ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​ដុល្លារ​ និង​លុយ​រៀល​រហែក​កុំ​បោះចោល ព្រោះ​មាន​កន្លែង​ដូរ

1 ខែ មុន

នៅ​ពេល​ដែល​លុយ​ដុល្លារ​ក្តី​លុយ​រៀល​ក្តី ជួប​បញ្ហា​រហែក ឬ​ក៏​សត្វល្អិត​ជា​ពិសេស​កណ្តៀរ​វា​ស៊ី សូមកុំ​អាល​អស់សង្ឃឹម​ហើយ​យក​វា​ទៅ​បោះចោល ចូ​ស្វែងរក​កន្លែង​ប្តូរ​ពីព្រោះ​វា​អាច​នៅ​សេសសល់​តម្លៃ​ដែល​យើង​អាច​ទៅ​ប្តូរ​វិញ​បាន គ្រាន់តែ​គេ​កាត់​ខាត ខ្លះ​ៗ​ប៉ុណ្ណោះ ។ អ្នកស្រី ហួ​ន…

នៅ​ពេល​ដែល​លុយ​ដុល្លារ​ក្តី​លុយ​រៀល​ក្តី ជួប​បញ្ហា​រហែក ឬ​ក៏​សត្វល្អិត​ជា​ពិសេស​កណ្តៀរ​វា​ស៊ី សូមកុំ​អាល​អស់សង្ឃឹម​ហើយ​យក​វា​ទៅ​បោះចោល ចូ​ស្វែងរក​កន្លែង​ប្តូរ​ពីព្រោះ​វា​អាច​នៅ​សេសសល់​តម្លៃ​ដែល​យើង​អាច​ទៅ​ប្តូរ​វិញ​បាន គ្រាន់តែ​គេ​កាត់​ខាត ខ្លះ​ៗ​ប៉ុណ្ណោះ ។

អ្នកស្រី ហួ​ន ឈាន​ហ្គិ​ច អាជីវករ​ដូរ​លុយ​រហែក​នៅ​ផ្សារ​ចាស់ រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា មិន​ថា​លុយ​ដុល្លារ ឬ​លុយ​រៀល​នោះ​ទេ នៅ​ពេល​រហែក ទក់ ប្រឡាក់ ឬ​ខូច​ទ្រង់ទ្រាយ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តែ​អាចយ​កមក​ប្តូរ​ជា​ក្រដាសប្រាក់​ថ្មី​វិញ​បាន​ដោយ​គ្រាន់តែ​ការ​ប្តូរ​មានការ​កាត់​ខាត​ទៅ​តាម​ទំហំ​នៃ​ការ​ខូចខាត​របស់​ក្រដាសប្រាក់ ។

អ្នកស្រី ហួ​ន ឈាន​ហ្គិ​ច បានអោយ​កម្មវិធី​លុយ​នៃ​សារព័ត៌មាន​កោះសន្តិភាព​ដឹង​ថា​«​និយាយ​ទៅ​កាត់ទឹក​តាម​សភាព​លុយ ។ លុយ​ដែល​មិន​អាច​ទទួល​ប្តូរ​បាន​នោះ គឺ​លុយ​ខូចខាត​អស់សាច់​ប្រហែល​៥០​ភាគរយ​»​។ អ្នកស្រី ហួ​ន ឈាន​ហ្គិ​ច បន្ត​ថា ចំពោះ​ការ​កាត់ទឹក​ពេល​យក​លុយ​ដុល្លារ​រហែក​ទៅ​ដូរ គឺ​គេ​កាត់ទឹក​ទៅ​តាម​សភាព​នៃ​លុយ​របស់​អ្នក ពោល គឺ​ទាល់តែ​អ្នក​យក​លុយ​រហែក​ទៅ​ដល់​កន្លែង​ដូរ​លុយ​គេ​ពិនិត្យ​មើល​សភាព​របស់​លុយ​ជាក់ស្ដែង​ទើប​ដឹង ។

អ្នកស្រី ហួ​ន ឈាន​ហ្គិ​ច បន្ត​ថា ក្រដាសប្រាក់​ដែល​ប្តូរ​នោះ ប្រសិនបើជា​ក្រដាសប្រាក់​រៀល​លុយ​ចាស់​ៗ រហែក​ខ្លាំង​ខូច​ទ្រង់ទ្រាយ​ត្រូវ​បាន​ធនាគារជាតិ​ប្រមូល​យក​ទៅ​ដុត​កម្ទេច​ចោល​នៅ​ទីលាន​ចាក់សម្រាម​ម្តុំ​ភ្នំ​ប្រសិទ្ធ ឬ​កន្លែង​ចាក់សំរាម​ជើងឯក ។ យើង​រើស​យក​លុយ​ណា​ដែល​នៅ​ប្រើ​បាន​សម្រាប់​លុយ​ណា​ដែល​ប្រើ​លែង​បាន​ត្រូវ​កាត់​ចិញ្ច្រាំ​យក​ទៅ​ដុត​ចោល ។ ចំណែក​ក្រដាស់ប្រាក់​ដុល្លា​វិញ​ត្រូវ​ប្រមូល​បញ្ជូន​ទៅ​កាន់ សហរដ្ឋអាមេរិក​វិញ ។

ដោយឡែក​ទាក់ទង​នឹង​ចំនួន​អតិថិជន​ដែល​តែងតែ​យក​លុយ​រហែក​លុយ​សត្វល្អិត​ស៊ី ឬ​ក៏​លុយ​ដែល​ខូច​ទ្រុងទ្រាយ​ដើម​ប៉ុន្មាន​នាក់​ពិតប្រាកដ​នោះ លោកស្រី ហួ​ន ឈាន​ហ្គិ​ច មិន​បានដឹង​ប្រាកដ​ឡើយ ។ អ្នកស្រី បញ្ជាក់​បន្ថែម​ថា ៖«​អតិថិជន​មិន​បាន​រាប់​ផង ព្រោះ​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ច្រើន​នាក់​ដែរ​មិន​ដែល​បាន​រាប់​ផង ។ និយាយ​រួម​លុយ​បរទេស​ក៏​ទទួល​លុយ​ខ្មែរ​ក៏​ទទួល ។ ទទួល​គ្រប់​ប្រភេទ​» ។

ដោយឡែក​អ្នក​នាង ប៊ុល គា​រី ជា​អាជីវករ​លក់​គ្រឿងអគ្គិសនី ក្បែរ​ផ្សារ​ដេប៉ូ បានអោយ​ដឹង​ថា កន្លង​មក​អ្នក​នាង​ធ្លាប់​បាន​ប្តូរ​ក្រដាសប្រាក់​ដុល្លារ ក្នុង​ចំនួន​១០០​ដុល្លារ កាត់​ខាត​អស់​២០​ភាគរយ ដែល​ភាគច្រើន​អ្នក​នាង​ផ្ទាល់​ដូរ​នៅ​តាម​ទីតាំង​បញ្ជ​លក់​មាស ប្តូរ​ប្រាក់​នៅ​តាម​ផ្សារ​នានា​ក្នុង​រាជធានី​ភ្នំពេញ ។

អ្នក​នាង ប៊ុល គា​រី បន្ថែម​ថា ការ​ប្តូរ​កាត់​ខាត​ទៅ​តាម​ទំហំ​ខូចខាត​ខ្លាំង​កម្រិត​ណា​ជា​ទូទៅ​ការ​កាត់​ខាត​ចន្លោះ​ពី​២០​ទៅ​៣៥​ភាគរយ ខុស​ៗ​គ្នា​តាម​បញ្ជ​អ្នក​ប្តូរ​ប្រាក់​នីមួយ​ៗ ។ ចំណែក​ក្រដាសប្រាក់​ដែល​ខូច​ៗ រហែក ឬ​ប្រឡាក់​នោះ​អ្នក​នាង​មិនដឹង​ថា អ្នក​ប្តូរ​យក​ទៅ​ទីណា​នោះ​ទេ ។

កន្លង​មក ធនាគារជាតិ​នៃ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​យក​ក្រដាសប្រាក់​រៀល ចាស់ ទក់ និង​រហែក អាចយ​កមក​ដូរ​ថ្មី ដោយ​មិន​គិតថ្លៃ​សេវា​នៅ​គ្រប់​បញ្ជរ បេឡា​របស់​សាខា​ធនាគារជាតិ​នៃ​កម្ពុជា រាជធានី​ខេត្ត លើកលែងតែ​ស្នាក់​ការ​កណ្តាល​នៅ​រៀង​រាល់​ម៉ោង​ធ្វើការ ។

ក្នុង​ករណី​ដែល​ក្រដាសប្រាក់​រៀល មានការ​ខូចខាត ឬ​បាត់បង់​ទ្រង់ទ្រាយ​ដូច​មាន​ចែង​ក្នុង​មាត្រា ៥១ មាត្រា​៥២ និង​មាត្រា​៥៣ នៃ​ច្បាប់​ស្ដី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ធនាគារជាតិ​កម្ពុជា​១៩៩៦ ធនាគារជាតិ​នៃ​កម្ពុជា​រក្សា​សិទ្ធិ​ដកហូត​ដោយ​គ្មាន​សំណង ។
មាត្រា​៥១ ចែង​ថា «​ធនាគារកណ្តាល​អាច​បដិសេធ​មិន​ប្តូរ​ក្រដាសប្រាក់ និង​កាស​បើសិន​រូបភាព​វា​លែង​មាន​ភាព​ច្បាស់លាស់ បាត់បង់​រូបភាព​ដើម ឬ​ធ្លុះធ្លាយ ឬ​ដែល​បាត់បង់​ទំហំ​៣០ ភាគរយ ឬ​លើស​ពី​នេះ​។ រូបិយ​វត្ថុ​ទាំងនេះ ត្រូវ​ដក​ចេញពី​ចរាចរណ៍ ហើយ​បំផ្លាញ​ចោល​ដោយ​គ្មាន​សំណង​ចំពោះ​ម្ចាស់​ទេ លើកលែងតែ​ករណី​ពិសេស​ដែល​ធនាគារកណ្តាល​អាច​យល់ព្រម​សង​មួយ​ចំណែក ឬ​ទាំងអស់​» ។

មាត្រា ៥២ ចែង​ថា «​ក្រដាសប្រាក់​ក្លែងក្លាយ​ដែល​យក​មក​បង់ ឬ​ប្តូរ​ត្រូវ​រឹបអូស​ដោយ​គ្មាន​សំណង ហើយ​ត្រូវ​ជូន​ព័ត៌មាន​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​» ។ ចំណែក​មាត្រា​៥៣ បាន​ចែង​ថា «​ម្ចាស់​ប្រាក់​មិន​អាច​ទាមទារ​ពី​ធនាគារកណ្តាល​ឱ្យ​សង​ចំពោះ​ក្រដាសប្រាក់ ឬ​កាលណា​ដែល​ខ្លួន​ធ្វើ​ឱ្យ​បាត់បង់ ឬ​ធ្វើ​ឱ្យ​អន្តរាយ​នោះ​ឡើយ ។ ធនាគារកណ្តាល​អាច​ដកហូត​ដោយ​គ្មាន​ថ្នូរ​នូវ​ក្រដាសប្រាក់​ដែល​មានការ​ខូចខាត​រូបភាព​ក្រៅ ពិសេស​ចំពោះ​ក្រដាសប្រាក់​ណា​ដែល​មាន​សរសេរ លាប​ពណ៌ បោះពុម្ព បោះត្រា ឬ​បិទ​វត្ថុ​ស្អិត​ពីលើ ឬ​ឆ្លុះ​ធ្លាយ ឬ​បាត់​រូបភាព​ដោយ​ប្រការ​ណា​ក៏​ដោយ​» ៕ ដោយៈ ស នី​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ