ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​មូលដ្ឋាន បើ​រក​ឃើញ​ប្រព្រឹត្ត​បទល្មើស​ធនធានធម្មជាតិ ហើយ​មិន​ដកខ្លួន​ចេញ ឬ​នៅ​ពីក្រោយ​ខ្នង​ជនល្មើស នឹង​ត្រូវ​ចាត់វិធានការ​មុនគេ

1 ខែ មុន

ខេត្តពោធិ៍សាត់ ៖ បទបញ្ជា​របស់​រាជរដ្ឋាភិបាល ចុះ​ទប់ស្កាត់​បទល្មើស​ធនធានធម្មជាតិ ក្នុងភូមិ​សាស្ត្រ​ស្រុក​វាល​វែង និង​ស្រុក​ភ្នំក្រវាញ​ខេត្តពោធិ៍សាត់ បាន​និង​កំពុង​តែ​រុក​រុលទៅមុខ​ជា​និច្ច ធ្វើ​ឲ្យ​ជន​អគតិ ដែល​ស្រេកឃ្លាន​ដីធ្លី​មិន​ចេះ​ឆ្អែត រត់​ចោល​ទីតាំង​បណ្ដោះអាសន្ន…

ខេត្តពោធិ៍សាត់ ៖ បទបញ្ជា​របស់​រាជរដ្ឋាភិបាល ចុះ​ទប់ស្កាត់​បទល្មើស​ធនធានធម្មជាតិ ក្នុងភូមិ​សាស្ត្រ​ស្រុក​វាល​វែង និង​ស្រុក​ភ្នំក្រវាញ​ខេត្តពោធិ៍សាត់ បាន​និង​កំពុង​តែ​រុក​រុលទៅមុខ​ជា​និច្ច ធ្វើ​ឲ្យ​ជន​អគតិ ដែល​ស្រេកឃ្លាន​ដីធ្លី​មិន​ចេះ​ឆ្អែត រត់​ចោល​ទីតាំង​បណ្ដោះអាសន្ន ចាំ​ឃ្លាំមើល​សកម្មភាព​របស់​សមត្ថកិច្ច ។

កម្លាំង​ស្រួច​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា រួម​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តពោធិ៍សាត់ ដែល​បែងចែក​ជា​១០​ក្រុម បាន​ចុះ​ប្រតិបត្តិការ​ទាំង​១០​គោលដៅ យ៉ាង​ក្ដៅ​គគុក​បំផុត ដោយ​បាន​រុះរើ​ខ្ទម និង​រោង​អនាធិបតេយ្យ​ចោល បំផ្លាញ​ដំណាំ កម្ទេច​វត្ថុ​តាង​ដែល​ពិបាក​ដឹក​ជញ្ជូន ឃាត់ខ្លួន​មនុស្ស​មួយ​ចំនួន និង​ឃ្លុំ​ដី​ទុកជា​សម្បត្តិ​រដ្ឋ​។

តាម​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​កាប់​ទន្ទ្រាន​រាន​ដី​ព្រៃ និង​កោរ​ភ្នំ​នោះ ភាគច្រើន​មក​ពី​ខេត្ត​ផ្សេង ធ្វើ​ជា​កម្មករ និង​ជា​អ្នក​ជួល​ដី​គេ​ជាដើម រីឯ​មេខ្លោង​ជា​អ្នកមាន​លុយ និង​ជា​អ្នកមាន​អំណាច​មួយ​ចំនួន មិន​ចេញ​មុខ​នោះ​ទេ ។

ក្នុង​កិច្ចប្រជុំ​អនុ​គណៈកម្មការ​ទាំង​១០ នៅ​សាលាស្រុក​វាល​វែង នា​រសៀល​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៤ លោក ខូ​យ រី​ដា ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បាន​ចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ឲ្យ​អនុ​គណៈកម្មការ​ទាំង​១០ ស្វែងរក​ចាប់ខ្លួន​ជនខិលខូច​បន្ត​ទៀត​។ មន្ត្រី​ជំនាញ សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន បើ​រក​ឃើញ​ជាប់​ពាក់ព័ន្ធ ឬ​នៅ​ពីក្រោយ​ខ្នង​ជន​ប្រព្រឹត្ត​បទល្មើស នឹង​ត្រូវ​ចាត់វិធានការ​មុនគេ ដោយ​ប្រើ​អភិក្រម​ទាំង​៥ តែ​ម្ដង​។ ឧក្រិដ្ឋកម្ម​ព្រៃឈើ​យ៉ាងធ្ងន់ធ្ងរ​បំផុត នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​វាល​វែង និង​ស្រុក​ភ្នំក្រវាញ​នេះ បើ​ខ្មោច​ក្នុង​មិន​ឲ្យ​ដៃ ក៍​ខ្មោច​ក្រៅ​មិន​ហ៊ាន​ដែរ​។ ស្ថានភាព​នេះ បើ​យើង​មិន​សុំ​គោល​ការ​ពី​រាជរដ្ឋាភិបាល ជួយ​អន្តរាគមន៍​ទេ ទៅ​ថ្ងៃ​មុខ មិន​ត្រឹមតែ​អស់​ព្រៃឈើ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ប្រឈម​មុខ​នឹង​ការ​បាចទឹក​ដាក់​គ្នា​ទៀត​ផង ។

លោក ខូ​យ រី​ដា មាន​ប្រសាសន៍​កោតសរសើរ​ដល់​កម្លាំង​ទ័ពស្រួច​ទាំង​១០​ក្រុម ទោះបី​ផ្លូវ​លំបាក​ជិះ​ម៉ូតូ ជិះ​គោ​យន្ត ឡើង​ភ្នំ​ចុះ​ភ្នំ កាត់​ជ្រោះ​ជ្រលង​ដងអូរ និង​អាកាសធាតុ​ក្ដៅ​យ៉ាងណា​ក៍ដោយ ក៍​នៅ​តែ​ទៅ​មុខជា​និច្ច​មិន​រា​ថយ​ឡើយ ។

លោក​សូម​ឲ្យ​កងកម្លាំង​បន្ត​បោសសំអាត​ឲ្យ​អស់ ហើយ​លោក​នឹង​គៀងគរ​រក​ស្បៀង​ជួយ​ទំនុកបំរុង​ជា​បន្តបន្ទាប់ រហូត​បេសកកម្ម​ទទួល​បាន​ជោគជ័យ​។ ចំណែក​ដី ដែល​ដកហូត​បាន​ពី​ជនខិលខូច​ទាំង​ប៉ុន្មាន នឹង​ឃ្លុំ​ទុកជា​សម្បត្តិ​រដ្ឋ និង​ដាំ​ដើមឈើ​ឡើង​វិញ ។

លោក ចាយ សា​មិត្ត រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​លើក​ឡើង​ថា ក្នុង​គោលដៅ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​ការ​អនុវត្ត​គម្រោង​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​ប៉ះពាល់ ខូចខាត​ដល់​បរិស្ថាន នៅ​ក្នុង​តំបន់​ការពារ​ធនធានធម្មជាតិ ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ក្រសួងបរិស្ថាន សហការ​ជាមួយ​ស្ថាប័ន និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ ការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍ ក្នុង​តំបន់​ការពារ​ធនធានធម្មជាតិ តាម​គោលដៅ​ដូច​ខាងក្រោម ៖

១.​គម្រោង​អភិវឌ្ឍ​ទាំងឡាយ​ណា ដែល​បាន​ទទួល​កិច្ចសន្យា​និង​កំពុង​ដំណើរការ ម្ចាស់​គម្រោង​ត្រូវ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ តាម​ផែនការ​អភិវឌ្ឍ​និង​កិច្ចសន្យា​។
២.​គម្រោង​អភិវឌ្ឍ​ទាំងឡាយ​ណា ដែល​ទទួល​បាន​គោល​ការ និង​ចុះ​កិច្ចសន្យា​រួច តែ​ពុំ​ទាន់​បាន​ចាប់ផ្ដើម​អនុវត្ត​ទេ ម្ចាស់​គម្រោង​ត្រូវ​រៀបចំ​ផែនការ​អភិវឌ្ឍ និង​ត្រូវ​ផ្ដើម​អនុវត្ត​ជា​បន្ទាន់ ក្នុង​រយៈពេល​មិន​លើស​ពី​៦​ខែ ចាប់ពី​ពេល​នេះ​តទៅ ។
៣.​ទាំង​គម្រោង​អភិវឌ្ឍ​ដែល​កំពុង​ដំណើរការ​អាជីវកម្ម ទាំង​គម្រោង​អភិវឌ្ឍ​ដែល​បាន​ទទួល​កិច្ចសន្យា​រួច ត្រូវ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ តាម​គោលការណ៍​និង​នីតិវិធី​ជា​ធរមាន បើ​ពុំនោះ​ទេ​ត្រូវ​ប្រឈម​នឹង​ការ​ដកហូត​មក​វិញ​។

ក្រសួងបរិស្ថាន បាន​និង​កំពុង​បន្ត​សហការ ជាមួយ​ក្រសួង ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ក្នុង​ការ​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ លើ​ការ​ទប់ស្កាត់ លុប​បំបាត់ និង​បង្ក្រាប​នូវ​រាល់​សកម្មភាព​ល្មើសច្បាប់​នានា ដែល​កើត​មាន​ឡើង​ក្នុង​តំបន់​ការពារ​ធនធានធម្មជាតិ ដោយ​អនុលោម​តាម​បទ​បញ្ញា​តិ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ