ទីក្រុងតូក្យូ និងហ្សឺណែវ៖ សោកស្ដាយចំពោះក្រុមអ្នកជិះស្គីដែលជួបនឹងហេតុការណ៍អាក្រក់នៅលើទីតាំងពីរកន្លែងផ្សេងគ្នាគឺនៅប្រទេសជប៉ុនមួយកន្លែង និងនៅជួរភ្នំអាល់ (Alps) ប្រទេសស្វីសមួយកន្លែង។ ពួកគេកំពុងជិះស្គីសុខៗក៏បាក់ផ្ទាំងទឹកកកសង្កត់ពីលើ។ យើងងាកមកចាប់អារម្មណ៍ហេតុការណ៍នៅប្រទេសជប៉ុនមុនគេ។ គេដឹងថាមនុស្សយ៉ាងតិច២នាក់បានស្លាប់ហើយដោយសារហេតុការណ៍បាក់ផ្ទាំងទឹកកកនៅលើកោះហុកកៃដូ (Hokkaido) ស្ថិតនៅប្រទេសជប៉ុនភាគខាងជើង។

ពួកគេជាជនជាតិនូវែលហ្សេឡង់ទាំងពីរនាក់ ម្នាក់ជាបុរស និងម្នាក់ទៀតជាស្ត្រី។ លោកចូសួ សេឡិន (Joshua Sellens) អាយុ៣៣ឆ្នាំ និងអ្នកនាងអ៊ីសាបែល បូលតុន (Isabella Bolton) អាយុ២១ឆ្នាំបានស្លាប់នៅពេលពួកគេជិះស្គីនៅលើភ្នំកម្ពស់១៨៩៨ម៉ែត្រ។ អាជ្ញាធរបញ្ជាក់បន្ថែមថាហេតុការណ៍បាក់ផ្ទាំងទឹកកកនោះវាយប្រហារចំមនុស្សបីនាក់នៅក្នុងចំណោមមនុស្សសរុប៦នាក់ដែលឈប់សំចតនៅចង្កេះភ្នំខាងឆ្វេង។ ពោលគឺស្ថិតនៅបញ្ឆិតបន្តិចពីលើចំណុចកណ្ដាលនៃភ្នំនេះ។

អ្នកទីបីថ្វីដ្បិតមិនរងគ្រោះដល់អាយុជីវិត ប៉ុន្តែគាត់រងរបួសខ្លាំងគួរសមដែរនៅត្រង់ស្មា។ នេះបើយោងតាមការបញ្ជាក់របស់សមត្ថកិច្ចមូលដ្ឋាន។ គេជឿជាក់ថាជនរងគ្រោះទាំងពីរនាក់គាំងបេះដូងស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំងនៅពេលពួកគេគ្របដណ្ដប់ដោយទឹកកកសម្លីយ៉ាងក្រាស់ឃ្មឹក។ ក្រុមអ្នកជួយសង្គ្រោះខំដឹកពួកគេតាមឧទ្ធម្ភាគចក្រទៅមន្ទីរពេទ្យដែ។ ប៉ុន្តែមិនអាចជួយសង្គ្រោះពួកគេបានឡើយ។

ព្រឹត្តិការណ៍ស្លាប់អ្នកជិះស្គីនៅជួរភ្នំអាល់
បើគេក្រឡេកទៅមើលស្ថានភាពនៅជួរភ្នំអាល់ ប្រទេសស្វីសឯណោះវិញ ក្រុមអ្នកជួយសង្គ្រោះប្រើប្រាស់ឧទ្ធម្ភាគចក្រជាច្រើនគ្រឿងដើម្បីពិនិត្យមើលទិដ្ឋភាពពីលើអាកាស និងដើម្បីរកមើលអ្នកជិះស្គីម្នាក់ដែលបាត់ខ្លួនក្រោយហេតុការណ៍អាក្រក់ដែលសម្លាប់មនុស្ស៥នាក់។ អាជ្ញាធរមិនទាន់បញ្ជាក់ថាតើពួកគេស្លាប់ដោយសារមូលហេតុអ្វីពិតប្រាកដទេ។ ពួកគេគ្រាន់តែបង្ហើបឱ្យដឹងថានៅពេលនោះមានហេតុការណ៍បាក់ផ្ទាំងទឹកកកគួបផ្សំនឹងខ្យល់កន្ត្រាក់ និងអាកាសធាតុត្រជាក់។

គេអាចចាត់ទុកថាហេតុការណ៍នេះបានសម្លាប់មនុស្សច្រើនមិនធ្លាប់មាននៅលើជួរភ្នំអាល់ប៉ែកខាងប្រទេសស្វីសនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ នៅក្នុងការស្វែងរកអ្នកបាត់ខ្លួនលើកនេះ គេប្រើប្រាស់ឧទ្ធម្ភាគចក្រ១១គ្រឿង។ ក្រៅពីនេះ គេក៏បានប្រើប្រាស់មនុស្សមានគ្នា៥នាក់ដើម្បីស្វែងរកតាមផ្លូវគោកនៅតំបន់ព្រំដែនរវាងប្រទេសស្វីស និងអ៊ីតាលី។ បេសកកម្មស្វែងរកលើកនេះជួបប្រទះនឹងឧបសគ្គជាច្រើនដោយសារខ្យល់កន្ត្រាក់ធ្លាក់មកឥតដាច់គួបផ្សំនឹងការធ្លាក់ទឹកកកឥតដាច់។

សមត្ថកិច្ចប្រាប់ថាអ្នកជិះស្គីទាំងនោះអាយុចន្លោះពី២១-៥៨ឆ្នាំ។ អាជ្ញាធរបន្តការស៊ើបអង្កេតជាផ្លូវការ និងជំរុញឱ្យអ្នកដែលចង់ជិះស្គីកម្សាន្តលើវាលទឹកកកសូមមេត្តាប្រុងប្រយ័ត្នឱ្យមែនទែន។ ជួនកាលយើងមើលមិនឃើញទេ។ នៅសុខៗស្រាប់តែបាក់ផ្ទាំងទឹកកកសង្កត់ពីលើយើងតែម្ដង។ កាលពីចុងសប្ដាហ៍កន្លងទៅនេះក៏មានហេតុការណ៍ស្លាប់អ្នកជិះស្គីម្នាក់ផងដែរដែលគាត់ជិះតែម្នាក់ឯងប៉ុណ្ណោះនៅលើទីតាំងដដែលនេះ។ ដោយឡែក ច្រកផ្លូវឆ្ពោះទៅកាន់តំបន់រមណីយដ្ឋានដ៏ពេញនិយមឈ្មោះហ្សឺម៉ាត់ (Zermatt) ត្រូវផ្អាកដំណើរការជាបណ្ដោះអាសន្នដោយសារផ្ទាំងទឹកកកបាក់សង្កត់ពីលើ៕
ប្រភព៖ Reuters, Daily Mail, Japan Today
https://www.reuters.com/world/europe/helicopters-search-skier-switzerland-five-others-found-dead-2024-03-11/
https://www.dailymail.co.uk/news/article-13185111/Isabella-Bolton-Japan-avalanche-volcano.html
https://japantoday.com/category/national/2-dead-after-avalanche-hits-backcountry-skiers-in-japan’s-hokkaido


ចែករំលែកព័តមាននេះ