ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើគួរខ្ចីលុយធនាគារយកមកបើកមុខរបររកស៊ីឬទេ ?

1 ខែ មុន

ការ​សម្រេចចិត្ត​ថា តើ​ត្រូវ​ចាប់ផ្តើម​អាជីវកម្ម​ដោយ​ប្រាក់​ផ្ទាល់ខ្លួន​របស់​អ្នក ឬ​ជាមួយ​ប្រាក់ កម្ចី​ពី​ធនាគារ គឺ​ពាក់ព័ន្ធ​នឹង​ការ​ថ្លឹងថ្លែង​ពី​កត្តា​ជា​ច្រើន រួម​ទាំង​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នកការ​រិះគិត​ចំពោះ​ហានិភ័យ​ផែនការអាជីវកម្ម និង​គោលបំណង​នៃ​ការ​លូតលាស់ អាជីវកម្ម​នៅ​ក្នុង​ក្តី​ស្រមៃ​របស់​អ្នក ។ ជម្រើស​ទាំង​ពីរ​មានគុណ​សម្បត្តិ…

ការ​សម្រេចចិត្ត​ថា តើ​ត្រូវ​ចាប់ផ្តើម​អាជីវកម្ម​ដោយ​ប្រាក់​ផ្ទាល់ខ្លួន​របស់​អ្នក ឬ​ជាមួយ​ប្រាក់ កម្ចី​ពី​ធនាគារ គឺ​ពាក់ព័ន្ធ​នឹង​ការ​ថ្លឹងថ្លែង​ពី​កត្តា​ជា​ច្រើន រួម​ទាំង​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នកការ​រិះគិត​ចំពោះ​ហានិភ័យ​ផែនការអាជីវកម្ម និង​គោលបំណង​នៃ​ការ​លូតលាស់ អាជីវកម្ម​នៅ​ក្នុង​ក្តី​ស្រមៃ​របស់​អ្នក ។

ជម្រើស​ទាំង​ពីរ​មានគុណ​សម្បត្តិ និង​គុណវិបត្តិ​របស់​វា ។ ដូច្នេះ​ហើយ​វា​ចាំបាច់​ដែល​អ្នក ត្រូវ​តែ​ពិចារណា​ដោយ​ប្រុង​ប្រយ័ត្ន​នូវ​កាលៈទេសៈ និង​បញ្ហា​ព្រមទាំង​ស្ថានភាព​របស់​អ្នក មុន​ពេលធ្វើការ​សម្រេចចិត្ត ។

ខាងក្រោម​នេះ គឺជា​ការ​វិភាគ​នៃ​ការ​ពិចារណា​សំខាន់​ៗ​ដែល​កម្មវិធី​លុយ​នៃ​សារព័ត៌មាន​កោះសន្តិភាព​បាន​ស្រាវជ្រាវ​សម្រាប់​ជា​ជម្រើស​នៅ​ក្នុង​ការ​សម្រេចចិត្ត​របស់​អ្នកៈ

I.​ការ​ចាប់ផ្តើម​ជាមួយ​លុយ​ផ្ទាល់ខ្លួន​របស់​អ្នក
ក​. គុណសម្បត្តិ
១.​ការ​គ្រប់គ្រង​ពេញលេញ ការ​ប្រើប្រាស់​មូលនិធិ​ផ្ទាល់ខ្លួន​របស់​អ្នក​ផ្តល់​ឱ្យ​អ្នក​នូវ​សិទ្ធិ​នៃ​ការ​គ្រប់គ្រង​ដោយ​ពេញលេញ លើ​អាជីវកម្ម​ដោយ​មិន​ចាំបាច់​ឆ្លើយ​ទៅ​កាន់​ម្ចាស់បំណុល ឫ​អ្នក​ពាក់ព័ន្ធ​ផ្សេង​ៗ ។

២.​គ្មាន​បំណុល
អ្នក​នឹង​មិន​មាន​បន្ទុក​លើ​ការ​សង​ប្រាក់​កម្ចី ឬ​ការ​ទូទាត់​ការ​ប្រាក់​ដែល​អនុញ្ញាត​ឱ្យ​អ្នក​វិនិយោគ​ប្រាក់​ចំណេញ​មក​វិញ​ក្នុង​អាជីវកម្ម ។
៣.​កាត់​បន្ថយ​ហានិភ័យ
ដោយសារ​អ្នក​មិន​ខ្ចី​លុយ​គេ វា​គ្មាន​ហានិភ័យ​នៃ​ការ​ខកខាន​ក្នុង​ការ​ទូទាត់​ប្រាក់​កម្ចី ឬ​បាត់បង់​វត្ថុ​បញ្ចាំ​ឡើយ ។

ខ​.​គុណវិបត្តិ
១.​ធនធាន​មាន​កំណត់
ការ​សន្សំ​ប្រាក់​ផ្ទាល់ខ្លួន​របស់​អ្នក​អាច​ផ្តល់​តែ​ចំនួន​ដើមទុន​ដែល​មាន​កំណត់ ដូច្នេះ​វា​អាច​ប៉ះពាល់​ដល់​ការ​កំណត់​នូវ​វិសាលភាព​នៃ​អាជីវកម្ម​របស់​អ្នក ។

២.​អាច​បាត់បង់​ឱកាស​ដោយសារ​ទុន​មិន​គ្រប់គ្រាន់ ការ​វិនិយោគ​ដោយ​ប្រាក់​ផ្ទាល់ខ្លួន​របស់​អ្នក មាន​ន័យ​ថា អ្នក​អាច​បោះបង់​ចោល​នូវ​ផល​ចំណេញ​ពី​ការ​វិនិយោគ ឬ​ប្រាក់​សន្សំ​ផ្សេង​ទៀត ។
៣.​កង្វះ​អានុភាព
បើ​គ្មាន​ហិរញ្ញប្បទាន​ពី​ខាងក្រៅ​ទេ​អ្នក​អាច​នឹង​បាត់បង់​ឱកាស ដើម្បី​ព​ន្លឿ​ន​កំណើន ឬ​ពង្រីក​ប្រតិបត្តិការ ។

II.​ការ​ចាប់ផ្តើម​ជាមួយ​កម្ចី​ធនាគារ
ក​.​គុណសម្បត្តិ
១.​លទ្ធភាព​ទទួល​បាន​ដើមទុន
កម្ចី​ធនាគារ​ផ្តល់​លទ្ធភាព​ទទួល​បាន​ដើមទុន​បន្ថែម​ភ្លាម​ៗ ដែល​អនុញ្ញាត​ឱ្យ​អ្នក​ស្វែងរក ឱកាស​អាជីវកម្ម​ធំ ឬ​ប្រតិបត្តិការ​ដែល​មាន​ទំហំ​កាន់តែ​លឿន និង​ធំ​ទូលាយ​។
២.​ការ​សន្សំទុក​នូវ​ទុនបម្រុង
ការ​ប្រើប្រាស់​មូលនិធិ​ដែល​បាន​មក​ពី​ប្រាក់​កម្ចី គឺ​អាច​ឲ្យ​អ្នករក្សា​ការ​សន្សំ​ផ្ទាល់ខ្លួន​របស់​អ្នក​សម្រាប់​គ្រាអាសន្ន ឬ​ពេល​ដែល​អ្នក​ជួប​ឱកាស​វិនិយោគ​ផ្សេង​ៗ​ទៀត​។

៣.​បង្កើត​ឥណទាន
ការ​សង​ប្រាក់​កម្ចី​ធនាគារ​ទាន់​ពេលវេលា​អាច​ជួយ​បង្កើត ឬ​កែ​លម្អ​ទម្រង់​ឥណទាន អាជីវកម្ម​របស់​អ្នក ដែល​ធ្វើ​ឱ្យ​វា​កាន់តែ​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​ហិរញ្ញប្បទាន​នា​ពេល​អនាគត ។

ខ​.​គុណវិបត្តិ
១.​កាតព្វកិច្ច​បំណុល
ការ​ខ្ចីប្រាក់​ពី​ធនាគារ​មាន​ន័យ​ថា ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​សង​ប្រាក់​ទៀងទាត់ រួម​ទាំង​ការ​ប្រាក់ ដែល​អាច​ធ្វើ​ឱ្យ​លំហូរ​សាច់ប្រាក់​របស់​អ្នកមាន​ភាព​តានតឹង ជា​ពិសេស​ក្នុង​ដំណាក់កាល ដំបូង​នៃ​អាជីវកម្ម ។

២.​ហានិភ័យ​នៃ​ការ​ខកខាន​ការ​សង់​ប្រាក់
ប្រសិនបើ​អាជីវកម្ម​បរាជ័យ​ក្នុង​ការ​បង្កើត​ប្រាក់​ចំណូល​គ្រប់គ្រាន់ ដើម្បី​សង​ប្រាក់​កម្ចី​នោះ អ្នក​អាច​ប្រថុយ​នឹង​ការ​ខកខាន​ដែល​នាំ​ឱ្យ​មានការ​រឹបអូស​ទ្រព្យសម្បត្តិ ឬ​ខូចខាត​ដល់​ពិន្ទុ ឥណទាន​របស់​អ្នក ។
៣.​ការ​ចំណាយ​លើ​ការ​ប្រាក់
ការ​បង់​រំ​លោះ​ថ្លៃដើម​នៃ​ការ​ខ្ចីប្រាក់​រួម​មានការ​ទូទាត់​ការ​ប្រាក់ ដែល​អាច​បង្កើន​ការ​ចំណាយ​សរុប​នៃ​ការ​បើក​ដំណើរការ និង​ប្រតិបត្តិការ​អាជីវកម្ម ។

ជា​ចុង​ក្រោយ ការ​សម្រេច​ថា អ្នក​គួរ​ចាប់ផ្តើម​អាជីវកម្ម​ដោយ​ប្រាក់​កម្ចី ឬ​ក៏​ប្រាក់​សន្សំ​ផ្ទាល់ខ្លួន ជា​ការ​សម្រេចចិត្ត​ដែល​គួរ​ជម្រើស​ដ៏​ល្អ​បំផុត គឺ​អាស្រ័យ​ទៅ​លើ​កាលៈទេសៈ​ជាក់លាក់​របស់​អ្នកការ​អត់ធ្មត់​ចំពោះ​ហានិភ័យ និង​គោលដៅ​ដែល​អ្នក​ចង់បាន ។ ប្រសិនបើ​អ្នកមាន​ប្រាក់​សន្សំ​ផ្ទាល់ខ្លួន​គ្រប់គ្រាន់ ហើយ​ចង់​រក្សា​ការ​គ្រប់គ្រង​ពេញលេញ​លើ​អាជីវកម្ម​របស់​អ្នកការ​ប្រើ​លុយ​ផ្ទាល់ខ្លួន​របស់​អ្នក​អាច​ជា​ជម្រើស​ដែល​ល្អ​ប្រសើរ​មួយ ។

តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ប្រសិនបើ​អ្នក​ត្រូវការ​ដើមទុន​បន្ថែម ដើម្បី​គាំទ្រ​មូលនិធិ​ដល់ គំនិត​ផ្តួចផ្តើម​ឆ្ពោះទៅ​រក​កំណើន ឬ​មាន​ស្ថានភាព​ដែល​អាច​ទូទាត់​ឬ​ដោះស្រាយ​បញ្ហា ជំពាក់​បំណុល កម្ចី​ធនាគារ​អាច​ផ្តល់​ធនធាន​ហិរញ្ញវត្ថុ​ចាំបាច់ ដើម្បី​សម្រេច​បាន​នូវ​គោល បំណង​អាជីវកម្ម​របស់​អ្នក ។

ម្យ៉ាងវិញទៀត ប្រសិនបើ​អ្នក​ពិបាក​នៅ​ក្នុង​ការ​សម្រេចចិត្ត អ្នក​ក៏​គួរតែ​ពិគ្រោះ​ជាមួយ​អ្នក​ប្រឹក្សា​ហិរញ្ញវត្ថុ ឬ​អ្នក​ណែនាំ​អាជីវកម្ម ដើម្បី​វាយតម្លៃ​លទ្ធភាព​ជោគជ័យ និង​ផល​ប៉ះពាល់​នៃ​ជម្រើស​នីមួយ​ៗ មុន​ពេលធ្វើការ​សម្រេចចិត្ត ៕ ដោយៈ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ