រាជធានីភ្នំពេញ ៖ ក្រសួងបរិស្ថាន បានបង្ហាញពីការគ្រប់គ្រងធនធនធម្មជាតិ ជាពិសេសអភិរក្សសត្វព្រៃ នៅកម្ពុជា សំដៅលើកកម្ពស់ការយល់ដឹងរបស់មហាជនអំពីមរតកធម្មជាតិ ដ័មានតម្លៃសម្រាប់មនុស្សជាតិ ។
ដើម្បីចូលរួមអបអរសាទរ ទិវាសត្វព្រៃពិភពលោក ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី៤មីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា កម្ពុជាយើងមានតំបន់ការពារធម្មជាតិ ចំនួន៧៣កន្លែង មានផ្ទៃដីជាង ៧លានហិចតា ស្មើនឹង៤០% នៃផ្ទៃដីប្រទេស ។
អ្នកនាំពាក្យ បានលើកឡើងថា យោងតាមផែនការយុទ្ធសាស្ត្រ និងសកម្មភាពនានា បានរកឃើញថា សត្វព្រៃនៅប្រទេសកម្ពុជាមានប្រមាណ ២,០៨៥ប្រភេទ (ថនិកសត្វ=១៤៧ បក្សី=៥៤៣ ល្មូន=១៤៥ ថលជលិគ=៥៩ ត្រី=១០៩៣ និងសត្វល្អិត=៩៨) ។
លោក ខ្វៃ អាទិត្យា បានអះអាងថា ក្រសួងបរិស្ថាន និងអង្គការដៃគូធ្វើការអភិរក្ស ដោយផ្តោតសំខាន់ទៅលើប្រភេទសត្វ ដែលមានដោយកម្រ ជិតផុតពូជ និងកំពុងគំរាមកំហែងចំនួនប្រមាណ ១២៣ប្រភេទ (ថនិកសត្វ=២៥ បក្សី=៣៣ ល្មូន=២១ ថលជលិគ=៩ និងត្រី=៣៥) ជាមួយគ្នានេះ ប្រភេទសត្វជិតផុតពូជ ដែលមានច្រើនជាងគេនៅកម្ពុជារួមមាន ៖ ថនិកសត្វមាន ទន្សោង បក្សីមាន ៖ ក្ងរ (ត្រយ៉ង) យក្ស ចាបតេតកម្ពុជា និងត្រយ៉ងចំកកសជាដើម ។
អ្នកនាំពាក្យក្រសួងបរិស្ថាន ប្រទេសកម្ពុជា ក៏ចាត់ទុកជាប្រទេស ដែលមានវត្តមានប្រភេទសត្វ ដែលមានដោយកម្រ ជិតផុតពូជ និងកំពុងគំរាមកំហែងច្រើនដូចជា ៖ ទន្សោង ត្រយ៉ងយក្ស ត្រយ៉ងចំកកស និងចាបតេតកម្ពុជាជាដើម មានវត្តមានតិចជាងប្រទេសជិតខាងដូចជា ដំរីអាស៊ី និងខ្ទីងជាដើម ។
លោក ខ្វៃ អាទិត្យា បានលើកឡើងបន្ថែមថា កម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ខ្លាំង សហការការជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អង្គការដៃគូ ការពារមតរកធម្មជាតិ រួមមានព្រៃឈើ សត្វព្រៃ និងជិវៈចម្រុះ ដើម្បីបន្តទុកដល់កូនចៅជំនាន់ក្រោយ និងជាពិសេសធានាដល់ថែរក្សាប្រព័ន្ធអេកូឡូស៊ី ប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុ និងឆ្ពោះទៅសម្រេចទស្សនវិស័យប្រទេសអព្យាក្រឹតកាបូនឆ្នាំ២០៥០ ។
លោក ខ្វៃ អាទិត្យា លើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធ ដៃគូសហការ ជាពិសេសប្រជាសហគមន៍តំបន់ការពារធម្មជាតិ ពង្រឹងការចូលរួមឱ្យកាន់តែសកម្មខ្លាំងបន្ថែមទៀត ជាមួយក្រសួងបរិស្ថាន ដើម្បីបង្កើតសេដ្ឋកិច្ចមូលដ្ឋាន និងការពារអភិរក្សធនធានធម្មជាតិ ។
នៅក្នុងវិធានការបង្កើនប្រសិទ្ធភាព នៃការការពារ និងអភិរក្សធនធានធម្មជាតិ ក្រសួងបរិស្ថានមិនត្រឹមតែបន្តពង្រឹងលើការ អនុវត្តច្បាប់លើវិធាន ៤ចំណុច ក្នុងនោះដោយអនុវត្តច្បាប់១០០% ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ប៉ុណ្ណោះទេ ប៉ុន្តែបានផ្តោតសំខាន់លើការអភិវឌ្ឍ ជំរុញការដាំដើមឈើឲ្យច្រើនជាងការកាប់ ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញ ការដាំស្តារព្រៃឈើ ដែលជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍ រួមទាំងការអភិរក្សជីវចម្រុះដោយចីរភាព។ តាមរយៈនេះ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការថ្ងៃទី១០ តុលា ឆ្នាំ២០២៣ នឹងធ្វើការផ្តល់ និងដាំដើមឈើយ៉ាងតិច ១លានដើមក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៤នេះ ។
អ្នកនាំពាក្យ បានបញ្ជាក់ថា ចំពោះការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន គឺជាវិធានការជាក់ស្តែង ដើម្បីការពារនិងអភិរក្សព្រៃឈើ និងសត្វព្រៃរបស់កម្ពុជាឱ្យបានគង់វង្ស ដូចជាការដាំដុះដើមឈើ គឺ «ដើម្បីរកចំណូល» តាមរយៈការលក់ឥណទានកាបូន និងទេសចរណ៍គោលដៅកម្សាន្តបៃតង ៕
ចែករំលែកព័តមាននេះ