ឧទ្យាន Angkor Wildlife & Aquarium ដំបូងបង្អស់របស់កម្ពុជា ផ្តល់ចំណេះដឹងថ្មីអំពីសត្វក្នុងទឹកសាប ទឹកប្រៃ និងសត្វព្រៃកម្រ
- សៀមរាប
ខេត្តសៀមរាប ៖ នៅក្នុងឧទ្យានកម្សាន្ត Angkor Wildlife & Aquarium មានសត្វទឹកសាប និងទឹកប្រៃ សត្វព្រៃដែលសុទ្ធសឹងតែជាសត្វកម្រ និងត្រូវបានអភិរក្ស ប៉ុន្តែក៏មាននាំចូលពីក្រៅប្រទេសផងដែរ ។ ភ្ញៀវទេសចរទាំងក្នុងស្រុកនិងក្រៅស្រុក ដែលបានមកលេងទីនេះ គឹមិនត្រឹមបានកម្សាន្តមើលសត្វប្លែកៗ និងស្រស់ស្អាតប៉ុណ្នោះទេ ប៉ុន្តែក៏ទទួលបានចំណេះដឹងផ្សេងៗ អំពីសត្វព្រៃកម្រ និងសត្វនៅក្នុងទឹក (ទឹកសាប និងទឹកប្រៃ) ផងដែរ ។

តាមរយៈអ្នកគ្រប់គ្រងទូទៅនៃឧទ្យាន Angkor Wildlife & Aquarium លោក អុល វណ្ណដា បានឱ្យដឹងថា ៖ «នៅទីនេះ មានសត្វចម្រុះ ដែលសត្វជាច្រើនជាសត្វក្នុងស្រុក ហើយសត្វក្នុងស្រុកយើង សត្វខ្លះគឺជាសត្វអភិរក្ស និងសត្វមួយចំនួនត្រូវបាននាំចូល ប៉ុន្តែសុទ្ធតែជាសត្វស្ថិតនៅក្នុង លក្ខខណ្ឌការងារ និងអភិរក្សទាំងអស់ ព្រោះនៅទីនេះមិនមែនជាសួនសត្វ ដែលយើងទិញយកមកដាក់តាំងបង្ហាញនោះទេ តែជាកន្លែងដែលផ្តល់ជម្រកឱ្យសត្វ ដើម្បីឱ្យសត្វមានការរស់នៅមួយដ៏ល្អប្រសើរ ប្រសិនណាវាឈឺយើងនឹងជួយ ហើយប្រសិនជាកំពុងមានការគម្រាមគំហែង យើងត្រូវជួយសង្គ្រោះវា ។ នៅពេលយើងជួយសង្គ្រោះបានហើយ យើងត្រូវយកវាទៅប្រលែងនៅដែនជម្រកអភិរក្សនៅសៀមប៉ាង» ។
លោក អុល វណ្ណដា បានប្រាប់ពីអារម្មណ៍ភ្ញៀវដូចនេះថា បន្ទាប់ពីភ្ញៀវបានទស្សនារួចហើយ ភាគច្រើនពួកគេតែងតែលើកឡើងថា ហាក់ទទួលបាននូវបទពិសោធន៍ថ្មីៗ ដែលមិនធ្លាប់មានពីមុនមក ពិសេសត្រីទឹកសាប (ស្តេចត្រីទន្លេមេគង្គ) ដូចជា ត្រីរាជ និង ត្រីគល់រាំង ត្រីប៉ាសាអ៊ី ជាដើម ។ សម្រាប់ត្រីទឹកប្រៃ យើងមានដូចជា បបែល (ច្រើនប្រភេទ) ឆ្លាម (២ ទៅ ៣ប្រភេទ) និងសត្វព្រៃមានដូចជា ខ្លាធំ ភេ ខ្លាឃ្មុំ ។ យើងមានផ្ទះសត្វល្មូនផងដែរ ដែលមានដូចជាសត្វពស់ ទាំងមានពិសនិងអត់ពិស ចំនួនច្រើនប្រភេទ ដូចនេះបងប្អូនអាចដឹងថាពស់ប្រភេទណាយើងអាចទៅជិត ពស់ប្រភេទណាយើងមិនគួរទៅជិត ។
ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium មានទីតាំងស្ថិតនៅភូមិ ខ្ចាស់ ឃុំក្បូន ស្រុកសូទ្រនិគម ក្នុងខេត្តសៀមរាប ។ ឧទ្យាននេះបានបើកដំណើរការជាផ្លូវការ កាលពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្រោមទុនវិនិយោគរួមគ្នារវាងម្ចាស់ភាគហ៊ុនខ្មែរ អាមេរិក និងជប៉ុន តម្លៃ ៧០ លានដុល្លារអាមេរិក លើផ្ទៃដីសរុប ១០០ ហិកតា ។ តម្លៃសំបុត្រចូលទស្សនាសម្រាប់ជនជាតិខ្មែរតម្លៃពី ៥.៥០ ទៅ ១១ ដុល្លារក្នុងម្នាក់ សម្រាប់ភ្ញៀវបរទសម្នាក់តម្លៃ ២០ ដុល្លារ ។
បច្ចុប្បន្នទើបតែដំណើរការគំរោងទី១លើផ្ទៃដី ១០ ហិកតាប៉ុណ្ណោះ គឺនៅមានគំរោងទី ២ និងទី ៣បន្ថែមទៀត ។ ប្រសិនបើមានការគាំទ្រពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិ នោះយើងនឹងអាចបន្តទៅគំរោងទី២និងទី៣ ដែលអាចចេញជារូបរាងបន្តបន្ទាប់ទៀត។ បច្ចុបន្នឧទ្យាននេះមានបុគ្គលិកបម្រើការងារមានចំនួន ១៤០ នាក់ (១១ នាយកដ្ឋាននិងផ្នែក) តែផ្នែកអភិរក្សសត្វមានត្រឹមតែ ១៦នាក់ប៉ុណ្ណោះ ។
គួររំលឹកផងដែរថា ក្នុងដំណើរទស្សនកិច្ចនេះរៀបចំឡើងដោយ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) គឺជាបេសកកម្មសារព័ត៌មានដ៏ធំមួយ លើប្រធានបទ «ចូលរួមផ្សព្វផ្សាយទ្រង់ទ្រាយធំស្តីពីសក្តានុពលទេស ចរណ៍ខេត្តសៀមរាប» និងបានដឹកនាំស្ថាបន័សារពត៌មានចំនួន ៣២ ស្ថាប័ន និងមានអ្នកសារព័ត៌មានចូលរួម ៤២ នាក់ ៕






















ចែករំលែកព័តមាននេះ