ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ ចាប់​ត្រួតពិនិត្យ​យានយន្ត​គ្រប់​ប្រភេទ ដែល​បំពាក់​ស៊ី​ផ្លេ និង​បំពង់​ស៊ី​ម៉ាំង​ខុស​បច្ចេកទេស

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​កែ​ច្នៃ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់ របៀបរៀបរយ…

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​កែ​ច្នៃ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់ របៀបរៀបរយ តាម​ដងផ្លូវ​សាធារណៈ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ពាក់ព័ន្ធ​នឹង​ការ​ត្រួតពិនិត្យ​លើ​ការ​កែ​ច្នៃ​យានយន្ត​គ្រប់​ប្រភេទ ការ​បំពាក់​ស៊ី​ផ្លេ បំពង់​ស៊ី​ម៉ាំង​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស ដើម្បី​ទប់ស្កាត់ ភាព​អនាធិបតេយ្យ តាម​ដងផ្លូវ​សាធារណៈ ក្នុង​រាជធានី​ភ្នំពេញ។

កិច្ចប្រជុំ​នេះ បាន​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៤ ដោយ​មានការ​ចូលរួម​ពី​អភិបាល​ខណ្ឌ​ទាំង​១៤ មន្ទីរ​ពាក់ព័ន្ធ និង​កងកម្លាំងប្រដាប់អាវុធ ចំណុះ​អោយ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ។

នៅ​ក្នុង​កិច្ចប្រជុំ​នេះ លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ដាក់​ចេញ​នៅ​គោលការណ៍ ៣​ចំណុច ៖
ទី​១ ណែនាំ​ដល់​អ្នក ដែល​បាន​ប្រើប្រាស់​ស៊ី​ផ្លេ ឬ​បំពង់​ស៊ី​ម៉ាំង​ខុស​បច្ចេកទេស ត្រូវ​រួសរាន់​ដក​ចេញ​វិញ​ជា​បន្ទាន់ ដើម្បី​កុំឱ្យ​រង​ការ​ផាកពិន័យ ។
ទី​២ ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​លក់ដូរ​បំពង់​ស៊ី​ម៉ាំង និង​ស៊ី​ផ្លេ ដែល​ខុស​បច្ចេកទេស ត្រូវ​បញ្ឈប់​ការ​លក់ដូរ ។
និង​៣ ណែនាំ​ដល់​ម្ចាស់​យាន្ត​ដ្ឋា​ន​នានា ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​បញ្ឈប់ ការ​កែ​ច្នៃ​ស៊ី​ផ្លេ និង​បំពង់​ស៊ី​ម៉ាំង​ខុស​បច្ចេកទេស ដើម្បី​កុំឱ្យ​រង​ការ​ផាកពិន័យ ឬ​ឈាន​ទៅ​បិទ​អាជីវកម្ម បន្ទាប់​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ចេញ​សេចក្តីជូនដំណឹង​នា​ពេល​ដ៏​ខ្លី​ខាង​មុខ ។

លោក ឃួ​ង ស្រេង បាន​ថ្លែង​ថា ការ​ប្រើប្រាស់​ស៊ី​ផ្លេ និង​បំពង់​ស៊ី​ម៉ាំង​ខុស​បច្ចេកទេស​នេះ គឺ​បាន​បង្ក​ការ​រំខាន​យ៉ាង​ខ្លាំង​ដល់​សណ្តាប់ធ្នាប់​សាធារណៈ នៅ​តាម​ដងផ្លូវ ដែល​សមត្ថកិច្ច ត្រូវ​តែ​ពង្រឹង​ការ​ផាក​ពិនិត្យ​ឱ្យ​បាន​ម៉ឹង​ម៉ាត់ ជាទី​បំផុត ។

លោក ឃួ​ង ស្រេង ក៏​បាន​ណែនាំ​ឱ្យ​ចេញ​សារ​ចរ​ណែនាំ​មួយ​ដោយ​ហាម​អ្នក​លក់ដូរ​ទាំងអស់ ត្រូវ​បញ្ឈប់​ការ​លក់ដូរ បំពង់​ស៊ី​ម៉ាំង​កែ​ច្នៃ និង​ស៊ី​ផ្លេ​ខុស​បច្ចេកទេស ហើយ​បើ​មិន​អនុវត្ត​តាម នឹង​ត្រូវ​ចាត់វិធានការ​ណ៍​តាម ផ្លូវច្បាប់ ដោយ​ប្រមូល​របស់របរ​ខុស​បច្ចេកទេស​ទាំងនោះ ទៅ​រក្សា​ទុក និង​អាច​ឈាន​ទៅ​បិទ​អាជីវកម្ម តែ​ម្តង ។

បន្ថែម​ពីលើ​នេះ​ទៀត ក្នុង​កិច្ចប្រជុំ​នោះ​ដែរ លោក ឃួ​ង ស្រេង ក៏​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ក៏​ដូច​ជា​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រួតពិនិត្យ​ឡើង​វិញ ចំពោះ​អាជីវកម្ម​ក្លឹ​ប​កម្សាន្ត ក៏​ដូច​ជា​បៀរ​ហ្គា​ដិ​ន ជាដើម ដែល​បង្ក​សំឡេង​រំខាន​ដល់​ប្រជាពលរដ្ឋ​ដែរ ។ ដោយឡែក​ចំពោះ ល្បែងស៊ីសង​គ្រប់​ប្រភេទ ក៏​ត្រូវ​តែ​បង្ក្រាប​អោយ​អស់ពី​មូលដ្ឋាន​របស់​ខ្លួន​ផង​ដែរ ។

សូម​បញ្ជាក់​ថា ការ​បញ្ជា​របស់​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី ឱ្យ​ក្រសួង​ជំនាញ និង​សមត្ថកិច្ច​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស ស៊ី​ផ្លេ​រថយន្ត​ជា​បន្ទាន់​នេះ បន្ទាប់​ពី​ក្នុង​រយៈពេល​ថ្មី​ៗ​នេះ ឃើញ​មានការ​បង្ហោះ​តាម​បណ្តាញ​សង្គម​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​ក្មួយ​ៗ​យុវជន និង​កុមារ ធ្វើ​សកម្មភាព​រាំ​លេង​តាម​ដងផ្លូវ ទៅ​តាម​ចង្វាក់​ស៊ី​ផ្លេ បែប​ភ្លេង​របស់​រថយន្ត​ធំ​ៗ ដែល​សកម្មភាព​រាំ​លេង​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​នៅ​តាម​ដងផ្លូវ ក៏​ដូច​ជា​បង្ក​ហានិភ័យ សម្រាប់​ការ​ធ្វើ​ដំណើរ និង​ជា​ពិសេស​អាច​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ក្មួយ​ៗ តែ​ម្តង ។

ជាមួយ​គ្នា​នេះ​ដែរ សម្ដេច​ធិ​បតី បាន​បញ្ជាក់​ថា កម្លាំង​សមត្ថកិច្ច​តាម​បណ្តា​ខេត្ត​មួយ​ចំនួន បាន​ចាត់វិធានការ ដោយ​បាន​ធ្វើការ​ណែនាំ​ឱ្យ​អ្នកបើកបរ​រថយន្ត​ធំ ដោះ​ស៊ី​ផ្លេ​ខុស​លក្ខណៈ​បច្ចេកទេស​ចេញ និង​ធ្វើការ​ផ្លាស់​ប្តូរ​ស៊ី​ផ្លេ​វិញ ព្រមទាំង​ណែនាំ​ដល់​ក្មួយ​ៗ ឱ្យ​បញ្ឈប់​សកម្មភាព​នេះ ។

ដើម្បី​ឱ្យ​ការ​អនុវត្ត​វិធានការ​នេះ កាន់តែ​មាន​ប្រសិទ្ធភាព និង​កាន់តែ​ទូលំទូលាយ សម្ដេច​ធិ​បតី បាន​ណែនាំ​ដល់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ អាជ្ញាធរ​រាជធានី​-​ខេត្ត និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ធ្វើការ​សហការ​គ្នា ត្រួតពិនិត្យ និង​ធ្វើការ​ណែនាំ​ពាក់ព័ន្ធ​នឹង​លក្ខណៈ​បច្ចេកទេស​ស៊ី​ផ្លេ​រថយន្ត ដើម្បី​ទប់ស្កាត់​ភាព​អនាធិបតេយ្យ​តាម​ដងផ្លូវ​សាធារណៈ​។ ជា​ពិសេស​សម្ដេច សូម​ប្រគល់​ភារកិច្ច​ជូន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើការ​ណែនាំ និង​ចាត់វិធានការ​ឱ្យ​បាន​តឹងរ៉ឹង ដើម្បី​ទប់ស្កាត់​សកម្មភាព​អនាធិបតេយ្យ​ដែល​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​នៅ​តាម​ដងផ្លូវ​សាធារណៈ និង​អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ