រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន អ៊ីអេហ្វជី កម្ពុជា ជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុន ដែលបានបើកអាជីវម្ម លើវិស័យម្ហូបអាហារ និងភេសជ្ជៈចម្រុះមុខជាច្រើនប្រភេទ នៅព្រះរាជាណាចក្រកម្ពុជា។ មានច្រើនម៉ាក និងហាងប្រមាណ១០០ នៅទូទាំងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ និងខេត្តផ្សេងៗទៀត ក្រុមហ៊ុនអ៊ីអេហ្វជីបានបម្រើ នូវសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជូនដល់អតិថិជនកម្ពុជារាប់សែននាក់ជារៀងរាល់ខែ។ ក្រុមការងារប្រមាណ ជាង៦៥០នាក់ កំពុងបំរើការ ផ្តល់សេវាជូនអតិថិជនជារៀងរាល់ថៃ្ង នៅទូទាំងប្រទេសកម្ពុជា ។
គុណភាព នៃសេវាកម្ម និងម្ហូបអាហារ ស្តង់ដាបទដ្ឋានម្ហូបអាហារនៅក្នុងចង្ក្រាន និងភាពឥតខ្ចោះក្នុងការប្រតិបត្តិការងារ និងបទពិសោធន៍ ដែលអតិថិជនរំពឹងទុក នៅតាមបណ្តាហាងទាំងអស់របស់ក្រុមហ៊ុន អ៊ីអេហ្វជី កម្ពុជា នៅតែមិនមានការប្រែប្រួលឡើយ ។
ក្រុមហ៊ុនបានធ្វើការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស និងស្តង់ដាប្រតិបត្តិការរបស់ខ្លួនឥតឈប់ឈរ ជាមួយនឹងភាពរីកចម្រើនដែលបានកសាងឡើងអស់រយៈពេលជាង២ទសវត្សរ៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏កំពុងបន្តឥតឈប់ឈរ ។
ថ្ងៃនេះ អ៊ីអេហ្វជី កម្ពុជា សូមប្រកាសជូនថា ក្រុមហ៊ុនកំពុងតែរៀបចំដើម្បីបើក ហាងភីហ្សាថ្មី ជាម៉ាកយីហោបង្កើតថ្មីដោយផ្ទាល់របស់ខ្លួន ។ នេះជាសករាជថ្មីរបស់ក្រុមហ៊ុនអ៊ីអេហ្វជីកម្ពុជា ជាប្រតិបត្តិករ ឯករាជ្យ ពីម៉ាកទិញសិទ្ធិផ្តាច់មុខ (Franchise)។
ការបណ្តាក់ទុនថ្មីនេះ ផ្តើមចេញពីបទពិសោធន៍ដែលក្រុមហ៊ុនអ៊ីអេហ្វជី រៀនសូត្រពីអាជីវកម្មកន្លងមក ដូចជា ការស្វែងយល់យ៉ាងស៊ីជម្រៅអំពីអតិថិជនរបស់ខ្លួន បទពិសោធន៍អនុវត្តន៍ស្តង់ដាប្រតិបត្តិ ជាង២០ឆ្នាំកន្លងមក ការផ្គត់ផ្គង់គ្រឿងផ្សំសាច់បន្លែក្នុងស្រុក និងការយល់ច្បាស់ពីសហគមន៍នៅជុំវិញខ្លួន ។ ជាលទ្ធផល វានឹងជាហាងភីហ្សាមួយ ដែលបង្កើតឡើងសំរាប់ប្រទេសខ្មែរ ដោយកូនខ្មែរ ។
លោក ទេព វិរៈ អគ្គនាយកក្រុមហ៊ុន អ៊ីអេហ្វជី កម្ពុជា បានលើកឡើងថា៖ “អតិថិជនរបស់យើងបានគាំទ្រ និងនៅជាមួយពួកយើងគ្រប់អាជីវកម្មទាំងអស់ អស់រយៈពេលជាយូរណាស់មកហើយ។ ពួកគាត់បានយល់ច្បាស់ពីគោលជំហររបស់យើង។ អ្វីដែលយើងកំពុងបង្កើតនេះគឺសម្រាប់ពួកគាត់ ។ វាជាអ្វីដែលថ្មី ដែលពួកគាត់ធ្លាប់ស្គាល់ តែវាជាសមិទ្ធិផលដែលយើងហៅថាជារបស់យើង ខ្មែរ ! ” ក្រុមហ៊ុនអ៊ីអេហ្វជី កម្ពុជា នឹងធ្វើការប្រកាសសេចក្តីលម្អិត និងសម្ពោធបើកជាផ្លូវការនៅខែឧសភា ឆ្នាំ២០២៦ ខាងមុខ នេះ៕
ចែករំលែកព័តមាននេះ