ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ស្នើ​សុំ​អា​មេ​រិ​ក រួម​គ្នា​ជួយ​លើ​វិស័យ​ឧតុនិយម ជា​ពិសេស​ការ​ព្យាករ​អាកាសធាតុ ដើម្បី​កាត់​បន្ថយ​គ្រោះ​ធម្មជាតិ​នានា នៅ​កម្ពុជា

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ស្នើ​ដល់​ឯកអគ្គរាជទូត​អា​មេ​រិ​ក ផ្តល់​នូវ​កិច្ច​សហ​ប្រតិបត្តិ​លើ​វិស័យ​ឧតុនិយម ជា​ពិសេស​ការ​ព្យាករ​អាកាសធាតុ ដើម្បី​ឈាន​ដល់​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​ធម្មជាតិ​នានា នៅ​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ស្នើ​ដល់​ឯកអគ្គរាជទូត​អា​មេ​រិ​ក ផ្តល់​នូវ​កិច្ច​សហ​ប្រតិបត្តិ​លើ​វិស័យ​ឧតុនិយម ជា​ពិសេស​ការ​ព្យាករ​អាកាសធាតុ ដើម្បី​ឈាន​ដល់​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​ធម្មជាតិ​នានា នៅ​កម្ពុជា ។

ការ​ស្នើ​នេះ ខណៈ​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​សហរដ្ឋអាមេរិក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​គណៈប្រតិភូ ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្តីការក្រសួង នា​ព្រឹក​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៤ ។

ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត និង​គណៈប្រតិភូ និង​បាន​ថ្លែងអំណរគុណ ចំពោះ​រដ្ឋាភិបាល​អា​មេ​រិ​ក តាម​រយៈ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែល​ជា​និច្ចកាល​បាន​ជួយ​គាំទ្រ​ដល់​ការ​កសាង និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​មានការ​រីក​ចម្រើន​ជា​បន្តបន្ទាប់ ជា​ពិសេស​វិស័យ​ធនធានទឹក ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ចូលរួម​ចំណែក​ទ្រទ្រង់​ដល់​កំណើន​សេដ្ឋកិច្ចជាតិ ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាប​ឯកឧត្តម Patrick Murphy ពី​តួនាទី​ដ៏​ចម្បង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា មានការ​ងារ​ពីរ​សំខាន់​គឺ​ការ​គ្រប់គ្រង​ទឹក​សម្រាប់​ផ្គត់ផ្គង់​ទឹក លើ​គ្រប់​វិស័យ មាន​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​ការ​ប្រើប្រាស់​ទូទៅ ក្នុង​ជីវភាព​រស់នៅ និង​ការ​ព្យាករ​ឧតុនិយម ដោយ​ធ្វើការ​ជូនដំណឹង​ជា​មុន​ពី​ស្ថានភាព​អាកាសធាតុ​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ៖ «​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​តែ​បន្ត​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​អភិវឌ្ឍន៍​វិស័យ​ធនធានទឹក និង​ឧតុនិយម ដើម្បី​ធានា បាន​នូវ​សុវត្ថិភាព​ទឹក ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​ជា​ច​លករ​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច និង​កាត់​បន្ថយ​ភាព​ក្រីក្រ ជា​ពិសេស​បម្រើ​ឱ្យ​ការងារ​បង្កបង្កើន​ផល និង​ប្រើប្រាស់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​បងប្អូន​ប្រជា​កសិករ​» ។

ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ស្នើ​សុំ​ភាគី​អា​មេ​រិ​ក ផ្តល់​នូវ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ឧតុនិយម ជា​ពិសេស​ការ​ព្យាករ​អាកាសធាតុ និង​ការ​ជូនដំណឹង​ជា​មុន​ដល់​ប្រជាពលរដ្ឋ ងាយ​រង​គ្រោះ​ឱ្យ​ត្រៀមលក្ខណៈ​ប្រុង​ប្រយ័ត្ន​ជា​មុន ដើម្បី​ឈាន​ទៅ​កាត់​បន្ថយ​គ្រោះ មហន្តរាយ​ធម្មជាតិ​នានា និង​កាត់​បន្ថយ​បានការ​ខាតបង់​ផ្នែក​សេដ្ឋកិច្ច និង​ជួយ​បណ្តុះបណ្តាល​ដល់​មន្ត្រី​នាយកដ្ឋាន​ឧតុនិយម និង​នាយកដ្ឋាន​ជល​សាស្ត្រ និង​ការងារ​ទន្លេ លើ​វិស័យ ឧតុនិយម និង​ជល​សាស្ត្រ ។

ក្នុង​ជំនួប​នោះ​ដែរ ឯកឧត្តម Patrick Murphy បាន​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម​រដ្ឋមន្ត្រី ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​អនុញ្ញាត​ឱ្យ​ឯកឧត្តម និង​គណៈប្រតិភូ បាន​ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​នា​ពេល​នេះ ។

ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​ទទួលយក​សំណើ​ទាំងអស់​ទៅ​ពិភាក្សា និង​បាន​បញ្ជាក់​ពី​ការ​ពង្រឹងពង្រីក​ចំណងមិត្តភាព និង​ភាព​ជា​ដៃគូ សំដៅ​ធ្វើ​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា សម្រេច​បាន​នូវ​បុព្វហេតុ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ ក្នុង​ក្របខ័ណ្ឌ​ឯករាជ្យ អធិបតេយ្យភាព​ជាតិ របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ