ទិន្នផលម្រេចនៅក្នុងឆ្នាំនេះ អាចនឹងធ្លាក់ចុះទាំងនៅកម្ពុជា និងវៀតណាម ប៉ុន្តែតម្លៃនឹងប្រសើរ ខណៈដែលមកដល់ពេលនេះវៀតណាមដែលជាប្រទេសនាំចេញម្រេចទៅទីផ្សារអន្តរជាតិ កំពុងតែជួបប្រទះនូវការនាំចេញថយចុះ ។
ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានរាយការណ៍ថា វៀតណាមបាននាំចេញ ម្រេចចំនួន៣៥ ០០០ តោន ដែលមានតម្លៃ១៤៣ លានដុល្លារអាមេរិកក្នុងរយៈពេលពីរ ខែដំបូងនៃឆ្នាំ២០២៤ ធ្លាក់ចុះ១២,៣% ប៉ុន្តែតម្លៃរបស់ម្រេចកើនឡើងដល់ជិត១៣ភាគរយ ។
សារព័ត៌មានរបស់ប្រទេសនេះ បានរាយការណ៍ថា អាមេរិកជាប្រទេសនាំចូលម្រេចវៀតណាម ធំបំផុតដែលមានបរិមាណសរុបចំនួន២៩ភាគរយ ប្រទេសឥណ្ឌា៨ ភាគរយ និងអាល្លឺម៉ង់ ៦ភាគរយ ។
ប្រភពដដែលបានឲ្យដឹងថា តម្លៃនៃការនាំចេញជា ជាមធ្យមមានតម្លៃ ៤០៤១ ដុល្លារ ក្នុងមួយ តោនពោលវាឡើងថ្លៃដល់ទៅជិត២៩ភាគរយធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ហើយគេអះអាងថា អាចនឹងឡើងថ្លៃថែមទៀត ដោយសារតែទិន្នផលម្រេចកំពុងតែធ្លាក់ចុះ ។ ស្ថិតិបានអះអាងថា តម្លៃម្រេចនៅវៀតណាមនៅខែមីនា គឺបានឡើងថ្លៃចន្លោះពី៣,៧៦ ទៅ៣,៨៩ ដុល្លារ ក្នុងមួយគីឡូក្រាមតាមតំបន់ ។ ពាក់ព័ន្ធនឹងផលិតកម្មម្រេចនៅវៀតណាមនេះ សមាគមម្រេច និងគ្រឿងទេសវៀតណាម បានព្យាករណ៍ថា ទិន្នផលម្រេចរបស់ប្រទេសនៅឆ្នាំនេះនឹងធ្លាក់ចុះពី១០ ទៅ១៥ភាគរយ ពោល គឺមកនៅមកនៅត្រឹមប្រមាណជា១៦០ ០០០ទៅ ១៧០ ០០០ តោនប៉ុណ្ណោះ ។
ផ្អែកតាមសេចក្តីរាយការណ៍នេះ វាគឺជាចលករមួយដែលនឹងនាំអោយតម្លៃម្រេចនៅកម្ពុជា កញ្ជ្រោលឡើងមិនខាន ដោយសារតែមួយភាគធំនៃផលិតផលម្រេចដែលកសិករកម្ពុជា អាចប្រមូលផលបាន គឺនាំចេញទៅវៀតណាមនេះឯងលើកលែងតែម្រេចនៅកំពតមួយចេញ ។ ម្រេចដែលល្បីបំផុតនៅកម្ពុជា គឺម្រេចកំពត ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយម្រេចកំពតមិនមែនជាគោលដៅនាំចេញចម្បងទៅវៀតណាមឡើយ ហើយម្រេចដែលនាំចេញទៅវៀតណាម ភាគច្រើន គឺផលិតនៅតំបន់ផ្សេងដូចជានៅកំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងភូមិភាគឥសាន្តប៉ុណ្ណោះ ។
ពាក់ព័ន្ធនឹងផលិតកម្មម្រេចនៅក្នុងឆ្នាំនេះ លោក ងួន ឡាយ ប្រធានសមាគម លើកស្ទួយ ម្រេចកំពត បានអោយដឹងថា ដោយសារតែទឹកភ្លៀងបានធ្វើអោយម្រេចមិនមានផ្លែ និងខ្លះ ជ្រុះផ្កា ជ្រុះផ្លែ ដែលធ្វើអោយកសិករមិនហ៊ានរំពឹងថា នឹងទទួលបានទិន្និផលច្រើនក្នុងរដូវកាលប្រមូលផលម្រេចដែលកំពុងមកដល់នេះទេ ។
លោក ងួន ឡាយ បានអោយកម្មវិធីលុយ នៃសារព័ត៌មានកោះសន្តិភាព ដឹងថា ៖«ដោយសារ ឆ្នាំនេះហាក់បីដូចជា ទឹកភ្លៀងមានជាតិពិសពុលច្រើនម្រេច៨០ភាគរយ គឺអត់ផ្លែទេ ជ្រុះផ្លែអស់ ជ្រុះផ្កាអស់ អត់មានទេ ។ អ៊ីចឹងបានថា យើងមិនដឹងបរិយាយម៉េចទៀត ព្រោះម្រេច វាអត់ផ្លែ» ។
លោកបានបន្ថែមថា ស្ថានភាពនេះវាអាចនឹងធ្វើឲ្យតម្លៃម្រេចជាទូទៅឡើងថ្លៃ ប៉ុន្តែសម្រាប់ ម្រេចកំពតមួយ គឺមិនអាចឡើងថ្លៃទេ ដោយសារតែជាប់កុងត្រា ។ សមាគមនៅរក្សាតម្លៃ ដដែលដោយម្រេចខ្មៅមានតម្លៃ១៥ដុល្លាអាមរិក ម្រេចក្រហមតម្លៃ២៥ដុល្លាអាមេរិក ម្រេចសតម្លៃ២៨ដុល្លាអាមេរិក ចំណែកតម្លៃម្រេចបៃតង មានការកើនតម្លៃបន្តិចក្នុងតម្លៃ១០ដុល្លារ ។
នៅក្នុងចំណោមខេត្ត និងរាជធានី២៥ កម្ពុជាមានសក្តានុពលដាំម្រេច១៨ខេត្ត ហើយ កាលពីឆ្នាំ២០២៣ កន្លងទៅកម្ពុជាអាចនាំចេញម្រេចប្រមាណជា ៦០០០ តោន ធ្លាក់ចុះ ប្រមាណជា ៣០ភាគរយ ៕ ដោយៈ ហេង ចេស្តា/ស នីត
ចែករំលែកព័តមាននេះ