បង្ក្រាបគ្រឿ.ង.ញៀ.នក្នុងទីតាំងខារ៉ាអូខេ HUADUKTV CLUB HOUSE ខណ្ឌសែនសុខ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១រំលងអធ្រាត្រ កម្លាំងរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីជួញដូរ រក្សាទុក សម្រួលឱ្យប្រើប្រាស់ និងសមគំនិតក្នុងអំពើសម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចខារ៉ាអូខេឈ្មោះ HUA-DUKTV CLUB HOUSE ផ្លូវលេខ១០១៩ (ណប្រ៊ីដ) ក្នុងភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ៣នាក់បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ រួមមាន១-ឈ្មោះCHEN YONGKANG ភេទប្រុស ជនជាតិចិន ២-ឈ្មោះCHEN YANAN ភេទស្រី ជនជាតិចិន និង៣-ឈ្មោះ FAN GAO YUN ភេទស្រី ជនជាតិចិន ។
សម្រាប់វត្ថុតាងគ្រឿងញៀនចាប់យកបាន រួមមានសារធាតុញៀនប្រភេទអ៊ិចស្ដាស៊ី (MDMA) ទម្ងន់ ១គីឡូ១៣៩.២១ក្រាម និងសារធាតុញៀនប្រភេទកេតាមីន (Ketamine) ទម្ងន់ ៨៦១.៧៧ក្រាម សរុបរួមសារធាតុញៀនទម្ងន់២០០០.៩៨ក្រាម (២គីឡូក្រាម០.៩៨ក្រាម) ។
សូមបញ្ជាក់ថា ការបង្ក្រាបខាងលើ គឺអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច, ឯកឧត្តម ឧត្ដមសេន៍យ៍ ព្រុំ សន្ធរ អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។

ចែករំលែកព័តមាននេះ