ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ចំអក​វិទ្យុ​មួយ​នៅ​ក្រៅប្រទេស ប្រើ​សម្ដី​មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច ផ្សាយ​រឿង​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ថា​មិន​មាន​វិជ្ជាជីវៈ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ ថ្លែង​ជា​សាធារណៈ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចំអក​ទៅ​កាន់​វិទ្យុ​មួយ​នៅ​ក្រៅប្រទេស ប្រើ​សម្ដី​មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច…

រាជធានី​ភ្នំពេញ ៖ ថ្លែង​ជា​សាធារណៈ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចំអក​ទៅ​កាន់​វិទ្យុ​មួយ​នៅ​ក្រៅប្រទេស ប្រើ​សម្ដី​មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពាក់ព័ន្ធ​នឹង​គម្រោង​ព្រែកជីក ហ្វូ​ណ​ន​-​តេ​ជោ គឺជា​គម្រោង អត់​បានការ គឺ​មិន​មាន​វិជ្ជាជីវៈ នោះ​ទេ ។

ក្នុង​ឱកាស​អញ្ជើញ​ត្រួតពិនិត្យ វឌ្ឍនភាព នៃ​ការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ស្ថិត​នៅ​ឃុំ​ព្រែក​ស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៤ សម្ដេច​ធិ​បតី បាន​ថ្លែង​ថា មន្ត្រី​របស់​រាជរដ្ឋាភិបាល បាន​យល់​ច្បាស់​ពី​ការ​អភិវឌ្ឍ​គម្រោង​ព្រែកជីក ហ្វូ​ណ​ន​-​តេ​ជោ ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​សេដ្ឋកិច្ចជាតិ ។

សម្តេច​ធិ​បតី នាយក​ដ្ឋ​មន្ត្រី បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​គម្រោង​ព្រែកជីក ហ្វូ​ណ​ន​-​តេ​ជោ មិនមែន​ខ្ចីប្រាក់​ពី​បរទេស មក​ធ្វើការ​អភិវឌ្ឍ​នោះ​ទេ គឺ​ធ្វើ​ឡើង​តាម​រយៈ BOT (​គឺ​ក្រុម​ហ៊ុនខ្ចី​លុយ​យក​មក​វិនិយោគ ដើម្បី​កសាង ហើយ​រដ្ឋាភិបាល​ឱ្យ​សិទ្ធិ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​) ហើយ សម្តេច​ក៏​មិន​ជឿ​ថា មន្ត្រី​រាជរដ្ឋាភិបាល មិន​ល្ងង់​ដល់​ថ្នាក់​មិន​ស្គាល់​ពាក្យ BOT នោះ​ទេ​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​បន្ថែម​ថា រាជរដ្ឋាភិបាល​មាន​ចក្ខុវិស័យ​ខ្ពស់ ក្នុង​គម្រោង​អភិវឌ្ឍន៍​នានា ទាំង​ផ្លូវអាកាស ផ្លូវទឹក និង​ផ្លូវគោក ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ ។

សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ទៀត​ថា ៖ «​មាន​អ្នកខ្លះ ១​ថ្ងៃ​ៗ វ៉ៃ​តែ​ព្រែកជីក​ហ្វូ​ណ​ន ថា​ព្រែកជីក​ហ្វូ​ណ​ន ធ្វើ​ឥតប្រយោជន៍ ធ្វើ​បាន​តែ​ផ្ទះ​លើ​ទឹក ទូក​រក​ត្រី បាន​តូចតាច​។ ខ្ញុំ​សូម​បញ្ជាក់​ថា មាន​វិទ្យុ​មួយ​នោះ ឧស្សាហ៍​និយាយ​មន្ដ្រីជាន់ខ្ពស់​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​និយាយ​ថា គម្រោង​ព្រែកជីក​ហ្វូ​ណ​ន គឺជា​គម្រោង​អត់​បានការ ហើយ​គ្មាន​បាន​ផលប្រយោជន៍​ខ្មែរ​បន្ដិច​សោះ​។ ហើយ​ទី​១ កុំទៅ​លាប​ពណ៌ មន្ដ្រីជាន់ខ្ពស់​កម្ពុជា ហើយ​ទី​២ បើ​មន្ដ្រីជាន់ខ្ពស់​នៅ​ក្រសួង​សេដ្ឋកិច្ច និយាយ​បែប​ហ្នឹង ខ្ញុំ​មិន​ជឿ​នោះ​ទេ មិន​ជឿ​មាន​មន្ដ្រី​កម្ពុជា​ណា ដែល​មិន​យល់​ហេតុផល​ថា កម្ពុជា​យក​ព្រែកជីក​ហ្វូ​ណ​ន ជា​កន្លែង​ជំពាក់​លុយ​គេ វ័ណ្ឌក យក​លុយ​គេ​មក​ធ្វើ​អត់​ប្រយោជន៍ ឱ្យ​ខ្មែរ ខ្ញុំ​ថា បើ​មន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពិត​ប្រា​ដក គេ​មិន​ល្ងង់​ដល់​ថ្នាក់​ហ្នឹង​ទេ​» ។

សម្ដេច​ធិ​បតី បន្ដ​ថា គម្រោង​ព្រែកជីក ហ្វូ​ណ​ន​-​តេ​ជោ មាន​សមត្ថភាព​ដឹក​ជញ្ជូន រហូត​ដល់​ទៅ ៣​ពាន់​តោន​។ ព្រែកជីក​ហ្វូ​ណ​ន នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ពលរដ្ឋ​កម្ពុជា ខណៈ​ដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​ប្រព័ន្ធ​ដឹក​ជញ្ជូន​ទាំង​ផ្លូវទឹក ផ្លូវគោក និង​ផ្លូវអាកាស ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​ធិ​បតី បាន​អះអាង​ថា ព្រែកជីក​ហ្វូ​ណ​ន ជួយ​កាត់​បន្ថយ ថ្លៃ​ដឹក​ជញ្ជូន​។ សម្ដេច ថា ៖ «​ព្រែក​ជី​ហ្វូ​ណ​ន គឺជា​ប្រព័ន្ធ​ចរាចរណ៍​ផ្លូវទឹក ពី​ទឹកសាប ទៅ​ទឹកប្រៃ​» ។

សូម​បញ្ជាក់​ថា គម្រោង «​ព្រែកជីក ហ្វូ​ណ​ន​-​តេ​ជោ​» មាន​ប្រវែង​១៨០​គីឡូម៉ែត្រ ចាប់ពី​ព្រែក​តាកែវ នៃ​ទន្លេមេគង្គ ឆ្លងកាត់​តាម​ព្រែក​តា​ឯក នៃ​ទន្លេបាសាក់ រួច​ចូល​តាម​ព្រែ កតា​ហ៊ីង នៃ​ទន្លេបាសាក់ ស្រុក​កោះធំ និង​បន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប ដោយ​ឆ្លងកាត់​ខេត្ត​ចំនួន​៤ រួម​មាន ៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង​ខេត្ត​កែប​។ ផ្លូវទឹក​នេះ នឹង​មាន​ទទឹង​មុខកាត់​ផ្នែក​ខាងលើ​ប្រវែង​១០០​ម៉ែត្រ និង​មុខកាត់​ផ្នែក​ខាងក្រោម​ប្រមាណ ៨០​ម៉ែត្រ និង​ជម្រៅ​ទឹក​ប្រមាណ ៥,៤​ម៉ែត្រ (​ជម្រៅ​នាវាចរណ៍ ៤,៧​ម៉ែត្រ និង​គម្លាត​សុវត្ថិភាព ០,៧​ម៉ែត្រ​) មាន​គន្លង​នាវាចរណ៍ ចំនួន ២​គន្លង អាច​ចេញ​-​ចូល និង​ជៀស​គ្នា​បាន ដោយ​សុវត្ថិភាព​។ ការ​សាងសង់​គម្រោង​ផ្លូវទឹក​ថ្មី​នេះ ត្រូវ​បាន​ប៉ាន់​ស្មានថា នឹង​ចំណាយ​ទុន​វិនិយោគ ១,៧០០​លាន​ដុល្លារ និង​រយៈពេល​សាងសង់​ប្រមាណ ៤​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ