រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៦ នៅសណ្ឋាគារ រ៉ាហ្វល ភ្នំពេញ ក្រុមហ៊ុន មិត្តហ្វូន បានរៀបចំកម្មវិធីមហាសន្និបាតបច្ចេកវិទ្យាសហគ្រាសមិត្តហ្វូន ឆ្នាំ ២០២៦ (Metfone Enterprise Tech Summit 2026) ដោយមានការចូលរួមពីតំណាងធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFIs) ដៃគូបច្ចេកវិទ្យា និងអ្នកជំនាញឈានមុខគេក្នុងវិស័យ AI ទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលយ៉ាងច្រើនកុះករ ។

ក្នុងបរិបទដែលបរិវត្តកម្មឌីជីថលកំពុងក្លាយជាអាទិភាពយុទ្ធសាស្ត្រសម្រាប់វិស័យហិរញ្ញវត្ថុ ព្រឹត្តិការណ៍នេះមិនត្រឹមតែជាវេទិកាសម្រាប់ដាក់បង្ហាញនូវដំណោះស្រាយបច្ចេកវិទ្យាចុងក្រោយបំផុតរបស់មិត្តហ្វូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាសម្រាប់ថ្នាក់ដឹកនាំធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការតភ្ជាប់ទំនាក់ទំនង ចែករំលែកបទពិសោធន៍ ធ្វើបច្ចុប្បន្នភាពលើនិន្នាការឧស្សាហកម្ម និងរួមគ្នាបង្កើតអនាគតនៃប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុឌីជីថលរបស់កម្ពុជា ។

នៅក្នុងសុន្ទរកថា បើកកម្មវិធី លោក អ៊ុក ជីបផល អគ្គនាយករងក្រុមហ៊ុន មិត្តហ្វូន បានសង្កត់ធ្ងន់ថា ៖ “បរិវត្តកម្មឌីជីថលលែងជាជម្រើសទៀតហើយ ប៉ុន្តែវាគឺជាផ្លូវដែលមិនអាចខ្វះបានសម្រាប់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង កែលម្អបទពិសោធន៍អតិថិជន និងសម្រេចបាននូវកំណើនប្រកបដោយចីរភាព។ ជាមួយនឹងមូលដ្ឋានគ្រឹះហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំ និងប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយដ៏ទូលំទូលាយ មិត្តហ្វូនប្តេជ្ញារួមដំណើរជាមួយដៃគូរបស់យើងនៅគ្រប់ដំណាក់កាលនៃដំណើរផ្លាស់ប្តូររបស់ពួកគេ” ។

ក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះ មិត្តហ្វូន បានណែនាំនូវប្រព័ន្ធអេកូឡូស៊ីនៃដំណោះស្រាយរួមបញ្ចូលគ្នាដែលផ្តោតលើវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ដោយផ្តោតលើបច្ចេកវិទ្យាជំនាន់ថ្មីដូចជា បញ្ញាសិប្បនិម្មិត (AI) ទិន្នន័យធំ (Big Data) សន្តិសុខសាយប័រ បច្ចេកវិទ្យាខ្លោដ (cloud computing) និងដំណោះស្រាយការតភ្ជាប់ដែលមានសុវត្ថិភាព ។ ដំណោះស្រាយទាំងនេះត្រូវបានរចនាឡើងប្រកបដោយភាពបត់បែន ងាយស្រួលក្នុងការបញ្ចូលគ្នា និងតម្រូវទៅតាមស្ថានភាពប្រតិបត្តិការជាក់ស្តែងរបស់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ដើម្បីជួយកាត់បន្ថយចំណាយ ពង្រឹងសន្តិសុខ បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងជំរុញការច្នៃប្រឌិត ។
លើសពីនេះ កិច្ចពិភាក្សាដេញដោលយ៉ាងស៊ីជម្រៅដោយមានការចូលរួមពីអ្នកជំនាញ AI និងទិន្នន័យ តំណាងធនាគារ និងថ្នាក់ដឹកនាំមិត្តហ្វូន បានផ្តល់នូវការយល់ដឹងជាក់ស្តែងអំពីនិន្នាការបច្ចេកវិទ្យា និងបញ្ហាប្រឈមក្នុងការអនុវត្តក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ ដៃគូយុទ្ធសាស្ត្រដូចជា Cisco, eMoney និង Viettel IDC ក៏បានចែករំលែកនូវគំរូ និងដំណោះស្រាយកម្រិតខ្ពស់ ដែលរួមចំណែកដល់ការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីឌីជីថលដែលមិត្តហ្វូនកំពុងកសាងសម្រាប់វិស័យ BFSI ផងដែរ ។

ជាចំណុចសម្គាល់ដ៏សំខាន់ ព្រឹត្តិការណ៍នេះក៏បានបង្ហាញពីការបោះជំហានជាយុទ្ធសាស្ត្ររបស់មិត្តហ្វូន ក្នុងការផ្លាស់ប្តូរខ្លួនពីក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍បែបប្រពៃណី (Telco) ទៅជាក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល (Techco) ។ ក្រៅពីសេវាកម្មតភ្ជាប់ មិត្តហ្វូនកំពុងពង្រីកសមត្ថភាពយ៉ាងខ្លាំងក្លាទៅលើវេទិកាឌីជីថល សេវាកម្មទិន្នន័យ AI ខ្លោដ និងដំណោះស្រាយបច្ចេកវិទ្យាជាក់លាក់សម្រាប់វិស័យហិរញ្ញវត្ថុ ដោយបោះជំហានជាបណ្តើរៗក្នុងការកំណត់ទីតាំងខ្លួនឯងជាដៃគូបរិវត្តកម្មឌីជីថលដ៏ទូលំទូលាយសម្រាប់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ។

កម្មវិធី Metfone Enterprise Tech Summit 2026 បញ្ជាក់កាន់តែច្បាស់នូវទិសដៅយុទ្ធសាស្ត្ររបស់មិត្តហ្វូនក្នុងការពង្រីកអាជីវកម្មបែប B2B ជាពិសេសក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ព្រមទាំងបង្ហាញពីតួនាទីឈានមុខគេក្នុងការនាំយកបច្ចេកវិទ្យាទំនើបៗឱ្យកាន់តែខិតជិតដល់សហគមន៍ហិរញ្ញវត្ថុ ។ វាក៏តំណាងឱ្យជំហានឆ្ពោះទៅមុខដ៏សំខាន់មួយក្នុងដំណើរការរបស់មិត្តហ្វូន ដើម្បីរួមដំណើរជាមួយកម្ពុជាក្នុងការកសាងអនាគតហិរញ្ញវត្ថុឌីជីថលដែលមានសុវត្ថិភាព បរិយាបន្ន និងមានចីរភាព ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ