ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្អាតមែន! ទិនហ្វី យកអ្នកចាំទីស្អាតបំផុតរបស់​ចិន សម្តែងរឿង «បាល់ទាត់នារីសៅលីង» របស់ខ្លួន

1 ខែ មុន

ហុងកុង ៖ កីឡាការិនីបាល់ទាត់ Zhao Lina ដែលត្រូវបានគេដាក់ឈ្មោះថា «អ្នកចាំទីស្រស់ស្អាតបំផុត

0:00
0:00

ហុងកុង ៖ កីឡាការិនីបាល់ទាត់ Zhao Lina ដែលត្រូវបានគេដាក់ឈ្មោះថា «អ្នកចាំទីស្រស់ស្អាតបំផុតរបស់ប្រទេសចិន» នឹងចូលរួមសម្ដែងនៅក្នុងខ្សែភាពយន្តថ្មី ដែលដឹកនាំដោយកំពូលតារាសម្ដែងកំប្លែងរបស់ហុងកុង លោក Stephen Chow ដែលប្រជាជនកម្ពុជាយើងស្គាល់យ៉ាងច្បាស់ថា «ទិនហ្វី»។

កាលពីដើមខែមីនា ឆ្នាំ២០២៤ កីឡាការិនី Zhao Lina អាយុ៣៣ឆ្នាំ បានធ្វើដំណើរទៅកាន់ទីក្រុងហុងកុង ដើម្បីជួបជាមួយលោក Stephen Chow ដើម្បីពិភាក្សាអំពីសកម្មភាពនានានៃការសម្ដែងរបស់នាង នៅក្នុងខ្សែភាពយន្តដែលមានចំណងជើងថា «Shaolin Women’s Soccer» ឬ «បាល់ទាត់នារីសៅលីង»ដែលយើងអាចនិយាយបានថាជាខ្សែភាពយន្តវគ្គ២ បន្ទាប់ពី «Shaolin Soccer» ឬ «បាល់ទាត់សៅលីង» កាលពីឆ្នាំ ២០០១ ដ៏ល្បីល្បាញបំផុត ដែលដឹកនាំដោយលោក Stephen Chow ក៏ដូចជាចូលរួមសម្ដែងខ្លួនឯងផ្ទាល់ផងដែរ។

អាជីពបាល់ទាត់ដ៏អស្ចារ្យរបស់កីឡាការិនី Zhao Lina មានរយៈពេល១៨ឆ្នាំ ហើយនៅឆ្នាំ ២០២៣ នាងបានប្រកាសចូលនិវត្តន៍ពីអាជីពមួយនេះ។ ចាប់តាំងពីពេលនោះមក Zhao Lina បានប្រឡូកក្នុងវិស័យសិល្បៈ ជាមួយនឹងការចេញវីដេអូចម្រៀងនៅក្នុងកម្មវិធី «Ride the Wind» និងក្លាយជាតារាបង្ហាញម៉ូត ថតស្ប៉តពាណិជ្ជកម្ម និងបានចូលប្រឡូកក្នុងវិស័យសម្ដែង ដោយបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងរឿងភាគទូរទស្សន៍ «Hear What You Say» កាលពីខែមករា កន្លងទៅថ្មីៗនេះ។

ទោះបីជាចាកចេញពីអាជីពបាល់ទាត់ក៏ដោយ ប៉ុន្តែ Zhao Lina កម្ពស់១,៨២ម៉ែត្រ នៅតែរក្សានូវចំណង់ចំណូលចិត្តដែលមិនផ្លាស់ប្ដូរសម្រាប់កីឡានេះ ហើយនាងតែងតែបង្ហាញក្ដីប្រាថ្នាចង់ចូលរួមចំណែកនៅក្នុងភាពយន្ត ដែលបង្ហាញពីជីវិតរបស់កីឡាការិនីបាល់ទាត់។ មិនតែប៉ុណ្ណោះ នាង​ថែម​ទាងបានបង្ហាញពីបំណងចង់បង្ហាញពីការស្រឡាញ់កីឡាក្នុងចំណោមកុមារី នៅតាមជនបទផង​ដែរ។

បើយោងតាមប្រភពពីសារព័ត៌មាន Ifeng រាយការណ៍ថា ដោយទទួលស្គាល់ចំពោះការសម្របសម្រួលផ្នែកសម្លៀកបំពាក់ដ៏ល្អឥតខ្ចោះ និងមន្តស្នេហ៍ក្នុងការបង្ហាញម៉ូដ កញ្ញា Zhao Lina បានទទួលការកោតសរសើរពីសំណាក់អ្នកគ្រប់គ្នា ចំពោះអារម្មណ៍លើវិស័យម៉ូដរបស់នាង ដែលជាញឹកញាប់តែងតែជ្រើសរើសសម្លៀកបំពាក់ប្រណិតៗ និងភាគច្រើនជាពណ៌ស។

ក្រៅពី Zhao Lina កីឡាការិនី Li Jiayue ខ្សែការពារក្រុមជម្រើសជាតិចិន បច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្លិប Galatasaray នៅប្រទេសតួកគី ក៏ចូលរួមសម្ដែងនៅក្នុងខ្សែភាពយន្តថ្មីរបស់ Stephen Chow ផងដែរ។

គួររំលឹកថា Zhao Lina បានក្លាយជាកីឡាការិនីបាល់ទាត់អាជីពនៅឆ្នាំ ២០០៥ ដោយលេងឱ្យក្លិប Shanghai RCB តាំងពីដើមរហូតមក និងត្រូវបានកោះហៅចូលក្រុមជម្រើសជាតិនារីចិន នៅឆ្នាំ ២០១៥ ដោយបានឈ្នះជើងឯកពានរង្វាន់ AFC Women’s Asian Cup ឆ្នាំ ២០២២ ផងដែរ មុនពេលចូលនិវត្តន៍នៅខែមេសា ឆ្នាំ២០២៣។ កីឡាករបាល់ទាត់ដែលនាងចូលចិត្តជាងគេគឺកីឡាករអេស្ប៉ាញ David de Gea អតីតអ្នកចាំទីក្រុមបិសាចក្រហម Manchester United ៕ (ប្រភព ៖ VnExpress)

កីឡាការិនី Li Jiayue
កីឡាការិនី Li Jiayue

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ