ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី ៖ វិបត្តិ​កូ​វី​ដ​-១៩ អាច​វាយតម្លៃ នូវ​ទិដ្ឋភាព​ចំនួន​២ ក្នុង​វិស័យ​សុខាភិបាលកម្ពុជា

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅ​ចំពោះ​មុខ​ថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល ក៏​ដូច​ជា​ក្រុម​គ្រូពេទ្យ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា…

រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅ​ចំពោះ​មុខ​ថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល ក៏​ដូច​ជា​ក្រុម​គ្រូពេទ្យ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា វិបត្តិ នៃ​ជំងឺ​កូ​វី​ដ​-១៩ បាន​ផ្តល់​ឱកាស​ឱ្យ​យើង​បាន​វាយតម្លៃ នូវ​ទិដ្ឋភាព​ចំនួន​ពីរ នៅ​ក្នុង​វិស័យ​សុខាភិបាល​របស់​កម្ពុជា ។

​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួងសុខាភិបាល នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៤ នៅ​សណ្ឋាគារ សូ​ហ្វីល​តែ​ល ថា ទិដ្ឋភាព ទី​១. គឺ​នៅ​ក្នុង​ដំណាក់កាល នៃ​ការ​រីក​រាលដាល នៃ​ជំងឺ​កូ​វី​ដ​-១៩​នេះ វា​បាន​បង្ហាញ​ឱ្យ​យើង​ឃើញ នូវ​សមត្ថភាព​ជាក់ស្តែង​របស់​ក្រុម​គ្រូពេទ្យ និង​មន្ត្រី​បុគ្គលិក​សុខាភិបាល​របស់​យើង នៅ​ទូ​ទាំង​ប្រទេស ព្រោះ​កាលនោះ គឺជា​ដំណាក់កាល ខ្លួន​ទីពឹង​ខ្លួន ប្រទេស​នីមួយ​ៗ ត្រូវ​ប្រមូល នូវ​មធ្យោបាយ​សរុប ពោល​គឺ​វិស័យ​សុខាភិបាល​នេះ​តែ​ម្តង ដើម្បី​ដោះស្រាយ នូវ​បញ្ហា​ចំពោះ​មុខ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ដោយ​មិន​ងាយ​មាន​ប្រទេស​ណាមួយ បញ្ជូន​គ្រូពេទ្យ​ទៅ​ជួយ​ប្រទេស​ផ្សេង​បាន​ទេ ។

សម្តេច​បាន​គូសបញ្ជាក់​ថា ដំណាក់កាល ដែល​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ អាច​ជួយ​ឱ្យ​កម្ពុជា គ្រប់គ្រង​បញ្ហា​កូ​វី​ដ​-១៩ ដោយ​ប្រសិទ្ធភាព​ខ្ពស់ ។

សម្តេច​បន្ត​ថា ពិត​ណាស់​យើង​មាន​អ្នក​ឆ្លង​ជាង​៨០.០០០​នាក់ និង​មាន​អ្នក​ស្លា​.​ប់​ជាង​៣.០០០​នាក់ ប៉ុន្តែ​ប្រសិនបើ​សមត្ថភាព​សុខាភិបាល​របស់​យើង មិន​មាន​គ្រប់គ្រាន់​នោះ​ទេ យើង​គិត​ថា អ្នក​ស្លា​.​ប់​មិន​ត្រឹមតែ​ជាង​៣.០០០​នាក់​នោះ​ទេ ព្រោះ​សម្តេច​ជា​អ្នក​ចូល​ប្រឡូក​ដោយ​ផ្ទាល់ ជា​ពិសេស គឺ​នៅ​ដំណាក់កាល​អ្នកជំងឺ​ឈឺ​ធ្ងន់ ពេទ្យ​របស់​យើង គឺ​មាន​សមត្ថភាព​ក្នុង​ការ​ជួយ​សង្គ្រោះ​បាន​ច្រើន ទោះបីជា​មិន​អាច​ជួយ​សង្គ្រោះ​បាន​មួយ​រយ​ភាគរយ​ក៏​ដោយ​ចុះ ប៉ុន្តែ​សមត្ថភាព និង​ការ​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្អូន​ក្រុម​គ្រូពេទ្យ គឺ​បាន​បង្ហាញ នូវ​សមត្ថភាព​ជាក់ស្ដែង​របស់​យើង​មួយ​កម្រិត​ផង​ដែរ ដែល​នេះ​គឺជា​មោទនភាព​របស់​យើង ជា​មោទនភាព សម្រាប់​កងទ័ព​អាវ​ស​របស់​យើង ដែល​សម្តេច​សូម​យក​ឱកាស​នេះ ដើម្បី​ធ្វើការ​ថ្លែងអំណរគុណ និង​ការ​កោត​ស​សើរ​ជា​ថ្មី​ម្តងទៀត ចំពោះ​កងទ័ព​អាវ​ស​របស់​យើង​ទាំងអស់​គ្នា ដែល​ជា​ខ្សែត្រៀម​ទី​១ ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ជំងឺ​កូ​វី​ដ​-១៩​នេះ ។

​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ក៏​បាន​លើក​ឡើង​ថា ចំពោះ​ទិដ្ឋភាព​ទី​២ នៃ​វិបត្តិ​កូ​វី​ដ​-១៩​នេះ​ដែរ វា​ក៏​បាន​បញ្ជាក់​ឱ្យ​យើង​ឃើញ​នូវ​កម្រិត និង​បញ្ហា​កង្វះខាត​មួយ​ចំនួន ដែល​យើង​បាន​ប្រឈម​សម្រាប់​ការ​វាយតម្លៃ ជា​ពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​ការ​កសាង​ធនធានមនុស្ស ការ​ពង្រាយ​ធនធានមនុស្ស ការ​កសាង​សមត្ថភាព​របស់​អង្គភាព​សុខាភិបាល​របស់​យើង ជា​ពិសេស​នៅ​ថ្នាក់​ក្រោម​ជាតិ ដែល​ពាក់​ពាក់ព័ន្ធ​នឹង​ធនធានមនុស្ស ឧបករណ៍ សម្ភារៈ ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ ដូច​ជា​កន្លែង​ផលិត​អុក​ស៊ី​ហ្ស៊ែ​ន​មធ្យោបាយ ដឹក​ជញ្ជូន សម្រាប់​បញ្ជូន​អ្នកជំងឺ គឺ​នៅ​មាន​កម្រិត ដែល​វិបត្តិ នៃ​កូ​វី​ដ​-១៩​នេះ បាន​បង្ហាញ​ឱ្យ​យើង​ឃើញ នូវ​ទិដ្ឋភាព​ចំនួន​ពីរ ទាំង​ចំណុចខ្លាំង និង​ចំណុច​ខ្វះខាត ដែល​យើង​ត្រូវ​ដាក់​ទិស​ដៅ​នៅ​ក្នុង​ការ​ពង្រឹង​នៅ​ក្នុង​អាណត្តិ​ទី​៧ របស់​រាជរដ្ឋាភិបាល​។

​សូម​ជម្រាប​ជូន​ថា ការ​ពង្រីក​សេវា​ថែទាំ​សុខភាព ឆ្ពោះទៅ​រក​ការ​គ្របដណ្តប់​សុខភាព​ជាស​កល គឺជា​គោលនយោបាយ​អាទិភាព​ទី​១ ក្នុង​ចំណោម​គោលនយោបាយ អាទិភាព​ទាំង​៦ ដែល​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ដាក់​ចេញ​នៅ​ត្រង់​ចំណុច​ទី​១ ដែល​បាន​បញ្ជាក់​ពី​ការ​ពង្រីក​សេវា​ថែទាំ​សុខភាព ឆ្ពោះទៅ​រក​ការ​គ្របដណ្តប់​សុខភាព​ជា​សាកល ពោល​គឺ​នៅ​ពេល​មាន​ជំងឺ មន្ត្រីរាជការ​ស៊ី​វិល កម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ ជា​ពិសេស​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រង​គ្រោះ ត្រូវ​ទទួល​បាន​នូវ​សេវា​ថែទាំ​សុខភាព​គ្រប់​ៗ​គ្នា ។
​តាម​រយៈ​គោលនយោបាយ​នេះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត មាន​គោលដៅ​ធានា ឱ្យ​ប្រជាពលរដ្ឋ​ប្រមាណ​៩​លាន​នាក់ ទទួល​បាន​សេវា​សុខាភិបាល​ល្អ​ប្រសើរ នៅ​ពេល​មាន​ជំងឺ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ