ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាក​ម្លែ​ង​ជើង​ចាស់​ជុំ រស្មី និង​ក្រុម​គ្រួសារ ដង្ហោយ​​​រក​យុត្តិធម៌​ក្នុង​រឿង​កេរ​មរតក

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​គ្រួសារ​តារា​កំប្លែង​ជុំ រស្មី ហៅ​ស្រី​ទូច និង​ក្មួយ​ស្រី ស៊ូ ស៊ី​រី​កា បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ដង្ហោយ​រក​យុ​តិ្ត​ធម៌ ខណៈ​សំណុំរឿង​ក្ដី​កេរ​មរតក​បាន​ដល់​តុលាការ​ឧទ្ធរណ៍​ហើយ…

រាជធានី​ភ្នំពេញ ៖ ក្រុម​គ្រួសារ​តារា​កំប្លែង​ជុំ រស្មី ហៅ​ស្រី​ទូច និង​ក្មួយ​ស្រី ស៊ូ ស៊ី​រី​កា បាន​ធ្វើ​សន្និ
សីទ​សារព័ត៌មាន​ដង្ហោយ​រក​យុ​តិ្ត​ធម៌ ខណៈ​សំណុំរឿង​ក្ដី​កេរ​មរតក​បាន​ដល់​តុលាការ​ឧទ្ធរណ៍​ហើយ ។ ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២៤ នេះ ក្រុម​គ្រួសារ​តារា​កំប្លែង​ជើង​ចាស់​អ្នកស្រី ជុំ រស្មី ហៅ​ស្រី​ទូច និង​ក្មួយ​ស្រី​តារាចម្រៀង​កញ្ញា ស៊ូ ស៊ី​រី​កា បាន​ដង្ហោយ​រក​ភាព​យុត្តិធម៌​ពី​តុលាការ​ពាក់ព័ន្ធ​រឿង​បណ្ដាំមរតក​របស់​លោកស្រី​កែវ ម​ន្ថា ដែល​ជា​ម្តាយ ខណៈ​នីតិវិធី​បាន​ដល់​ដៃ​តុលាការ​ឧទ្ធរណ៍​ទៅ​ហើយ​នោះ ។

តារា​កំប្លែង ជុំ រស្មី បាន​បង្ហាញ​អារម្មណ៍​ឈឺចាប់ ដោយ​បាន​បញ្ជាក់​ថា អ្នកស្រី និង​សមាជិក​ក្រុម​គ្រួ​សារបាន​ខិតខំ​អស់ពី​លទ្ធភាព​ហើយ​ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​មកនេះ ដើម្បី​តតាំង​តាម​ផ្លូវ​តុលាការ​ជាមួយនឹងភាគី​ស្វាមី​របស់​អ្នកស្រី​កែវ ម​ន្ថា ដែល​មិន​ព្រម​អនុវត្តន៍​តាម​បណ្ដាំមរតក ហើយ​ថែម​ទាំង​បាន​បណ្ដេញ​សមាជិក​ជា​កូនចៅ​បង្កើត​របស់​អ្នកស្រី កែវ ម​ន្ថា ចេញពីផ្ទះ ដែល​ធ្លាប់​រស់នៅ​ជួបជុំ​គ្នា​តាំងពី​យូរ​មក​ហើយ​នោះ​ទៀត​ផង ។ ក្នុង​នោះ​ក៏​មាន​ក្មួយ​ស្រី​របស់​អ្នកស្រី គឺ​តារាចម្រៀង ស៊ូ ស៊ី​រី​កា ផង​ដែរ ។

លោកស្រី​ជុំ រស្មី បាន​បញ្ជាក់​ថា «​ថ្ងៃនេះ ខ្ញុំ​ក្រុម​គ្រួសារ​ខ្ញុំ​ទាំង​កូនក្មួយ ចៅ សុំ​ភាព​យុត្តិធម៌ គឺ​សាលាឧទ្ធរណ៍​លោក​មេត្តា​ជួយ​ពិនិត្យ​សំណុំ​ឯកសារ​រឿង​កេរ​មរតក​នេះ​ឲ្យ​បាន​ច្បាស់លាស់ ព្រោះថា ភស្តុ​តាង​ច្រើន​ណាស់ ដែល​នាង​ខ្ញុំ​ត្រូវ​បន្ថែម​ពាក់ព័ន្ធ​នឹង​សំណុំរឿង​នេះ​» ។លោកស្រី​បាន​បន្ថែម​ថា រាល់​ឯកសារ​ដែល​លោកស្រី​ទទួល​បាន​បង្ហាញ​ថា ភាគី​ដែល​ជា​គូក្តី​របស់​អ្នកស្រី​
សុទ្ធតែ​ជា​ការ​មិន​ពិត ។

លោកស្រី​ថា រឿង​មរតក​នេះ មាន​ភាព​មិន​ប្រក្រតី​ពោល គឺ​ប្រកាស​មិន​បាន​៣ស​ប្តា​ហ៍​ផង ក៏​មានការ​ផ្ទេរ​ទៅ​ឲ្យ​កូន​ក្រោយ​គាត់​ទាំង​ក្រុម​គ្រួសារ​អ្នកស្រី​មិន​បាន​ដឹងផង ។សម្រាប់​អ្នកស្រី​ជុំ រស្មី បញ្ជាក់​ថា អ្វី​ដែល​អ្នកស្រី​រួម​ទាំង​បងប្អូន​កូនចៅ ដែល​ក្នុង​នោះ​ក៏​មាន​តារាចម្រៀង​កញ្ញា​ស៊ូ សី​រី​កា គឺ​ចង់​ឲ្យ​មានការ​ផ្តល់​ភាព​យុត្តិធម៌​ចំពោះ​ពួក​គាត់​ដូច ដែល​មាន​សរសេរ​នៅ​ក្នុង​លិខិតបណ្តាំមរតក​របស់​លោកស្រី កែវ ម​ន្ថា ដែល​ជា​ម្តាយ និង​ជីដូន ។

ប៉ុន្តែ​រហូត​មក​ដល​ពេល​នេះ អ្នកស្រី​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​ផ្លូវច្បាប់​ណាមួយ​ដែល​ស្រប​នឹង​ឆ​ន្ទះ​របស់​មរតក​ជន​លោកស្រី កែវ ម​ន្ថា ឬ​ដំណោះស្រាយ​ណាមួយ​សមរម្យ​ដែល​រូប​អ្នកស្រី និង​សមាជិកគ្រួសារ​ទាំងអស់​អាច​ទទួលយក​បាន​នៅឡើយ ស្រប​ពេល​សំណុំរឿង​នេះ​កំពុង​នៅ​ក្នុង​ដៃ​របស់​សាលា​ឧ​ទ្ធ​រ​នៅឡើយ ។

យ៉ាងណា​ក្តី លោកស្រី​ក៏​ដូច​ជា​ក្រុម​គ្រួសារ​ស្នើ​ឲ្យ​តុលាការ​កាត់សេចក្តី​ផ្តល់​កេរ​មរតក​នេះ​មក​អ្នកស្រី​និង​ក្រុម​គ្រួ​សារបាន​៥០%​ក៏​បាន ដើម្បី​ឲ្យ​អ្នកស្រី​មាន​លទ្ធភាព​ចិញ្ចឹម​កូនចៅ​ដែល​កំពុង​ស្ថិត​ក្នុង​បន្ទុក ។

ម្ចាស់​ដើមបណ្ដឹង​រដ្ឋប្បវេណី​រូប​នេះ​បញ្ជាក់​ថា ក្នុង​រយៈពេល​២​ឆ្នាំ​នៃ​ដំណើរការ​នីតិវិធី​ច្បាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ដល់​សាលាឧទ្ធរណ៍ ព្រោះតែ​អ្នកស្រី​ចង់​រក្សា​ការពារ​ផលប្រយោជន៍ ស្របច្បាប់​ដែល​សមាជិកគ្រួសារ​ទាំងអស់ គួរ​ទទួល​បាន​ស្រប​តាម​ឆ​ន្ទះ​និង​គោលបំណង​របស់​ម្ដាយ​នៅ​ក្នុង​បណ្ដាំមរតក​ដែល​ត្រូវ​បាន​ប្រកាស​ដោយ​មេធាវី​ប៉ុណ្ណោះ ។

ជា​ពិសេស គឺ​ស្វែងរក​ភាព​យុត្តិធម៌​ជូន​សមាជិក​ទាំងអស់​ដែល​មិន​ទទួល​បាន​មរតក ថែម​ទាំង​ត្រូវ​បណ្ដេញ​ចេញពីផ្ទះ​យ៉ាង​អយុត្តិធម៌​។ អ្នកស្រី​បាន​ស្នើ​ដល់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​ឯកឧត្តម កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ សូម​ជួយ​រក​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​ពួក​អ្នកស្រីផង ។

អ្នកស្រី ជុំ រស្មី ហៅ​ស្រី​ទូច បាន​ទទូច​ក្នុង​នាម​ក្រុម​គ្រួសារ​ទាំងអស់ ដែល​កំពុង​រង​ភាព​អយុត្តិធម៌ សូម​អំពាវនាវ​យ៉ាង​ទទូច​ដល់​ស្ថាប័ន​តុលាការ ក៏​ដូច​ជា​ក្រសួងយុត្តិធម៌​ជួយ​ព​ន្លឿ​ន​រឿង​ក្តី​នេះ​ដល់​សមាជិកគ្រួសារ​ទាំងអស់​ផង ។ ម្យ៉ាងទៀត ពេល​នេះ សមាជិកគ្រួសារ​ជា​ច្រើន​កំពុង​គ្មាន​ផ្ទះ​ជ្រកកោណ​នោះ​ទេ និង​ត្រូវ​រស់នៅ​យ៉ាង​លំបាក​វេទនា ។

ចំណែក​តារាចម្រៀង កញ្ញា ស៊ូ ស៊ី​រី​កា ក៏​បាន​បាន​អំពាវនាវ​ដល់​ប្រមុខ​ថ្នាក់ដឹកនាំ​ឱ្យ​រក​យុ​តិ្ត​ធម៌​យ៉ាង​ពិត​ប្រា​ដក ពី​ប្រព័ន្ធ​តុលាការ ព្រោះថា​រឿង​ក្តី​នេះ កំពុង​ដំណើរការ​ដល់​សាលាឧទ្ធរណ៍ ក៏​ប៉ុន្តែ​ង​មិន​នៅ​ទាន់ទទួល​បាន​យុ​តិ្ត​ធម៌​សម្រាប​រូប​នាង​នៅឡើយ ។

ស៊ូ ស៊ី​រី​កា មាន​អំពាវនាវ​ដល់​ប្រមុខ​ថ្នាក់​ដឹក​អស់​ឱ្យ​ជួយ​រក​យុ​តិ្ត​ធម៌​ដល់​រូប​នាង ព្រោះ​ពេល​នេះ នាង កំពុង​តែ​មាន​ជីវភាព​លំបាក​ខ្លាំង ។ បើ​តាម​តារាចម្រៀង​រូប​នេះ តាំងពី​កើត​រហូត​ដល់​ដឹងក្ដី នាង​បាន​រស់នៅ​ក្រោម​ការ​មើលថែ​ទាំ​យ៉ាង​ល្អ​បំផុត​ពី​ជីដូន​លោកស្រី កែវ ម​ន្ថា ប្រៀប​បាន​ទៅ​នឹង​ម្ដាយកូន​ដូច្នេះ​ដែរ ។ ជីដូន​របស់​នាង​បាន​ផ្គត់ផ្គង់​គ្រប់​បែប​យ៉ាង សូ​ម្បី​តែ​លុយ​ដែល​នាង​រកបាន​ពី​ការ​ច្រៀង​កន្លង​មក ក៏​ផ្ញើ​ជាមួយ​ជីដូន​ជា​អ្នក​ទុកដាក់​ឱ្យ​ដែរ ។

ប៉ុន្តែ​បន្ទាប់​លោកស្រី កែវ ម​ន្ថា បាន​ទទួលអនិច្ចកម្ម​ទៅ​មិន​បាន​ប៉ុន្មាន ទ្រព្យសម្បត្តិ​យ៉ាង​ឡាយ ដែល​ជី ដូន​ទិញ​ជា​អំណោយ​ទាំងអស់ ត្រូវ​បាន​ដកហូត​ដូច​ជា​រថយន្ត ខុន​ដូ សូ​ម្បី​តែ​ផ្ទះ​វីឡា​ដែល​ធ្លាប់ រួមរស់​ជាមួយ​ជីដូន​រហូត​មក ក៏​ត្រូវ​បាន​ស្វាមី​របស់​ជីដូន​បណ្ដេញចេញ​ដែរ រួម​ជាមួយនឹង​សមាជិក​ដទៃ​ទៀត ។

ស៊ូ ស៊ី​រី​កា បញ្ជាក់​ថា​៖ «​ខ្ញុំ​បាត់បង់​គ្រប់យ៉ាង ពេល​អត់​ពី​ម៉ាក់យាយ​ទៅ សូ​ម្បី​តែ​កន្លែង​ជ្រកកោន ហើយ​ដែល​ខ្ញុំ​ស្ងាត់​កន្លង​មក ព្រោះតែ​រឿង​នេះ ។ ខ្ញុំ​ចង់បាន​អ្វី​ដែល​តាម​បណ្តាំ​របស់​ម៉ាក់យាយ​ផ្តល់​ឲ្យ​ខ្ញុំ​មិន​ចង់បាន​របស់​គេ​នោះ​ទេ ហើយ​សុំ​តែ​យុត្តិធម៌​បាន​ហើយ​»​។

គួរ​រំលឹក​ដែរ​ថា កាលពី​ថ្មី​ៗ​កន្លង​ទៅ​នេះ ក្រុម​គ្រួសារ​របស់​តារា​កំប្លែង​អ្នកស្រី ទូច ក៏​ធ្លាប់​បាន​ចេញ​មក​ទម្លាយ​ភាព​អយុត្តិធម៌​ជាមួយ​បងប្អូន​ចំនួន​១៤​នាក់ ពាក់ព័ន្ធ​រឿង​ទំនាស់​មរតក ដែល​លោកស្រី កែវ ម​ន្ថា បាន​បន្សល់​ទុក​តាម​រយៈ​មេធាវី​ផ្ទាល់​ដោយ​បែងចែក ទ្រព្យសម្បត្តិ មួយ​ចំណែក​ទៅ​ឱ្យ​កូន​ៗ​និង​ចៅ​ដែល​រួមរស់​ជាមួយ​បន្ទាប់​ពី​លោកស្រី​ទទួលមរណភាព​ទៅ ។

ប៉ុន្តែ​បើ​តាម​អ្នកស្រី ជុំ រស្មី ហៅ​ស្រី​ទូច បាន​បញ្ជាក់​ថា ស្វាមី​(​ប្តី​លោកស្រី​កែវ ម​ន្ថា​) របស់​ខ្លួន​ពុំ​បាន​បំពេញ​តាម​លិខិត​បណ្ដាំ​នោះ​ទេ ព្រមទាំង​បាន​ផ្ទេរ​អចលនទ្រព្យ​មួយ​ចំនួន​ទៅ​ឱ្យ​កូន​ៗ​របស់​ខ្លួន ហើយ​ពុំ​បាន​អើពើ​ដោះស្រាយ​តាម​បណ្ដាំមរតក​ម្ដាយ ឬ​រក​ដំណោះស្រាយ​ណាមួយ​សមរម្យ​នោះ​ឡើយ ។ នៅ​ពេល​ឃើញ​ទ​ង្វើ​បែប​នេះ​ទើប​អ្នកស្រី និង​បងប្អូន និង​ក្មួយ​ស្រី ស៊ូ ស៊ី​រី​កា សម្រេច គ្នា​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ ខណៈ​ការ​សម្រេច​របស់​សាលាដំបូង​អ្នកស្រី និង​គ្រួសារ​មិន​អាច​ទទួលយក​បាន ទើប​បន្ត​ទៅ​ដល់​សាលាឧទ្ធរណ៍ ។

មាន​ព័ត៌មាន​បន្ថែម កោះសន្តិភាព​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ