កសិករត្អូញត្អែរតម្លៃទីផ្សារផ្លែស្វាយកែវរមៀតធ្លាក់ចុះ ស្ទើរគ្មានអ្នកទិញ
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ ប្រជាកសិករជាច្រើននាក់ រស់នៅក្នុងខេត្តប៉ៃលិន ដែលជាខេត្តនៅជាប់នឹងព្រំដែន
ខេត្តប៉ៃលិន ៖ ប្រជាកសិករជាច្រើននាក់ រស់នៅក្នុងខេត្តប៉ៃលិន ដែលជាខេត្តនៅជាប់នឹងព្រំដែន
ខេត្តប៉ៃលិន ៖ ប្រជាកសិករជាច្រើននាក់ រស់នៅក្នុងខេត្តប៉ៃលិន ដែលជាខេត្តនៅជាប់នឹងព្រំដែនប្រទេសកម្ពុជា-ថៃ កំពុងតែត្អូញត្អែរអំពីបញ្ហាផ្លែស្វាយកែវរមៀតនៅក្នុងចម្ការរបស់ខ្លួនមានការធ្លាក់ថ្លៃចុះជាងមុន និងស្ទើរតែគ្មានអ្នកទិញ ដោយផ្លែស្វាយ១គីឡូក្រាម ឈ្មួញទិញត្រឹមតែ៣០០ទៅ៤០០រៀលប៉ុណ្ណោះ ខណៈដែលពួកគាត់ម្នាក់ដាំដំណាំនេះជាច្រើនហិកតា ហើយបើដាំនៅឆ្ងាយពីផ្លូវ ឬពីក្រុង គ្មានអ្នកចូលទៅទិញដល់ឡើយ។ ម្យ៉ាងវិញទៀត ពួកគាត់បង្កើនផលទាំងគ្មានចំណេះ និងជំនាញច្បាស់លាស់ លុះផលិតបានកសិផល ឈ្មួញតែងបង្អាប់ពីគុណភាព។
បើតាមការរៀបរាប់ពីលោក ង៉ែត បឿក ជាអ្នកជួញដូរផ្លែស្វាយ និងជាកសិករ រស់នៅភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅខេត្តប៉ៃលិន បានឱ្យដឹងនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះថា គាត់បានដាំដើមស្វាយកែវរមៀតជិត២០០០ដើម ដោយដាំបានរយ:ពេល៦ឆ្នាំមកហើយ ក៏ធ្វើការប្រមូលផលបាន៣ឆ្នាំហើយផងដែរ។ តែនៅឆ្នាំ២០២៤នេះ ពេលដើមស្វាយកែវរមៀតចេញផ្កា និងក្តិប បែរជាជួបនឹងគ្រោះរាំងស្ងួត បណ្តាលឱ្យជ្រុះក្តិបមិនសូវកាន់ផ្លែច្រើននោះទេ។
ម្យ៉ាងវិញទៀត ដល់ពេលកំពុងប្រមូលផល ស្រាប់តែតម្លៃទីផ្សារចុះទាបខ្លាំង ដោយពីមុនឈ្មួញហ៊ានទិញផ្លែស្វាយ១គីឡូក្រាម តម្លៃចាប់ពី១៥០០ទៅ២០០០រៀល ប៉ុន្តែនៅសព្វថ្ងៃនេះ ឈ្មួញទិញត្រឹមតែ៣០០ទៅ៤០០រៀលប៉ុណ្ណោះ ពោលគឺស្ទើរតែគ្មានទីផ្សារតែម្ដង ។ ចំណែកចម្ការដែលស្ថិតនៅកន្លែងឆ្ងាយៗដាច់ស្រាយាលពីគេ ឈ្មួញមិនហ៊ានចូលទៅទិញនោះឡើយ ព្រោះគេប្រាប់ថា ត្រូវចំណាយថ្លៃដឹកអស់ច្រើន មិនចំណេញ។
លោកបន្តទៀតថា តាំងពីពេលដាំដើមស្វាយ រហូតដល់ពេលប្រមូលផលនេះ ក៏មិនបានចូលរៀនវគ្គបណ្តុះបណ្តាលពីរបៀបថែទាំដើមស្វាយ ឬការថែទាំផ្លែស្វាយឱ្យមានគុណភាពនោះដែរ ដោយអត់បានរៀនសូត្រពីមន្ត្រីជំនាញណាម្នាក់នោះទេ គឺលោកចេះដាំដុះនេះតាមការសួរនាំគ្នីគ្នា ជាកសិករដូចគ្នាប៉ុណ្ណោះ ហើយក៏មិនឃើញមានក្រុមហ៊ុនណាមួយ ចុះមកដាក់កុងត្រាទិញ ឬប្រាប់ពីរបៀបវេចខ្ចប់អ្វីនោះដែរ គឺលក់ឱ្យតែឈ្មួញកណ្តាលខ្មែរនៅក្នុងស្រុកប៉ុណ្ណោះ។
ចំណែកការនាំចេញទៅលក់ដូរនៅប្រទេសថៃ តាមច្រកទ្វារអន្តរជាតិព្រំវិញ គឺត្រូវបង់ថវិកាឱ្យខាងមន្ត្រីច្រកទ្វារអន្តរជាតិព្រំទាំងខាងខ្មែរ និងខាងថៃ៤៧ម៉ឺនរៀល ក្នុងនោះបង់ឱ្យខាងខ្មែរ២១ម៉ឺនរៀល និងបង់ឱ្យខាងភាគីថៃចំនួន២៦ម៉ឺនរៀល ដោយមានអ្នកចាំទទួលរត់ការជូនតែម្ដង។
បើតាមប្រភពព័ត៌មានពីលោក ប៉ិច បិន ប្រធានការិយាល័យច្រកទ្វារអន្តរជាតិព្រំ បានឱ្យដឹងថា ពាក់ព័ន្ធនឹងខាងថៃការនាំចេញ យើងចេញទៅគេ គឺជាការចូលប្រទេសរបស់គេ អញ្ចឹងគេអនុវត្តតាមច្បាប់ប្រទេសគេ យើងត្រូវបង់ពន្ធឱ្យគេពេញតែម្ដង។ ចំណែកខាងខ្មែរអត់មានការបង់ពន្ធនាំចេញអ្វីនោះទេ ហើយក៏អត់មានការយកលុយកាក់ពីប្រជាពលរដ្ឋនោះដែរ ៕
ចែករំលែកព័តមាននេះ