ខេត្តកណ្តាល ៖ លោកឧកញ៉ាភឺន ផល្លា ទីប្រឹក្សាសម្តេចអគ្គមហាធម្មពោធិសាលជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាអនុប្រធានទី១ ក្រុមការងារចុះជួយឃុំពើក បានធ្វើការដាស់តឿនឱ្យសិស្សខិតខំរៀនសូត្រដោយការព្យាយាមជាធំ ដើម្បីឱ្យក្លាយទៅជាទំពាំងស្នងឫស្សីសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត ។ ម្យ៉ាងទៀតសូមកុំយល់ថា សិស្សខ្លះរៀនខ្លាំងពូកែ អួតអាងថាមកពីពូជគេពូកែ ឯសិស្សខ្លះទៀតរៀនមិនពូកែបន្ទោសថា គ្រូមិនល្អឱ្យសោះ គឺនិយាយឱ្យចំមកពីការខិតខំព្យាយាមដោយសារអំណត់តែប៉ុណ្ណោះ ។
ចំណែកឯលោកគ្រូ អ្នកគ្រូ គឺជាមាតាបិតាទី២របស់ក្មួយៗទាំងអស់គ្នាដែលខិតខំប្រឹងប្រែងបង្ហាត់បង្រៀនអស់ពីកម្លាំងកាយចិត្តមិនគិតពីការនឿយហត់នោះឡើយ ដូច្នេះយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ស្តាប់គ្រូពន្យល់ ដោយយកចិត្តទុកដាក់ ទើបក្លាយទៅជាសិស្សពូកែ និងស័ក្តិសមជាទំពាំងស្នងឫស្សីបាន។ ជាងនេះទៅទៀត សព្វថ្ងៃការសិក្សារបស់ក្មួយៗគឺមានលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ព្រោះសាលារៀនស្ថិតនៅជិតផ្ទះមានយានជំនិះជាមធ្យោបាយធ្វើដំណើរគ្រប់គ្រាន់ ជាពិសេសមានផ្លូវថ្នល់ល្អ ធ្វើដំណើរបានឆាប់រហ័សទៀតផង ។
លោកឧកញ៉ាភឺន ផល្លា មានប្រសាសន៍បែបនេះនៅពេលអញ្ជើញជាអធិបតីនៅក្នុងកម្មវិធីមីទ្ទីងខួបលើកទី៦២ នៃទិវាកុមារអន្តរជាតិ ដែលប្រព្រឹត្តទៅកាលពីវេលាព្រឹកថ្ងៃទី១ មិថុនា ឆ្នាំ២០១១ នៅក្នុងបរិវេណអនុវិទ្យាល័យអង្គស្នួល ដែលមានទីតាំងភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ អញ្ជើញចូលរួមក្នុងពិធីនោះមានលោកលី វណ្ណារ៉ា អនុប្រធានទី២ ក្រុមការងារចុះជួយឃុំពើក អាជ្ញាធរឃុំពើក លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សនៅអនុវិទ្យាល័យខាងលើ និងសិស្សមកពីសាលាបឋមសិក្សាហ៊ុន សែន វត្តចំបក់ ផងដែរ។
នៅក្នុងឱកាសនោះ លោកឧកញ៉ាភឺន ផល្លា បានអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើជូនជនរួមជាតិក្នុងឱកាសខួបលើកទី៦២ ទិវាកុមារអន្តរជាតិ១ មិថុនា ខួបលើកទី១០ ទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០១១ ចែកជូនដល់ប្អូនៗសិស្សានុសិស្សទាំងអស់បានស្តាប់ និងយល់ដឹង ។
បន្ទាប់ពីអានសារលិខិតចប់ លោកឧកញ៉ាភឺន ផល្លា និងលោកលី វណ្ណារ៉ា បានចែកនំបុ័ងទឹកបរិសុទ្ធដល់សិស្សចំនួន៧៥៧នាក់ ចែកវត្ថុអនុស្សាវរីយ៍ដល់លោកគ្រូ អ្នកគ្រូចំនួន៤៣នាក់ ក្នុងម្នាក់ៗទទួលបានក្រមា១ ឧបត្ថម្ភដល់សាលាបឋមសិក្សាហ៊ុន សែន វត្តចំបក់ ចំនួន១០ម៉ឺនរៀល សាលាបឋមសិក្សាអង្គស្នួលចំនួន១០ម៉ឺនរៀល និងអនុវិទ្យាល័យអង្គស្នួលចំនួន១០ម៉ឺនរៀល ។ ដោយឡែកលោកគ្រូ អ្នកគ្រូនៃសាលាខាងលើនៅចុងកម្មវិធីបានរៀបចំឱ្យសិស្សទាំងអស់លេងល្បែងកម្សាន្តប្រជាប្រិយផ្សេងៗយ៉ាងសប្បាយរីករាយ ដូចជាការលេងរាំប្រឡងដណ្តើមយកកៅអីអង្គុយ បូមទឹកដាក់ដប និងចូលក្នុងបាវលោតប្រណាំងគ្នាជាដើម ៕
ចែករំលែកព័តមាននេះ