ប្រទេសប្រេស៊ីល ៖ រូបភាព២សន្លឹក កំពុងផ្ទុះកក្រើកបណ្តាញទំនាក់ទំនងសង្គមនៅលើពិភពលោក បង្ហាញពីសត្វ Sloth ឬសត្វខ្ជិលច្រអូស ១ក្បាលកំពុងឱបការពារសុនខតូចពូជ Chihuahua ១ក្បាលរង់ចាំគេមកជួយសង្គ្រោះ អំឡុងពេលមានគ្រោះទឹកជំនន់នៅក្នុងប្រទេសប្រេស៊ីល។
តាមគេហទំព័រហ្វេសប៊ុក StoryTime ដែលមានអ្នកតាមដានជាង ១,៤ លាននាក់ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ បានឱ្យដឹងថា មន្ត្រីសង្គ្រោះស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯង ក្រោយពីឃើញសត្វ Sloth ១ក្បាលឱបការពារសុនខ Chihuahua ១ក្បាល អំឡុងទឹកជំនន់កំពុងហក់ឡើងខ្លាំង។
ប្រភពដដែលបន្តដថា ប្រជាជនត្រូវបានជម្លៀសចេញរួចរាល់ហើយ មុនពេលទឹកជំនន់ហក់ឡើងមកដល់តំបន់នោះ ប៉ុន្តែបណ្តាកងកម្លាំងសង្គ្រោះ និងអ្នកស្ម័គ្រចិត្ត នៅតែបន្តរុករកតាមផ្ទះ និងទីតាំងជាច្រើនផ្សេងទៀត ក្រែងមានរណាម្នាក់មិនទាន់ចាកចេញ។
អ្វីដែលភ្ញាក់ផ្អើលបំផុត អំឡុងពេលដំណើររុករក ភ្លាមៗនោះ ក្រុមសង្គ្រោះស្រាប់តែបានឮសំឡេងសុនខព្រុស។ សំឡេងនោះបាននាំពួកគេទៅដល់ទីធ្លាផ្ទះ១កន្លែងដែលលិចទឹកពាក់កណ្តាលបាត់ទៅហើយ និងបានឃើញសុនខ Chihuahua ដ៏តូច១ក្បាល កំពុងជាប់លើមែកឈើខ្ពស់មួយ។ ទោះយ៉ាងណាក៏ដោយ រឿងនឹកស្មានមិនដល់នោះគឺ សុនខនោះមិនមែននៅតែឯងទេ តែមានសត្វ Sloth ១ក្បាលទៀត កំពុងតោងជាប់នឹងមែកឈើក្បែរនោះ ដោយឱបសុនខតូចកំពុងរងាញ័រទទ្រើកយ៉ាងជាប់ ហាក់ដូចជាដឹងថាកម្លាំងទឹកហូរនៅខាងក្រោមមានគ្រោះថ្នាក់ខ្លាំងណាស់។
ដោយខ្លាចសត្វទាំងពីរផ្អើល ក្រុមសង្គ្រោះបានព្យាយាមធ្វើចលនាយឺតៗទៅជិត។ ផ្ទុយទៅវិញ សត្វ Sloth មិនបានភ័យស្មន់ស្មោរទេ ហើយថែមទាំងបានលាដៃហ៊ុចសុនខនោះទៅឱ្យក្រុមសង្គ្រោះមុន ហើយនៅពេលសុនខមានសុវត្ថិភាព មន្ត្រីសង្គ្រោះបានព្យាយាមជួយសត្វ Sloth នោះដែរ ប៉ុន្តែស្រាប់តែវាបែរជាវាឡើងទៅលើដើមឈើកាន់តែខ្ពស់ ដោយស្ងប់ស្ងាត់ និងគ្មានការភិតភ័យសូម្បីបន្តិច ហាក់ដូចជាគ្រាន់តែនៅរង់ចាំនរណាម្នាក់មកជួយសង្គ្រោះសុនខនោះតែប៉ុណ្ណោះ។
មកទល់ពេលនេះ គ្មាននរណាម្នាក់ដឹងថា សត្វ Sloth ទៅដល់ទីនោះដោយរបៀបណា ឬហេតុអ្វីបានជាវាជួយឱបការពារសុនខនោះឱ្យឆ្លងផុតពីទឹកជំនន់ឡើយ? ប៉ុន្តែតាមក្រុមសង្គ្រោះបាននិយាយថា រឿងមួយដែលបង្ហាញនោះ គឺសត្វ Sloth ១ក្បាលនោះ មិនចង់ឱ្យគេជួយសង្គ្រោះវាមុនទេ ព្រោះវាចង់ឱ្យគេជួយសង្គ្រោះសុនខនោះមុន។
គួរបញ្ជាក់ថា សត្វ Sloth ឬគ្រប់គ្នាស្គាល់ថា សត្វស្លូតបូតបំផុតនោះ គឺជាថនិកសត្វម្យ៉ាងល្បីខ្លាំងដោយសារតែចលនាយឺតបំផុត និងរស់នៅលើដើមឈើ ហើយភាគច្រើនពួកគេវារស់នៅក្នុងព្រៃទឹកភ្លៀងនៃតំបន់អាមេរិកកណ្តាល និងអាមេរិកខាងត្បូង។ ក្រៅពីជាសត្វស្លូតបំផុត Sloth ក៏ត្រូវបានគេដាក់រហស្សនាមឱ្យថា សត្វខ្ចិលច្រអូសផងដែរ៕


ចែករំលែកព័តមាននេះ