ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាកសំណល់ប្រមាណជាង៨០តោនត្រូវបានប្រមូលចេញពីទន្លេក្នុងរាជធានីភ្នំពេញ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ដ៏​ខ្លី​ពោល គឺ​ចាប់ពី​ខែតុលា ឆ្នាំ​២០២៣ ដល់ ខែមីនា ឆ្នាំ​២០២៤ កាក​សំណល់​ប្រមាណ​ជាង​៨០​តោន ត្រូវ​បាន​ប្រមូល​ចេញពី​ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ដ៏​ខ្លី​ពោល គឺ​ចាប់ពី​ខែតុលា ឆ្នាំ​២០២៣ ដល់ ខែមីនា ឆ្នាំ​២០២៤ កាក​សំណល់​ប្រមាណ​ជាង​៨០​តោន ត្រូវ​បាន​ប្រមូល​ចេញពី​ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ ទូក​កម្ចាត់​សំរាម​ដោយ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍ មូលដ្ឋាន​តាម​ដង​ទន្លេ​ជា​ភ្នាក់ងារ​ប្រមូល​សំរាម​របស់​អង្គការ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សំណាក់​អង្គការ​សំអាតទន្លេសមុទ្រ ។

ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន ក្រោយ​ដាក់​ពិធី​សម្ពោធ​ជា​ផ្លូវការ​បេសកកម្ម​សំអាត​ទន្លេ រយៈពេល​៥​ឆ្នាំ ចាប់ពី​២០២៣ ដល់​ឆ្នាំ​២០២៨ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៤ ឯកឧត្តម អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានឱ្យ​ដឹង​ថា «​បេសកកម្ម​នេះ​ស្រប​តាម​យុទ្ធ​សា​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​០៧ ក្នុង​ការ​កសាង និង​ពង្រឹង​មូលដ្ឋាន​គ្រឹះ ដើម្បី​ព​ន្លឿ​ន​ការ​អភិវឌ្ឍ​ជាតិ និង​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​ច​ក្រា​របស់​ក្រសួងបរិស្ថាន ស្អាត​បៃតង និង​ចីរភាព និង​រួមចំណែក​ដល់​យុទ្ធនាការ​ទឹក​ស្អាត ការ​កាត់​បន្ថយ​ប្លា​ស្ទិ​ក និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​»​។

ឯកឧត្តម​បាន​លើក​ឡើង​ដោយ​បញ្ជាក់​ថា ការ​ទទួល​ជោគជ័យ​ទៅ​បាន​នៃ​បេសកកម្ម​នេះ​ចាំបាច់​ណាស់ ត្រូវ​តែ​មានការ​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ។ ការ​ចូលរួម​ក្នុង​ការ​ប្រមូល​សំរាម​តាម​ដង​ទន្លេ​ជា​ជំហាន​សំខាន់​មួយ​ក្នុង​ការ​លើកកម្ពស់​ភាព​ជា​ម្ចាស់​សហគមន៍ និង​ឈាន​ទៅ​រក​ទន្លេ​ដែល​គ្មាន​ការ​បំពុល​ដោយ​ថង់​ប្លា​ស្ទិ​ក ។ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នេះ​បេសកកម្ម​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សេដ្ឋកិច្ច​នៃ​ស ហ​គម​ន៍​ដែល​រង​ផល​ប៉ះពាល់​នៅ​តាម​ដង​ទន្លេ និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​តាម​សាលារៀន ។

ចំណែក​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ការ​ប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ​បាន​ទាន់​ពេលវេលា និង​បាន​ត្រឹម​ត្រូវធ្វើ​ឱ្យ​មិន​កកស្ទះ​សំរាម​ដែល​ធ្វើ​ឱ្យ​សំរាម​មួយ​ចំនួន​ត្រូវ​គេ​បោះចោល​តាម​ប្រឡាយ​ទឹក និង​មួយ​ចំនួន​ត្រូវ​ធ្លាក់​ចូល​ក្នុង​ទន្លេ ដែល​ជា​ការ​បំពុល​ទឹក និង​ជះ​ផល​អាក្រក់​ដល់​មនុស្ស​សត្វ​នោះ​ឡើយ ។

តាម​រយៈ​ការ​បេសកកម្ម​សំអាត​ទន្លេ នា​ពេល​នេះ​ដែរ​ឯកឧត្តម​រំពឹង​ថា បើ​មានការ​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ និង​ពិសេស​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់​នឹង​ទទួល​បាន​ជោគជ័យ​ពុំខាន ។ ពេល​នោះ​យើង​នឹង​ទទួល​បាន​ស្អាត​ទាំង​លើគោក និង​ក្នុង​ទឹក ហើយ​យើង​ក៏​គ្មាន​ការ​បំពុល​ដោយ​សំរាម​ឡើយ ។

ជាមួយ​គ្នា​នោះ​ដែរ​លោក នូ សុវណ្ណ នាយក​ប្រតិបត្តិ​អង្គការ​សំអាត​ទន្លេ សមុទ្រ (ROC) បាន​លើក​ឡើង​ថា «​យើង​អាច​សំអាត​កាក​សំណល់​ចាស់​ឱ្យ​អស់ពី​ទន្លេ និង​ច្រាំង​ទន្លេ​ក្នុង​រយៈពេល​តែ​ពី​៥ ទៅ​៦​ឆ្នាំ​បាន ប៉ុន្តែ​ដើម្បី​រក្សា​ទន្លេ​ឲ្យ​មាន​អនាម័យ​ជា​រៀង​រហូត ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រង​កាក​សំណល់ ការ​អប់រំ និង​ការ​ពង្រឹង​ច្បាប់ គឺជា​គន្លឹះ​ដ៏​សំខាន់​ដែល​ត្រូវ​អនុវត្តន៍ ។ លោក​ថា ជា​ទូទៅ​យើង​ប្រមូល​សំរាម​ផង​យើង​អប់រំ​ផង ។ ការ​ប្រមូល​សំរាម​នេះ​យើង​បាន​ប្រមូល​ពី​ទន្លេសាប ទន្លេមេគង្គ ទន្លេបាសាក់ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ទន្លេសាប​ក្នុង​ខេត្តកណ្តាល​ផង​ដែរ ។

មក​ដល់​ពេល​នេះ គឺ​យើង​ប្រមូល​បាន​១៦៩៣.០៩​តោន​នៃ​សំរាម ពិសេស​ប្លា​ស្ទិ​ក​ត្រូវ​បាន​ប្រមូល​ចេញពី​ទន្លេ​របស់​យើង ។ ការ​ប្រមូល​សំរាម​នេះ​យើង​បាន​ទូក​ពី​ប្រទេស​អា​ល្លឺ​ម៉​ង់ និង​ពេល​នេះ​យើង​បាន​ទូក​ពិសេស​មួយទៀត​បាន​ចូល​ជំនួស​បន្ថែម​ទៀត ហើយ​សំរាម​ទាំងនេះ​ត្រូវ​បាន​យក​ទៅ​បំ​លែង​ជា​ថាមពល​នៅ​រោងចក្រ​ស៊ីម៉ង់ត៍​ដែល​មាន​ន័យ​ថា សំរាម​ទាំងអស់​ស្មើនឹង​ដោយ​មិន​បង្ក​ការ​ប៉ះពាល់​ដល់​ទឹក​ដែល​វា​សម​ស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ​ច​ក្រា​របស់​ក្រសួងបរិស្ថាន​ដែល​មាន​ន័យ​ថា ធ្វើ​ឱ្យ​ស្អាត​ទាំង​ទឹក ស្អាត​ដី និង​ស្អាត​ខ្យល់ ។

លោក Dato Sean H’ng នៃ​ក្រុមហ៊ុន Leader Energy បានឱ្យ​ដឹង​ថា​«​ការ​រួម​សហការ​គ្នា​វា​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុតមាំ​របស់​យើង​ក្នុង​ការ​លើកកម្ពស់​សេដ្ឋកិច្ច​ច​ក្រា​ឱ្យ​មាន​ភាពល្អ​ប្រសើរ និង​ការ​ថែទាំ​សហគមន៍ ។ តាម​រយៈ​បេសកកម្ម​នេះ យើង​មាន​បំណង​មិន​ត្រឹមតែ​កាត់​បន្ថយ​ផល​ប៉ះពាល់​ដ៏​អាក្រក់​នៃ​ការ​បំពុល​នៅ​ក្នុង​ទឹក​នៃ​ទន្លេ​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែម​ទាំង​ផ្តល់​សិទ្ធិ​អំណាច​ដល់​សហគមន៍​មូលដ្ឋាន​ឱ្យ​ក្លាយជា​អ្នក​ថែរក្សា​បរិស្ថាន​ធម្មជាតិ​របស់​ពួក​គេ​ផង​ដែរ​» ។

គួរ​បញ្ជាក់​ថា ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​រវាង​ក្រុមហ៊ុន Leader Energy និង អង្គការ​សំអាត​ទន្លេ​សមុទ្រ ដែល​បាន​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​២០២៣ បាន​ក្លាយជា​ជំ​ហ៊ាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅ​រក​ការ​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី ទន្លេ​ជា​ប្រភព​ទឹក​ដ៏​សំខាន់​របស់​កម្ពុជា ។ គំនិត​ផ្តួចផ្តើម​រួម​គ្នា​នេះ គ្រោង​នឹង​ដំណើរការ​រហូត​ដល់​ឆ្នាំ​២០២៨ ហើយ​រួម​បញ្ចូល​ផែនការ​ដ៏​ទូលំទូលាយ​មួយ ដែល​រួម​មាន​ប្រតិបត្តិការ​សំអាត​តាម​ដង​ទន្លេមេគង្គ ទន្លេសាប និង​ទន្លេ បា​សាក់ ព្រមទាំង​កម្មវិធី​អប់រំ​ដែល​ផ្តោត​លើ​ការ​អប់រំ​ការ​យល់​ដឹង​អំពី​ការ​ទុកដាក់​សំរាម​របស់​ប្រជាពលរដ្ឋ​សហគមន៍​នៅ​ក្នុង​មូលដ្ឋាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ