ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ដុត​សំរាម​ក្បែរ​ផ្ទះ ឆេះ​រាលដាល​ព្រៃ​ភ្នំ ផ្អើល​កម្លាំង​នគរបាល​ ចុះ​មក​ជួយ​ពន្លត់ភ្លើង

4 ខែ មុន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​មាន​អណ្តាតភ្លើង ឆាបឆេះ​ចេញ​ពីលើ​កូនភ្នំ ក្បែរ​ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាង​សន្ធោសន្ធៅ ធ្វើ​ឱ្យ​ម្នាក់​ៗ រត់​ឆ្លេឆ្លា​ចុះឡើង​ៗ ដោយ​អ្នកខ្លះ​រក​មើល​មែកឈើ ខ្លះ​ទៀត​រក​ទឹក​ធុង ក៏​មាន​អ្នកខ្លះ​ទាក់ទង​ទៅ​មន្ត្រី​នគរបាល​មូលដ្ឋាន…

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​មាន​អណ្តាតភ្លើង ឆាបឆេះ​ចេញ​ពីលើ​កូនភ្នំ ក្បែរ​ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាង​សន្ធោសន្ធៅ ធ្វើ​ឱ្យ​ម្នាក់​ៗ រត់​ឆ្លេឆ្លា​ចុះឡើង​ៗ ដោយ​អ្នកខ្លះ​រក​មើល​មែកឈើ ខ្លះ​ទៀត​រក​ទឹក​ធុង ក៏​មាន​អ្នកខ្លះ​ទាក់ទង​ទៅ​មន្ត្រី​នគរបាល​មូលដ្ឋាន ឱ្យ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ ចុះ​មក​ជួយ​អន្តរាគមន៍ ពន្លត់ភ្លើង ព្រោះតែ​ឆេះ​កាន់តែ​ខិត​ជិត​ផ្ទះ​ប្រជាពលរដ្ឋ ។

ហេតុការណ៍​ខាងលើ​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០២៤ នៅ​ត្រង់​ចំណុច​ផែស្ងួត​ចាស់ ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ស្ទឹង​កាច់ បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ៗ ភូមិ​ខាងលើ បាន​ដុត​សំរាម ដែល​គេ​យក​ទៅ​បោះចោល ដោយ​មាន​ថង់ សំបក​ដូង សំបក​កា​រ៉ុ​ង​ជា​ច្រើន​។ ក្រោយ​ពី​ដុត​រួច មិន​បាន​ពន្លត់​ឱ្យ​អស់​ទេ ស្រាប់តែ​ភ្លើង​ឆេះ​រាលដាល រហូត​ដល់​ឆេះ​ឡើង​លើ​កំពូល​កូនភ្នំ ហើយ​ក៏​បន្ត​រាល​ឆ្ពោះទៅ​ទិស​ខាងលិច ជិត​ដល់​ផ្ទះ​ប្រជាពលរដ្ឋ ដែល​ធ្វើ​ឱ្យ​ម្នាក់​ៗ ភ័យ​ស្លន់ស្លោ​យ៉ាង​ខ្លាំង ។

ប្រភព​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម មន្ត្រី​នគរបាល​មូលដ្ឋាន បាន​ទាក់ទង​ទៅ​ខាង​រថយន្ត​ពន្លត់​អគ្គិភ័យ ឱ្យ​ចុះ​ទៅ​ជួយ​អន្តរាគមន៍ បាញ់​ទឹក​ពន្លត់ ដោយ​ប្រើ​រថយន្ត​១​គ្រឿង ហើយ​ក៏​មាន​ក្រុមការងារ ចុះ​ទៅ​ជួយ​ពន្លត់​ទាន់​ពេលវេលា មិន​បាន​ឆាបឆេះ​ដល់​ផ្ទះ​ប្រជាពលរដ្ឋ នោះ​ទេ ។

ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ខាងលើ ដែល​មានផ្ទះ​នៅ​ក្បែរ​ៗ​ជើងភ្នំ ក៏​បានឱ្យ​ដឹង​ដែរ​ថា ដោយសារ​តែ​នៅ​ដើមខែ​មីនា ឆ្នាំ​២០២៤​នេះ អាកាសធាតុ​ក្តៅ​ខ្លាំង ហើយ​ហប់​ខ្យល់ លុះ​មាន​អ្នក​បាន​ដុត​សំរាម​នៅ​ក្បែរ​ៗ​នោះ ភ្លេច​ពន្លត់​ចោល​ទៀត ទើប​ឆេះ​រាលដាល​បែប​នេះ​។ ទោះបីជា​យ៉ាងណា ដោយសារ​តែ​រដូវប្រាំង​នេះ ស្មៅ​ងាប់​នៅ​លើ​ភ្នំ​ច្រើន ខណៈ​ពួក​គាត់​រស់នៅ​ក្បែរ​ជើងភ្នំ ហើយ​បាន​ចាក់សោ​ផ្ទះ​ទុក​ចោល ព្រោះ​ជាប់រវល់​ទៅ​ធ្វើ​ការងារ​នៅ​ខាងក្រៅ ទើប​មានការ​ព្រួយបារម្ភ ក្រែង​ភ្លើង​ឆេះ​ផ្ទះ​របស់​ខ្លួន ផង​ដែរ ។

អាជ្ញាធរ​មូលដ្ឋាន ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​រស់នៅ​ក្បែរ​ៗ​ជើងភ្នំ ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដោយ​ត្រូវ​ពន្លត់ភ្លើង​ធូប ទៀន ឬ​ភ្លើងចង្ក្រាន​ឱ្យ​បាន​រួចរាល់ ជា​មុន​សិន ចាំ​នាំ​គ្នា​ចេញ​ទៅ​ធ្វើ​ការងារ ដើម្បី​ជៀសវាង​បង្ក​ករណី​គ្រោះថ្នាក់​អគ្គិភ័យ​ឆាបឆេះ​លំនៅ​ឋាន​របស់​ខ្លួន ជាយថាហេតុ ៕

អត្ថបទសរសេរ ដោយ