ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ៖ ព្រ​លាន​យន្តហោះ​ថ្មី ជា​និមិត្តរូប នៃ​ការ​រីក​ចម្រើន​របស់​កម្ពុជា

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ចាត់​ទុក​ព្រ​លាន​យន្តហោះ​ថ្មី គឺជា​និមិត្តរូប នៃ​ការ​រីក​ចម្រើន​របស់​កម្ពុជា ខណៈ​ប្រទេស​មួយ​ចំនួន…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ចាត់​ទុក​ព្រ​លាន​យន្តហោះ​ថ្មី គឺជា​និមិត្តរូប នៃ​ការ​រីក​ចម្រើន​របស់​កម្ពុជា ខណៈ​ប្រទេស​មួយ​ចំនួន ចាត់​ទុក​កម្ពុជា ជា​ប្រទេស ដែល​មាន​ស្ថិរភាព និង​សន្តិភាព​រាប់​សិប​ឆ្នាំ តទៅ​ទៀត ។

ការ​គូសបញ្ជាក់​របស់​សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ដ្រី បែប​នេះ ក្នុង​ឱកាស​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការ​សាងសង់​ព្រ​លាន​យន្តហោះ អន្តរជាតិ​តេ​ជោ ស្ថិត​នៅ​ឃុំ​ព្រែក​ស្លែង ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល ព្រឹក​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៤ ។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គូសបញ្ជាក់​ថា ព្រ​លាន​យន្តហោះ​ថ្មី ដែល​កំពុង​សាងសង់ គឺជា​និមិត្តរូប នៃ​ការ​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា ដែល​ទីកន្លែង​មួយ ហើយ​វា​ជា​និមិត្តរូប នៃ​ការ​ប្រែក្លាយ​ពី​ប្រទេស ដែល​ធ្លាប់​មាន​សង្គ្រាម ទៅ​ជា​ប្រទេស ដែល​មាន​សុខ​សន្តិភាព ។

សម្ដេច​ធិ​បតី អះអាង​ថា តែ​ប្រសិនបើ មិន​មាន​សន្តិភាព​ទេ​នោះ ក៏​យើង​មិន​ចាំបាច់​កសាង​ព្រ​លាន​យន្តហោះ​តម្លៃ ១,៥០០​លាន​ដុល្លារ​អាម៉េរិក​នោះ​ទេ សូ​ម្បី​តែ​ក្រុមហ៊ុន ក៏​គេ​មិន​ហ៊ាន​ទាំង​ដាក់​ទុន​ផង កុំ​ថា​ឡើយ​អ្នក​និ​វិយោគ ទិញ​បត​នោះ គេ​ទុក​លុយ​នៅ​តៃវ៉ាន់ នៅ​ចិន នៅ​កូរ៉េ នៅ​អង់គ្លេស ចៀស​ជាង​យក​មក​ដាក់​វិនិយោគ​នៅ​ទី​នេះ តែ​ផ្ទុយ​ទៅ​វិញ គេ​ហ៊ាន​យក​មក​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ ដោយ​ការ​គិត​វែង​ឆ្ងាយ​ទៅ​អនាគត ថា​កម្ពុជា​ជា​ប្រទេស​មួយ ដែល​មាន​ស្ថិរភាព និង​សន្តិភាព​រាប់​សិប​ឆ្នាំ​តទៅ​ទៀត បានជា​គេ​ហ៊ាន​វិនិយោគ​បែប​នេះ ដែល​នេះ គឺជា​និមិត្តរូប​មួយ​ធំ​ណាស់ ។

សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា ព្រ​លាន​យន្តហោះ​អន្តរជាតិ​តេ​ជោ​នេះ គឺជា​ព្រ​លាន​យន្តហោះ ដ៏​ទំនើប​លើក​ដំបូង នៅ​កម្ពុជា ហើយ​ក៏​ជា​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ថ្មី សម្រាប់​កម្ពុជា​ផង​ដែរ ។

សម្តេច​ធិ​បតី បាន​ថ្លែង​បញ្ជាក់​ថា នៅ​ទី​នេះ​ក៏​មាន​ដែរ​នូវ​គ្រាប់​មីន និង​គ្រប់​មិន​ទាន់​ផ្ទុះ តែ​យើង​បាន​ធ្វើការ​បោសសម្អាត​អស់ហើយ​ដើម្បី​ប្រែក្លាយ​ទី​នេះ​ឱ្យទៅ​ជា​ព្រ​លាន​យន្តហោះ​ថ្មី និង​ទំនើប​ដោយ​អាច​ទទួល​ការ​ចុះ​ចត​ពី​យន្តហោះ​គ្រប់​ប្រភេទ គ្រប់​ទំហំ បាន​ទាំងអស់ ជា​កន្លែង ដែល​មាន​ចលនា​ជីវិត​រស់​រវើក ជា​កន្លែង​សម្រាប់​ទទួល​អ្នកដំណើរ​ច្រើន​លាន​នាក់​នា​ពេល​អនាគត ។

សម្តេច​ធិ​បតី បាន​បញ្ជាក់​ឱ្យ​ដឹង​ថា នៅ​ទី​នេះ​ក៏​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​នូវ​កំណើនសេដ្ឋកិច្ច តាម​រយៈ​ការ​ដឹក​មនុស្ស​ឆ្លងកាត់​ទី​នេះ ផ្ទុយ​ពី​ពេល​មុន ដែល​យើង​ប្រើប្រាស់​ព្រ​លាន​យន្តហោះ សម្រាប់​ដឹក​មនុស្ស​រត់គេច​ចេញពី​សង្គ្រាម​នោះ ។

សូម​រម្លឹក​ផង​ដែរ​ថា ការ​សាងសង់​ព្រ​លាន​យន្តហោះ​អន្តរជាតិ តេ​ជោ នេះ​ឡើង​នៅ​លើ​ផ្ទៃដី​ទំហំ​ប្រមាណ ២,៦០០​ហិ​កតា ស្ថិត​នៅ​ក្នុង​ក្រុង​តា​ខ្មៅ និង​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល និង​មួយ​ផ្នែក​ស្ថិត​នៅ​ក្នុងស្រុក​បាទី ខេត្តតាកែវ​។ ព្រ​លាន​យន្ដហោះ​ថ្មី​នេះ គឺជា​គម្រោង​ដ៏​ធំ​ដែល​មាន​ទំហំ នៃ​ការ​វិនិយោគ​ប្រមាណ ១,៥០០​លាន​ដុល្លារ​អាម៉េរិក ជា​ព្រ​លាន​យន្តហោះ​ប្រភេទ 4F ដែល​អាច​ឱ្យ​ប្រភេទ​យន្តហោះ​គ្រប់​ធុន​ចុះ​ចត​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ