រាជធានីភ្នំពេញ ៖ តុលាការអន្តរជាតិក្រុងឡាអេ នឹងសម្រេចក្តីលើវិធានការបន្ទាន់ដែលស្នើដោយកម្ពុជា នៅរយៈពេលពី៤០ទៅ៤៥ថ្ងៃខាងមុខ ហើយទាក់ទិននឹងក្តីសង្ឃឹមថា តើតុលាការយុត្តិធម៌អន្តរជាតិយល់ស្របតាមសំណើរបស់កម្ពុជា ឬយ៉ាងណានោះ យើងគ្រាន់តែមានក្តីសង្ឃឹមថា យើងមានទឡ្ហីករណ៍គ្រប់គ្រាន់ដូចជាផែនទីឧបសម្ព័ន្ធ១ ដែលកំណត់អំពីខ្សែបន្ទាត់ព្រំដែនច្បាស់លាស់ ហើយថៃធ្លាប់បានលើកឡើងអំពីខ្សែទឹកនៃ ព្រំដែនមកតវ៉ាផងដែរ តែតុលាការច្រានចោល ដូច្នេះសំណើកម្ពុជាគឺជាសំណើមានហេតុផលត្រឹមត្រូវសង្ឃឹមថា តុលាការនឹងមើលឃើញទៅតាមនោះ។
នេះបើយោងតាមលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា ដែលថ្លែងប្រាប់ក្រុមអ្នកកាសែតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២ មិថុនា ២០១១ នេះ បន្ទាប់ពីលោក និងគណៈប្រតិភូបានវិលត្រឡប់ចូលរួមស្តាប់ និងតតាំងផ្នែកច្បាប់ក្នុងសវនាការរយៈពេល២ថ្ងៃនៅក្រុងឡាអេ ប្រទេសហូឡង់ នោះរួចមក ។ លោកហោ ណាំហុង បានឱ្យដឹងថា ក្នុងសវនាការរយៈពេល២ថ្ងៃកន្លងមកនេះ កម្ពុជាបានប្រាប់តុលាការពីការឈ្លានពានរបស់ប្រទេសថៃនៅតាមព្រំដែន ហើយភាគីកម្ពុជាមានមេធាវីជនជាតិបរទេស៣នាក់ រួមមាន បារាំង អង់គ្លេស និងសហរដ្ឋអាមេរិក ។ លោកប្រមុខការទូតកម្ពុជាបន្តថាគ្នុងសវនាការនោះលោកបានស្នើ៣ចំណុច គឺទី១-សុំឱ្យថៃដកកងកម្លាំងចេញពីតំបន់ប្រាសាទព្រះវិហារ គឺគ្មានតំបន់៤,៦គីឡូម៉ែត្រក្រឡានោះទេ ទី២-ស្នើឱ្យតុលាការហាមផ្តាច់កុំឱ្យមានសកម្មភាពយោធារបស់ថៃនៅតាមព្រំដែន មានន័យថា ហាមផ្តាច់កុំឱ្យមានការឈ្លានពានរបស់ថៃ និងទី៣-ត្រូវបញ្ឈប់ទង្វើ និងសកម្មភាពរបស់ថៃនាំឱ្យប៉ះពាល់ដល់សិទ្ធិរបស់កម្ពុជា និងធ្វើឱ្យសភាពការណ៍តានតឹង ។
លោកហោ ណាំហុង បញ្ជាក់ដែរថា ចំណែកភាគីថៃស្នើតែមួយចំណុចប៉ុណ្ណោះ គឺសុំឱ្យតុលាការកុំទទួលយកសំណើររបស់កម្ពុជា។ លោករដ្ឋមន្ត្រីការបរទេសបានបញ្ជាក់ទៀតថា នៅពេលនេះស្ថានភាពព្រំដែនទូទៅនៅតែមានភាពផុយស្រួយពីការឈ្លានពានរបស់ទាហានថៃគ្រប់ពេល ហើយប្រសិនបើមានការឈ្លានពានជាថ្មីនោះ អាចនឹងមានគ្រោះថ្នាក់ ឬព្រឹត្តិការណ៍ដែលមិនអាចជួសជុលបាន ខណៈដែលប្រទេសថៃមិនបានគោរពសាលក្រមតុលាការក្រុងឡាអេ ។ ទោះយ៉ាងណា លោកហោ ណាំហុង បានឱ្យដឹងបន្ថែមទៀតថា នៅពេលនេះកងទ័ពកម្ពុជាបានត្រៀម២៤ម៉ោងលើ២៤ម៉ោងដើម្បីទប់ស្កាត់ការឈ្លានពានរបស់ថៃ ។ ជាមួយគ្នានេះដែរ លោកហោ ណាំហុង ក៏បានអះអាងថា កម្ពុជាមិនបានទិញអាវុធពីប្រទេសឥណ្ឌូណេស៊ីនោះទេ ៕
ចែករំលែកព័តមាននេះ