ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងឆេះ​ព្រៃជើងភ្នំបូកគោ អស់ជាង​៤០​ហិក​តា ដោយមិនដឹងមូលហេតុ

1 ខែ មុន
  • កំពត

ខេត្ត​កំពត ៖ មានករណី​ភ្លើងបានឆាបឆេះនៅចំណុចជើងភ្នំបូកគោ ស្ថិតក្នុងភូមិអូរតូច សង្កាត់

ខេត្ត​កំពត ៖ មានករណី​ភ្លើងបានឆាបឆេះនៅចំណុចជើងភ្នំបូកគោ ស្ថិតក្នុងភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត តាំងពីរសៀលថ្ងៃទី១៦ មីនា រហូតដល់រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ដោយបំផ្លាញព្រៃអស់ជាង៤០ហិកតា និងដំណាំចម្ការប្រជាពលរដ្ឋ ព្រមទាំងទ្រព្យសម្បត្តិមួយចំនួន។

របាយការណ៍ពីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អណ្ដូងខ្មែរបានបញ្ជាក់ថា កាលពីវេលាម៉ោង១និង​១០​នាទី​រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ មានករណីភ្លើងឆេះព្រៃត្រង់ចំណុចជើងភ្នំបូកគោក្នុងដែនឧទ្យានជាតិព្រះមុនីវង្ស ស្ថិតនៅភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ដោយមិនដឹងពីមូលហេតុ។ រហូតដល់រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមីនា ត្រង់កន្លែងខ្លះបានរលត់ដោយឯកឯង។ រីឯនៅក្បែរព្រំចម្ការ​របស់ប្រជាពលរដ្ឋគឺកម្លាំងប៉ុស្តិ៍ និងប្រជាការពារបានសហការគ្នាពន្លត់រហូតដល់យប់ជ្រៅទើប​ភ្លើងរលត់​ទៅវិញ។

តាម​របាយការណ៍បានបញ្ជាក់ទៀតថា ទោះបីមិនមាននរណាម្នាក់រងគ្រោះថ្នាក់ក្ដី តែការឆាបឆេះព្រៃអស់ប្រមាណជាង៤០ហិកតានេះបានបណ្ដាលឱ្យខូចខាតដំណាំស្វាយប្រជាពលរដ្ឋរាប់សិបដើម និងចេកអស់ជាង១០០គុម្ព ព្រមទាំងទុយោទឹកមួយចំនួនទៀតផង​។

ពាក់ព័ន្ធហេតុការណ៍ខាងលើ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានបញ្ជាក់ថា ទីតាំងដែលរងការឆាបឆេះនោះមិនមានផ្លូវសម្រាប់រថយន្តពន្លត់អគ្គីភ័យឡើងទៅដល់ទេ។ ប៉ុន្តែកម្លាំងជំនាញ និងរថយន្តបាន​ប្រចាំ​ការដោយត្រៀមជានិច្ចដើម្បីការពារលំនៅស្ថានរបស់ប្រជាពលរដ្ឋនៅតាមជើងភ្នំ។

មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពតបានបញ្ជាក់ថា ពេលនេះ មន្ត្រីឧទ្យានជាតិព្រះមុនីវង្សបូកគោកំពុងបន្តស្រាវជ្រាវអំពីដើមហេតុនៃការឆាបឆេះព្រៃ នៅចំណុចភូមិអូរតូចនោះ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

តាមច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ មាត្រា៦០ បានចែងថា ជនណាដែលបានប្រព្រឹត្តបទល្មើស ធ្វេសប្រហែសបង្កឱ្យមានភ្លើងឆេះព្រៃត្រូវផ្តន្ទាទោសជាបទល្មើសធនធានធម្មជាតិដាក់ពន្ធនា​គារ​ពី១ខែទៅ១ឆ្នាំ ឬទោសពិន័យជាប្រាក់ពី១.៥០០.០០០រៀល ដល់១៥.០០០.០០០រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ