ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ៖ ការ​បណ្តុះបណ្តាល​ជំនាញ​ពេទ្យ ទាំង​រដ្ឋ ឯកជន និង​អង្គការ ត្រូវ​តែ​មានគុណ​ភាព​ដូច​គ្នា

1 ខែ មុន

​រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ការ​បណ្តុះបណ្តាល​ជំនាញ​ពេទ្យ​ទាំងអស់ រួម​មាន​ទាំង​រដ្ឋ ស្ថាប័នឯកជន…

​រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ការ​បណ្តុះបណ្តាល​ជំនាញ​ពេទ្យ​ទាំងអស់ រួម​មាន​ទាំង​រដ្ឋ ស្ថាប័នឯកជន អង្គការ គ្រឹះស្ថាន​នានា ត្រូវ​តែ​មានគុណ​ភាព​ដូច​គ្នា ព្រោះ​ការ​ព្យាបាល​ជីវិត​មនុស្ស​ដូច​គ្នា ។​

ថ្លែង​ក្នុង​ពិធី​បិទ “​សន្និបាត​សុខាភិបាល លើក​ទី​៤៣ ឆ្នាំ​២០២៣ និង​លើក​ទិស​ដៅ​ការងារ ឆ្នាំ​២០២៤” នា​រសៀល​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៤ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ៖ «​ការ​បណ្តុះបណ្តាល​ជំនាញ​ពេ​ទ្យ្ ទាំង​ស្ថាប័នរដ្ឋ វិស័យ​ឯកជន គ្រឹះស្ថាន​នានា ត្រូវ​តែ​មាន​ជំនាញ ព្រោះថា ការ​បណ្តុះបណ្តាល​នេះ ទៅ​ទីណា ក៏​ដោយនៅ​តែ​ព្យាបាល​ប្រជាពលរដ្ឋ​។ មិន​ថា ពេទ្យ​អង្គការ ពេទ្យ​រដ្ឋ ពេទ្យ​ឯកជន​ទេ គឺ​ត្រូវ​តែ​ធានា​សុវត្ថិភាព ស្តង់ដា ដែល​ជា​ការងារ​សំខាន់​» ។​

សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី លើក​ឡើង​ថា មិនមែន ទាល់តែ​ពេទ្យ​រដ្ឋ ត្រូវ​តែ​មាន​ស្តង់ដា​ខ្ពស់​ជាង​ពេទ្យ​ឯកជន ខ្ពស់​ជាង​ពេទ្យ​អង្គការ​នោះ​ទេ គឺ​ជីវិត​មនុស្ស ត្រូវ​តែ​ព្យាបាល​ឲ្យ​ត្រូវ ហើយ​ត្រូវ​តែ​មានការ​ធានា​ខុស​ត្រូវ​។ ទាំង​ពេទ្យ​រដ្ឋ ពេទ្យ​រាជធានី ឬ​ពេទ្យ​ខេត្ត ឬ​ពេទ្យ​ឯកជន ត្រូវ​តែ​មាន​ជំនាញ ដូច្នេះ​អ្វី​ដែល​សំខាន់​នោះ គឺ​ក​ក្តា​ធនធានមនុស្ស ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​បណ្តុះបណ្តាល​ជំនាញ​ពេទ្យ​នេះ ។

សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី ក៏​បាន​បន្ត​ថា ការ​បណ្តុះបណ្តាល​ជំនាញ​ពេទ្យ​នេះ រាជរដ្ឋាភិបាល បាន​គិតគូរ​ណាស់ ហើយ​រាល់​ការ​បណ្តុះបណ្តាល​ជំនាញ​ពេទ្យ​ទាំងអស់ ទាំង​សាលា​ក្រហម ឬ​សាលា​អាយ​យូ ឬ​នៅ​សាលា​ពេទ្យ​ណា​ទៀត គឺ​មាន​សមត្ថភាព ក្នុង​ការ​ប្រឡង​ចូល​ក្រប​ខណ្ឌ​រដ្ឋ​ដូច​គ្នា ។

សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​បន្ថែម​ថា ៖ «​អ៊ីចឹង ការ​បណ្តុះបណ្តាល​ជំនាញ​ពេទ្យ​នេះ គឺ​ត្រូវ​យកចិត្តទុកដាក់ ហើយ​រៀន​ជំនាញ​ពេទ្យ អាច​គួរ​ឲ្យ​រឹង​។ ហើយ​ខ្ញុំ​ស្នើ​សុំ ក្មួយ​ៗ​និស្សិត ដែល​រៀន​ជំនាញ​ពេទ្យ កុំ​ស្នើ​សុំ​ចូល​ក្រប​ខណ្ឌ ដោយ​មិន​ឆ្លងកាត់​ការ​ប្រឡង​អី​» ។

សម្តេច​នាយក​រដ្ឋមន្ត្រី បន្ថែម​ថា អ្នករៀន​ជំនាញ​ពេទ្យ ត្រូវ​យល់​ពី​ស្ថានភាព​ជំងឺ ហើយ​វា​មិន​អាច​ដូច​ជា​កុំ​ព្យូ​រ​ទ័​រ នោះ​ទេ​។ អ្នកជំងឺ​គឺ​មាន​ជំងឺ​ដូច​គ្នា ប៉ុន្តែ​អាកា​រៈ មិន​ដូច​គ្នា​នោះ​ទេ ដូច្នេះ​យើង​អាច​វាយតម្លៃ​ខុស អ៊ីចឹង​ត្រូវធ្វើ​យ៉ាងណា ត្រូវ​ធានា​នូវ​គុណភាព ។

ជា​ថ្មី​ម្តងទៀត សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​ថា ការ​បណ្តុះបណ្តាល​ពេទ្យ ត្រូវ​មាន​ស្តង់ដា​ច្បាស់លាស់ នៅ​តាម​សាលា​នីមួយ​ៗ​។ មាន​អ្នកខ្លះ​ថា រៀន​ពេទ្យ​មាន​តម្លៃ​ថ្លៃ តែ​វា​ត្រូវ​ចំណាយ​ច្រើន​លើ​ឧបករណ៍ ពិសោធន៍​។ ការ​រៀន​ពេទ្យ មិន​អាច​រៀន តែ​ទ្រឹស្តី​ហើយ ទៅ​ធ្វើការ​វះកាត់ តាម​កុំព្យូទ័រ​នោះ​ទេ គឺ​ត្រូវ​តែ​ចេះ​វះកាត់​ផ្ទាល់​តែ​ម្តង​។ មិនមែន​ពេទ្យ ពេល​ចូល​វះកាត់​ផ្ទាល់ ឃើញ​ឈាម​សន្លប់​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ