រាជធានីភ្នំពេញ ៖ ការអត់ធ្មត់ និងការរង់ចាំ គឺជាជំនាញជីវិតដ៏សំខាន់ពីរ ដែលមនុស្សគ្រប់គ្នាគួរតែរៀនសូត្រ ។ ទោះយ៉ាងណាក៏ដោយ វាមិនតែងតែងាយស្រួលនោះទេ ជាពិសេសចំពោះកូនក្មេងតូចៗ ។ ក្នុងនាមជាឪពុកម្តាយ យើងច្រើនតែភ្លេចថា ការអត់ធ្មត់ គឺជាគុណធម៌ដែលងាយស្រួលគ្រប់គ្រងពេលពេញវ័យ ដោយសារយើងចេះគ្រប់គ្រងខ្លួនឯងហើយ ប៉ុន្តែអ្នកត្រូវដឹងថា កូនក្មេងភាគច្រើនត្រូវបានគ្រប់គ្រងដោយអារម្មណ៍របស់ពួកគេ ហើយស្វែងរកការពេញចិត្តភ្លាមៗ ។ គ្មាននរណាកើតមកមានចរិតល្អទេ ពោលគឺត្រូវតែរៀន ។ ទោះបីជាអ្នកអាចជឿថា “កុមារដែលមានភាពអត់ធ្មត់” មាននៅក្នុងរឿងនិទាន ឬសៀវភៅប្រឌិតក៏ដោយ នេះមិនមែនជាការពិតទេ ។ កុមារត្រូវការការណែនាំបន្តិច ដើម្បីរៀនអត់ធ្មត់ ។

តាមការពិត ការឆ្លើយតបរបស់យើងចំពោះកុមារដែលមិនចេះអត់ធ្មត់ គឺតែងតែខុសទាំងស្រុង ។ កុមារជាច្រើនមានអារម្មណ៍មិនស្រួល នៅពេលដែលពួកគេត្រូវបានគេប្រាប់ឱ្យរង់ចាំ ហើយវិធីតែមួយគត់ដែលពួកគេដឹងពីរបៀបបង្ហាញអារម្មណ៍នេះ គឺដោយការសម្ដែងចេញ ។ យើងអាចចាត់ទុកទង្វើនេះថា ជាអាកប្បកិរិយាមិនសមរម្យ ប៉ុន្តែតាមពិតវាកើតឡើងដោយសារតែកូនរបស់អ្នកមិនទាន់ចេះអត់ធ្មត់នៅឡើយ ។ យ៉ាងណាមិញ សូម្បីតែមនុស្សធំក៏ពិបាករង់ចាំដែរ ដូច្នេះវាជារឿងសំខាន់ដែលឪពុកម្តាយត្រូវប្រើគ្រប់ឱកាសដែលពួកគេមាន ដើម្បីជួយកូនរបស់ពួកគេឱ្យយល់កាន់តែច្បាស់អំពីការអត់ធ្មត់ ។
១. ចាប់ផ្តើមពីរឿងតូចទៅ ៖ ចាប់ផ្តើមដោយសុំកូនរបស់អ្នកឱ្យស្ងប់ស្ងាត់មួយនាទី ពេលអ្នករៀបចំអាហារសម្រន់ឱ្យពួកគេ ។ នៅពេលដែលពួកគេអាចធ្វើវាបានយ៉ាងងាយស្រួល សូមបង្កើនរយៈពេលរង់ចាំ ៣០ វិនាទីបន្ថែមទៀត ។ នៅពេលពួកគេកាន់តែធំបន្តិច ចាប់ផ្តើមសាកល្បងសមត្ថភាពរបស់ពួកគេក្នុងការអត់ធ្មត់ក្នុងរយៈពេលយូរ មុនពេលបំពេញតម្រូវការ និងបំណងប្រាថ្នារបស់ពួកគេ ។

២. ចៀសវាងការបំពេញចិត្តភ្លាមៗ ៖ ជំហាននេះអាចជាការលំបាកមួយ ប៉ុន្តែវានឹងជួយកូនរបស់អ្នកក្នុងរយៈពេលវែង ។ នៅពេលកុមារចង់ញ៉ាំអាហារសម្រន់ ចូរប្រាប់ពួកគេថា អ្នកចង់ធ្វើឱ្យពួកគេ ប៉ុន្តែអ្នកមានការងារដែលអ្នកត្រូវបញ្ចប់មុន ហើយពួកគេត្រូវរង់ចាំចំនួន ប៉ុន្មាននាទី ។ ការធ្វើឱ្យពួកគេរង់ចាំយូរបន្តិច មុនពេលបំពេញសំណើរបស់ពួកគេ នឹងបង្រៀនពួកគេពីរបៀបអនុវត្តការគ្រប់គ្រងខ្លួនឯង និងការអត់ធ្មត់ ។ នៅពេលដែលពេលវេលាបានកន្លងផុតទៅហើយ ចូរផ្តល់ឱ្យពួកគេនូវអ្វីដែលពួកគេបានសុំអ្នក ហើយសរសើរពួកគេសម្រាប់ការរង់ចាំ ។ នេះនឹងបង្ហាញពួកគេថា សំណើរបស់ពួកគេនឹងត្រូវបានអនុវត្តដរាបណាពួកគេនៅស្ងៀម ។

៣. ទទួលស្គាល់ថា វាអាចជាការលំបាក ៖ សូម្បីតែមនុស្សធំក៏អាចពិបាកក្នុងការរង់ចាំ ដូច្នេះ ចូរធ្វើឱ្យងាយស្រួលបន្តិចសម្រាប់កូនរបស់អ្នក ប្រសិនបើពួកគេពិបាកនៅដើមដំបូង ។ លើកក្រោយ ពេលដែលកូនរបស់អ្នកចាប់ផ្តើមខកចិត្ត ឬតូចចិត្ត ចូរទម្លាក់ស្តង់ដាររង់ចាំបន្តិច ហើយឱបពួកគេ ។ ប្រាប់ពួកគេថា អ្នកដឹងថា វាលំបាកប៉ុណ្ណាក្នុងការរង់ចាំ ហើយអ្នកមានមោទនភាពចំពោះរបៀបដែលពួកគេព្យាយាមរៀនជំនាញជីវិតថ្មីនេះ ។

៤. អនុវត្តការអត់ធ្មត់តាមរយៈហ្គេម ៖ ការប្រើហ្គេម គឺជាយុទ្ធសាស្ត្រដ៏ល្អដែលឪពុកម្តាយអាចប្រើសម្រាប់ការបង្រៀនកុមារឱ្យមានភាពអត់ធ្មត់ ។ ហ្គេមដែលផ្តោតលើការប្តូរវេនគ្នា គឺល្អបំផុតសម្រាប់គោលបំណងនេះ ។ ហ្គេមអុក គឺល្អឥតខ្ចោះ ដើម្បីបង្រៀនកូនរបស់អ្នកពីរបៀបរង់ចាំ ។ ពេលកំពុងលេង ត្រូវប្រាកដថានិយាយរឿងដូចជា ៖ វាដល់វេនប៉ាហើយ ដូច្នេះកូនត្រូវរង់ចាំ ឬ មើលពីរបៀបដែលប៉ាលេង ហើយចូលវេនរបស់កូនបន្តិចទៀតនេះ ឬ ពេលបងកូនលេងហើយ វាជាវេនរបស់កូនហើយ ។ កូនរបស់អ្នកនឹងរៀនចេះគ្រប់គ្រងខ្លួនឯង និងភាពអត់ធ្មត់ក្នុងអំឡុងពេលសកម្មភាពដ៏រីករាយ ដោយមិនដឹងថា ពួកគេកំពុងរៀននោះទេ ។

៥. ប្រែក្លាយវាទៅជាបទពិសោធន៍វិជ្ជមាន ៖ ចុងក្រោយ ការសុំកូនរបស់អ្នកឱ្យរង់ចាំ មិនគួរត្រូវបានមើលឃើញថា ជាការដាក់ទណ្ឌកម្ម ឬបទពិសោធន៍អវិជ្ជមានឡើយ ។ វាជារឿងធម្មតាទេ ដែលក្មេងៗនឹងសួរញឹកញាប់ថា តើពេលវេលាដែលអ្នកបានកំណត់នោះដល់ហើយឬនៅ ។ នេះក៏ព្រោះតែពួកគេមិនទាន់មានសមត្ថភាពក្នុងការកំណត់ពេលវេលានៅឡើយ ។ ការរក្សាភាពស្ងប់ស្ងាត់ និងវិជ្ជមាន ខណៈពេលដែលអ្នកកំពុងពង្រឹងសារៈសំខាន់នៃការអត់ធ្មត់នឹងបង្រៀនពួកគេថា វាជាបទពិសោធន៍ដែលនឹងនាំមកនូវអារម្មណ៍រីករាយ និងវិជ្ជមាន ៕ ប្រភព ៖ vivvi

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀននឹងបើកដំណើរការសាខាថ្មី ៣ បន្ថែមទៀតនៅពេលខាងមុខនេះ គឺសាខាក្រុងតាខ្មៅ សាខាទួលពង្រ និងសាខាក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ សាលារៀនផ្តល់ជូនកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេសសម្រាប់កុមារ កម្មវិធីភាសាអង់គ្លេសសិស្សធំ កម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់ទី ១ ដល់ទី ១២ និងកម្មវិធីភាសាចិន ។
លើសពីនេះ សាលារៀនក៏បន្ថែមនូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ