងតាមរបាយការណ៍នេះ កម្រិតនៃការគិតត្រិះរិះពិចារណា និងសមត្ថភាពការពារឯកជនភាព មានភាពខុសប្លែកគ្នាយ៉ាងទូលំទូលាយនៅទូទាំងរដ្ឋសមាជិកអាស៊ាន។ គួរកត់សម្គាល់ថា ប្រទេសថៃបង្ហាញភាគរយទាបបំផុតនៃបុគ្គលដែលមានជំនាញការគិតត្រិះរិះពិចារណានោះគឺ ២៥ភាគរយ ធៀបនឹងប្រទេសកម្ពុជាដែលជាប្រទេសជិតខាងដែលមានដល់ទៅ ៦២,២ភាគរយ។ ប្រទេសហ្វីលីពីននៅក្រោយគេសម្រាប់សមត្ថភាពប្រជាជនក្នុងការការពារឯកជនភាព ដោយមានតែ ១៧,៤២ភាគរយ នៃបុគ្គលដែលមានជំនាញខ្ពស់ ខណៈសិង្ហបុរីមានរហូតដល់ ៥៤,៣៧ ភាគរយ ។
របាយការណ៍បានរកឃើញថា ប្រទេសកម្ពុជាប្រឈមមុខនឹងគម្លាតអក្ខរកម្មឌីជីថលគួរឱ្យកត់សម្គាល់ ទោះបីជាមានការទទួលយកបច្ចេកវិទ្យាឌីជីថលយ៉ាងឆាប់រហ័សក៏ដោយ។ ខណៈពេលដែលអត្រានៃការជ្រៀតចូលនៃអ៉ីនធឺណិត និងទូរស័ព្ទចល័តមានកម្រិតខ្ពស់ (៦៧,៥ ភាគរយ នៃប្រជាជនមានអ៉ីនធឺណិតប្រើប្រាស់) មានតែ ៣០ ភាគរយនៃប្រជាជនកម្ពុជាមានជំនាញប្រព័ន្ធផ្សព្វផ្សាយ និងចំណេះដឹងឌីជីថលជាមូលដ្ឋាន ។ ជាពិសេសជនជាតិដើមភាគតិចប្រឈមមុខនឹងបញ្ហា ដោយសារតែជំនាញឌីជីថលរបស់ពួកគេ និងប្រភពព័ត៌មានដែលអាចទុកចិត្តបាននៅមានកម្រិត ធ្វើឱ្យការបែងចែកឌីជីថលកាន់តែមានគម្លាតយ៉ាងធ្ងន់ធ្ងរ។ ទោះបីជា ៦២,២ ភាគរយ នៃចំនួនប្រជាជនបង្ហាញពីសមត្ថភាពនៃ ការគិតត្រិះរិះពិចារណាខ្ពស់ក៏ដោយ ការអប់រំដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់សមត្ថភាពរបស់បុគ្គលកម្ពុជាក្នុងការទទួលយកព័ត៌មានដោយត្រឹមត្រូវ ។ ការរកឃើញទាំងនេះបានគូសបញ្ជាក់ពីភាពចាំបាច់សម្រាប់គំនិតផ្តួចផ្តើមអក្ខរកម្មឌីជីថលតាមតម្រូវការ ដើម្បីដោះស្រាយតម្រូវការចម្រុះរបស់សហគមន៍កម្ពុជា ដែលអនុញ្ញាតឱ្យពួកគេទទួលបានអត្ថប្រយោជន៍ពេញលេញពីសេដ្ឋកិច្ចឌីជីថល និងប្រឆាំងព័ត៌មានមិនពិតប្រកបដោយប្រសិទ្ធភាព។
ជាមួយនឹងការចេញផ្សាយការរកឃើញទាំងនេះ អង្គការមូលនិធិអាស៊ានមានគោលបំណងជំរុញឱ្យមានការពិភាក្សាដ៏មានអត្ថន័យ និងជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីដោះស្រាយបញ្ហាប្រឈមអក្ខរកម្មឌីជីថលចម្រុះដែលមាននៅក្នុងតំបន់អាស៊ាន។ គោលដៅរបស់ខ្លួនគឺដើម្បីពង្រឹងភាពធន់របស់សហគមន៍ក្នុងការប្រឆាំងនឹងព័ត៌មានមិនពិត ឫ ព័ត៌មានខុស តាមរយៈកម្មវិធីអក្ខរកម្មឌីជីថលដ៏ទូលំទូលាយ និងការចូលរួមរបស់អ្នកពាក់ព័ន្ធ ដោយគិតគូរពីភាពខុសគ្នានៃហេដ្ឋារចនាសម្ព័ន្ធ ឥទ្ធិពលសង្គម-វប្បធម៌ និងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលផ្សេងៗគ្នានៅទូទាំងតំបន់អាស៊ាន ។
ដូចដែលលោកស្រី Marija Ralic តំណាង Google.org APAC បានលើកឡើងថា៖ « យើងមានមោទនភាពក្នុងការគាំទ្រអង្គការមូលនិធិអាស៊ានក្នុងការផ្តល់សិទ្ធិអំណាចដល់ប្រជាជនទូទាំងតំបន់ជាមួយនឹងចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយដ៏សំខាន់ និងជំនាញសុវត្ថិភាពតាមអ៊ីនធឺណិត។ ការយកចិត្តទុកដាក់របស់ Google.org ក្នុងការជំរុញសុវត្ថិភាពឌីជីថល គឺសមស្របនឹងបេសកកម្មរបស់មូលនិធិអាស៊ានក្នុងការផ្តល់អំណាចដល់សហគមន៍អាស៊ាន តាមរយៈចំណេះដឹងផ្នែកឌីជីថល ដែលនឹងរួមចំណែកដល់អាស៊ានដែលធន់នឹងឌីជីថល។ កាលពីថ្មីៗកន្លងទៅនេះ Google.org បានគាំទ្រអង្គការមូលនិធិអាស៊ានជាមួយនឹងជំនួយចំនួន ១,៥ លានដុល្លារ ដើម្បីជួយដល់ការអនុវត្តកម្មវិធីអក្ខរកម្មឌីជីថលអាស៊ាន ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤ ។
សន្និសីទថ្នាក់តំបន់អាស៊ានក៏មានការចូលរួមពីប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការមូលនិធិអាស៊ាន តំណាងមកពី Google.org តំណាងមកពីលេខាធិការដ្ឋានអាស៊ាន ដៃគូអនុវត្តក្នុងស្រុករបស់ កម្មវិធីអក្ខរកម្មឌីជីថលអាស៊ាន អង្គភាពអាស៊ាន អ្នកផ្តួចផ្តើមគំនិត និងអ្នកជំនាញផ្នែកអក្ខរកម្មឌីជីថលនៅក្នុងតំបន់។ សន្និសិទនេះបានបញ្ចប់ដោយកិច្ចពិភាក្សាលើប្រធានបទ « ពីគម្លាតទៅជាការពង្រឹងអំណាច៖ យុទ្ធសាស្ត្រសម្រាប់បរិយាបន្នអក្ខរកម្មឌីជីថលនៅក្នុងតំបន់អាស៊ាន» ដែលបានពិភាក្សាអំពីយុទ្ធសាស្ត្រពង្រឹងអំណាចឆ្ពោះទៅរកបរិយាបន្នអក្ខរកម្មឌីជីថល ជាពិសេសក្នុងចំណោមសហគមន៍ជួបការខ្វះខាតក្នុងតំបន់អាស៊ាន ៕ អត្ថបទសហការ




ចែករំលែកព័តមាននេះ