ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​ចេក​គេ​កា.ប់​ចោល​សោះ ​យក​មក​ច្នៃ​ជា​កាបូ​ប ​និង​ខ្សែ​លក់​បាន​លុយ

9 ខែ មុន

ដើម​ចេក​ដែល​ជា​ទូទៅ​គេ​នឹង​កា​.​ប់​ចោល ក្រោយ​ពេល​ដែល​ប្រមូល​ផល​រួច​បាន​កំពុង​តែ​ក្លាយជា​ផលិតផល​ដែល​អាច​ច្នៃ​ចេញ​ជា​វត្ថុ​ប្រើប្រាស់​ផ្សេង​ៗ​ដូច​ជា ខ្សែ​វេញ និង​កាបូប ដើម្បី​លក់​បាន​លុយ ហើយ​អាច​ជួយ​មួយ​ផ្នែក​ដល់​យុទ្ធនាការ​លុប​បំបាត់​ថង់​ប្លា​ស្ទិ​ក ។ គួរ​អោយ​ចាប់អារម្មណ៍​នោះ របរ​ច្នៃ​ដើម​ចេក​បោះចោល​នេះ ចាប់ផ្តើម​ជាមួយ​លុយ​តែ​២០០​ដុល្លារ​ប៉ុណ្ណោះ…

ដើម​ចេក​ដែល​ជា​ទូទៅ​គេ​នឹង​កា​.​ប់​ចោល ក្រោយ​ពេល​ដែល​ប្រមូល​ផល​រួច​បាន​កំពុង​តែ​ក្លាយជា​ផលិតផល​ដែល​អាច​ច្នៃ​ចេញ​ជា​វត្ថុ​ប្រើប្រាស់​ផ្សេង​ៗ​ដូច​ជា ខ្សែ​វេញ និង​កាបូប ដើម្បី​លក់​បាន​លុយ ហើយ​អាច​ជួយ​មួយ​ផ្នែក​ដល់​យុទ្ធនាការ​លុប​បំបាត់​ថង់​ប្លា​ស្ទិ​ក ។ គួរ​អោយ​ចាប់អារម្មណ៍​នោះ របរ​ច្នៃ​ដើម​ចេក​បោះចោល​នេះ ចាប់ផ្តើម​ជាមួយ​លុយ​តែ​២០០​ដុល្លារ​ប៉ុណ្ណោះ ។

គំនិត​ច្នៃប្រឌិត​នេះ គឺ​កើតឡើង​ដោយ​ស្ត្រី​វ័យ​កណ្តាល​ម្នាក់ មក​ពី​ខេត្តបាត់ដំបង ដែល​អាច​កែ​ច្នៃ​ដើម​ចេក​លក់​យក​ប្រាក់ ព្រោះតែ​បទ​ពិសោធន៍​ដែល​ធ្លាប់​ឃើញ​ឪពុក​ធ្វើ​កាលពី​ក្មេង​ៗ ។

លោកស្រី ឆាត សុ​ឃឿ​ប អាយុ​៣៧ ឆ្នាំ មក​ពី​ភូមិ​ភ្នំ​សំពៅ​លិច ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន ខេត្តបាត់ដំបង បានអោយ​ដឹង​ថា ដើម​ចេក​មាន​ច្រើន​ប្រភេទ​ដែល​អាច​ទាញ​យក​ប្រយោជន៍​មក​កែ​ច្នៃ​បន្ត​ធ្វើ​ជា​វត្ថុ​ប្រើប្រាស់​ផ្សេង​ៗ តែ​ដើម​ចេក​ដែល​លោកស្រី​យក​មក​កែ​ច្នៃ​នេះ គឺជា​ដើម​ចេក​ដែល​អោយ​ផ្លែ និង​ផល​រួច ត្រូវកា​.​ប់​ចោល​ក្លាយជា​សំរាម ។

លោកស្រី ឆាត សុ​ឃឿ​ប ជា​សហ​ប្រធាន អនុសារ​តម្បាញ​ចេក​ខ្មែរ​បានអោយ​កម្មវិធី​លុយ​នៃ​សារព័ត៌មាន​កោះសន្តិភាព ដឹង​ថា «​មូលហេតុ​ដែល​សំខាន់​បំផុត​នោះ​ទី​១ គឺ​នៅ​ពេល​ដើម ចេក​គេ​កា​.​ប់​ផ្លែ​ហើយ យើង​អត់​ដឹង​ថា យក​ទៅ​ធ្វើ​អី​ទៀត​នោះ​ទេ​ក្រៅពី​ចំណី​សត្វ ។ ដូច្នេះ​ទើប យើង​បែកគំនិត​យក​វា​មក​ធ្វើការ​កែ​ច្នៃ​អោយ​អស់ពី​លទ្ធភាព ដើម្បី​ធ្វើ​ជា​ប្រយោជន៍ ។ ប្រយោជន៍​វា​ពេល​ដែល​ច្នៃ​បាន​ដូច​ជា ករណី​វត្ថុ​សម្រាប់​ដាក់​កែវ​កាហ្វេ ពោល គឺ​យើង​អាច កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លា​ស្ទិ​កបាន​» ។

លោកស្រី ឆាត សុ​ឃឿ​ប បន្ត​ថា ការ​កែ​ច្នៃ​ការ​ត្បាញ​ការ​វេញខ្សែ​ដើម​ចេក​ទាំងនេះ​ជា​ក្បាច់ មរតក​របស់​ដូនតា​ខ្មែរ ហើយ​លោកស្រី​មានគំនិត​ក្នុង​ការ​ថែរក្សា​ទុកជា​កេរ្តិ៍​ដំណែល សម្រាប់ មនុស្ស​ជំនាន់​ក្រោយ ។ តម្បាញ​ចេក​ខ្មែរ ជា​អាជីវកម្ម​ក្នុងស្រុក​មួយ​បាន​ចាប់កំណើត​ឡើង ក្នុង​ឆ្នាំ​២០២០ តែ​ដំណើរការ​ពេញលេញ​ក្នុង​ឆ្នាំ​២០២១ ហើយ​បច្ចុប្បន្ន​ប្រើប្រាស់​ធនធានមនុស្ស​សុទ្ធតែ​ជា​ស្ត្រី​ដែល​កំពុង​រស់នៅ​តាម​សហគមន៍ ដើម្បី​បង្កើត​ការងារ និង​ប្រាក់​ចំណូល​សម្រាប់​ពួក​គាត់​កាត់​បន្ថយ​ការ​ចំណាកស្រុក​ទៅ​ធ្វើ​ជា​ពលករ​នៅ​ក្រៅប្រទេស ជា​ពិសេស​ប្រទេស​ថៃ ។

លោកស្រី ឆាត សុ​ឃឿ​ប បន្ថែម​ថា «​ស្ថានភាព​ទីផ្សារ​ខ្ញុំ​អាច​និយាយ​បាន​ថា តាំងពី​ដើម​រហូត មក​ដល់​ឥឡូវ​វា ប្រសើរ​ម្តង​បន្តិច​ៗ ដោយសារ​តែ​ឥឡូវ​ម្ចាស់​អាជីវកម្ម គាត់​ងាក​មក​ចាប់ អារម្មណ៍​រឿង​បរិស្ថាន ហើយ​គាត់​ចង់​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក ។ ទាក់ទង​ជាមួយ គំនិត​ធ្វើ​នេះ​ក៏​ខ្ញុំ​បាន​ពី​ម្ចាស់​អាជីវកម្ម​ម្នាក់​ដែរ គាត់​លក់​កាហ្វេ គាត់​សុំ​អោយ​ខ្ញុំ​ថា បងអាច ត្បាញ​បែប​នេះ​បាន​ឬ​អត់? អ៊ីចឹង ខ្ញុំ​ក៏​សាកល្បង​ធ្វើ ហើយ​នឹកឃើញ​ដល់​ក្បាច់​ដែល ប៉ា​ខ្ញុំ គាត់​ធ្លាប់​ធ្វើ ។ ខ្ញុំ​ធ្លាប់​ឃើញ​គាត់​ធ្វើ​កាល​នៅ​ពី​តូច​» ។

លោកស្រី ឆាត សុ​ឃឿ​ប បន្ត​ថា វត្ថុ​ដែល​កែ​ច្នៃ​ចេញពី​ដើម​ចេក​ទាំងនេះ តម្លៃ​ខ្ពស់​បំផុត គឺ​ការ​បូ​ប​ដែល​ត្បាញ​ចេញពី​ដើម​ចេក តម្លៃ​ចាប់ពី​៣០​ដុល្លា​ឡើង​ទៅ​តាម​ទំហំ និង​តម្លៃ​ទាប​បំផុត គឺ​ខ្សែ​សម្រាប់​ដាក់​កែវ​កាហ្វេ ១​ដុំ​មាន​២០​ខ្សែ​តម្លៃ​៤០០០​រៀល ។ លោកស្រី​បាន​បន្ត​ថា អាជីវកម្ម​តម្បាញ​ដើម​ចេក​ដែល​កំពុង​តែ​ដំណើរការ​នេះ ចាប់ផ្តើម​ដោយ ដើមទុន​ប្រើប្រាស់​ត្រឹមតែ​ជាង​២០០​ដុល្លា​អា​មេ​រិ​ក​ប៉ុណ្ណោះ ។

លោកស្រី ឆាត សុ​ឃឿ​ប បន្ត​ថា «​ដើម​ចេក​ដែល​យើង​កំណត់​យក​អា​ខ្ចី ឬ​មួយ​ក៏​យក​អា​មិន​ទាន់​ផ្លែ​វា​ខាត ។ ដូច្នេះ​ហើយ​យើង​កំណត់​យក​កាត់​ផ្លែ​ហើយ គឺ​យើង​យក​ដើម​ចេក ហ្នឹង​មក​ប្រើ ។ ចាប់ពី​ពេល​ដែល​យើង​យក​វា​មក​ហាល បើ​យើង​គិត​រយៈពេល​ហាល​យ៉ាង​លឿន​ណាស់​ក៏​បី​ថ្ងៃ​ដែរ តែ​ជា​ថ្ងៃ​ដែល​មេឃ​ស្រឡះ​ល្អ មេឃ​ក្តៅ​ល្អ ។ បើ​មេឃ​ស្រទុំ​វិញ មួយ​អាទិត្យ​ឬ​១០​ថ្ងៃ ហើយ​សម្បុរ​ខ្សែ​ក៏​មិនសូវ​ស្អាត​នោះ​ដែរ ។ តែបើ​មេឃ​ស្រឡះ​សម្បុរ​ខ្សែ​ស្អាត ។ បន្ទាប់​ពី​ហ្នឹង​មក​យើង​យក​មក​វេញ យក​មក​ជ្រៀក​បើ​យើង​គិត​សាច់​វេញ​ធ្វើ​វា​ដើម្បី​បាន​មួយ​នេះ គឺ​ប្រើ​រយៈពេល​១០​នាទី​ជាង ។ អ៊ីចឹង​ក្នុង​មួយ​ថ្ងៃ អ្នក​វេញ​អស់​ស្ទុះ​ហើយ បាន​១០០​ជាង​»​។

យ៉ាងណាមិញ ដើម្បី​អោយ​ដំណើរការ​អាជីវកម្ម​មួយ​នេះ​ទៅ​ដោយ​រលូន មិន​មាន​ភាព​ងាយ ស្រួល​នោះ​ទេ ។ លោកស្រី និង​សហ​ស្ថាបនិក​បាន​សន្សំ​បទ​ពិសោធ​ការ​សិក្សា​រៀនសូត្រ​រាប់​ឆ្នាំ​រហូត​មាន​សមត្ថភាព និង​ធនធាន​អាច​បើក​ដំណើរការ​អាជីវកម្ម​នេះ ។

លោកស្រី ឆាត សុ​ឃឿ​ប បន្ថែម​ថា «​ចំពោះ​ទស្សនវិស័យ​របស់​យើង​ទី​១ យើង​ចង់អោយ ផលិតផល​យើង គឺជា​ផលិតផល​ដែល​ចូលរួម​ចំណែក​ថែរក្សា​បរិស្ថាន និង​គាំទ្រ​ដល់​វិស័យ​វប្បធម៌ ។ មួយទៀត​យើង​ចង់​តាម​រយៈ​អាជីវកម្ម​មួយ​នេះ​យើង​ចង់អោយ​មាន​រូបភាព​នៃ​ការ​កាត់​បន្ថយ អ្នក​ចំណាកស្រុក​នៅ​តាម​សហគមន៍​តាម​រយៈ​ការ​ដែល​យើង​ផ្តល់​ការងារ ជូន​គាត់​ធ្វើ ជា​ពិសេស​ស្ត្រី​មេម៉ាយ អ្នកមាន​ពិការ​ភាព បើសិនជា​គាត់​អាច​ធ្វើ​បាន​យើង​ផ្តល់​ឱកាស និង​អ្នក​ដែល​មានចំណេះ​ដឹង​ទាប​ៗ​ដែល​គាត់​អត់​មានឱកាស​ក្នុង​ការ​រក​ប្រាក់​ចំណូល​បាន​ច្រើន​»៕ ដោយៈ ស នី​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ