ខេត្តពោធិ៍សាត់ ៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃអង្គារ៏ ទី១២ ខែមីនា ឆ្នាំ២០២៤នេះ បានចេញបទបញ្ជាឲ្យលោកឧត្តមសេនីយ៏ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំបញ្ជាមធ្យោបាយ គ្រឿងចក្រ និងកម្លាំងកងអន្តរាគមន៏កងរាជអាវុធហត្ថ ប្រមាណ ៣០០នាក់ ចុះជួយគាំទ្រដល់កម្លាំងគណៈបញ្ជាការឯកភាពខេត្តពោធិសាត់ ដើម្បីបើកយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ ក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិសាត់។
ចំពោះគោលដៅទីតាំងភូមិសាស្ត្រ ដែលត្រូវប្រតិបត្តិការជាអាទិភាពមាន ០៤ឃុំ និង ១៤ចំណុចធំៗ ក្នុងនោះ ៖ ទី១ នៅឃុំថ្មដា (ចំណុចខ្នង ១៦ ភូមិអូរសួស្តី ឃុំថ្មដា ស្រុកវាលវែង)។
ទី២ នៅឃុំអន្លង់រាប (ចំណុចជើងភ្នំ១៥០០ និងចំណុច៨០ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង) ចំណុចជើងភ្នំក្រឡឹង និងជួរភ្នំ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង/ចំណុចជើងភ្នំខ្មោច ភូមិអូរ១៧ ឃុំអន្លង់រាប ស្រុកវាលវែង/ចំណុចដីសហគមន៏ក្រាំងរងៀង ឃុំអន្លង់រាប/ចំណុចអូរ១ អូរ២ ចំណុចក្បាលស្ទឹងទួលល្ងៀង ភូមិអូរដីខ្មៅ ឃុំអន្លង់រាប ។
ទី៣ នៅឃុំក្រពើពីរ (ចំណុចច្រកចង្អៀត ភូមិក្រពើពីរលើ ឃុំក្រពើពីរ ព្រំប្រទល់ស្រុកវាលវែង និងស្រុកសំឡូត ខេត្តបាត់ដំបង/ចំណុចជើងភ្នំប្រើសដល់ទឹកធ្លាក់ថ្មចាំង ភូមិក្រពើពីរលើ ឃុំក្រពើពីរ/ចំណុចភ្នំតាងិល នៅចំណុចប្រសព្វរវាងភូមិអូរតាទិន ភូមិសំឡាញ និងភូមិកុំប៉ង ឃុំក្រពើពីរ/ចំណុចស្រែយក្ស ភូមិកុំប៉ង ឃុំក្រពើពីរ/ចំណុចខ្នងភ្នំព្រះអាទិត្យ ភូមិបឹងរំលេច ឃុំក្រពើពីរ ព្រំប្រទល់ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
និងទី៤ នៅឃុំប្រម៉ោយ(ចំណុចអូរទី២ ចំណុចជើងភ្នំសុគន្ធ ចំណុចអូរតាសូ ចំណុចអូរក្បាលខ្ទីង និងចំណុចអូរបេង ឃុំប្រម៉ោយ(ជាចំណុចប្រសព្វ៤ភូមិ : ភូមិស្ទឹងថ្មី ភូមិមន្ទីរពេទ្យចាស់ ភូមិផ្ចឹកជ្រុំ និងភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ)/ចំណុចខាងមុខ និងខាងក្រោយភ្នំលោកតាគ្រី ភូមិដូននាគ ឃុំប្រម៉ោយ/ចំណុចម៉ុងរី ភូមិដូងឃ្លៀង ឃុំប្រម៉ោយ ព្រំប្រទល់ជាមួយស្រុកភ្នំក្រវ៉ាញ។
បេសកកម្មនេះ មានរយៈពេលមួយខែ និងបន្តដូចភ្លៀងរលឹម នៅក្នុងគោលបំណង ដើម្បីពង្រឹងប្រសិទ្ធិភាពការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ សំដៅធានាឲ្យបាននូវនិរន្តរភាពប្រព័ន្ធអេកូឡូស៊ី ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិឲ្យបានសមស្រប។ និងដើម្បីទប់ស្កាត់ និងធ្វើការបង្ក្រាបឲ្យមានប្រសិទ្ធភាពនូវបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តពោធិសាត់ ជាពិសេសស្រុកវាលវែង ។
ទន្ទឹមនឹងនោះកម្លាំងជំនាញកងរាជអាវុធហត្ថ នឹងធ្វើការអង្កេត ស្រាវជ្រាវរកជន ដែលប្រព្រឹត្តិបទល្មើស និងជន ដែលមានការពាក់ពន្ធ័នឹងសកម្មភាពកាប់រានទន្ទ្រាន និងកាន់កាប់ដីរបស់រដ្ឋ ដើម្បីចាប់ខ្លួនជនសង្ស័យ និងប្រមូលផ្តុំរាល់វត្ថុតាង ដែលទាក់ទងជាមួយបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ និងដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់តុលាការ ស្របតាមនីតិវិធី នៃច្បាប់ ដែលចូលជាធរមាននៅក្នុងប្រទេសកម្ពុជា ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលសាលាខេត្តពោធិ៍សាត់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ អញ្ជើញដឹកនាំអង្គប្រជុំរៀបចំផែនការយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ នៅភូមិសាស្ត្រខេត្តពោធិ៍សាត់ ជាពិសេសបទល្មើសកាប់ទន្ទ្រានដីព្រៃរដ្ឋដោយខុសច្បាប់ ដែលបាននិងកំពុងកើតមានឡើងនៅក្នុងភូមិសាស្ត្រ ស្រុកវាលវែង ។
ក្នុងនោះផងដែរ ឯកឧត្តម អ៊ាង សុផល្លែត បានផ្តល់ជូនថវិកាមុន តាមសំណូមពររបស់លោកអភិបាល នៃគណៈអភិបាលខេត្ត ចំនួន ១០០លានរៀល ប្រេងសាំង ១០,០០០លីត្រ, នាយឧត្តមសេនីយ៍ សៅ សុខា ផ្តល់ជូនថវិកាចំនួន ១០០លានរៀល និងប្រេងសាំង ១០,០០០លីត្រ (សរុបថវិកា ២០០លានរៀល ប្រេងសាំង ២០,០០០លីត្រ) សម្រាប់កម្លាំងចុះប្រតិបត្តិការការពារការកាប់ទន្ទ្រានដីរដ្ឋ ៕
ចែករំលែកព័តមាននេះ