ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​កម្ពុជា​ថ្ងូរ​រឿង​ចេញ​ក្រៅប្រទេស​ព្យាបាល​ជំងឺ​អស់​លុយ​ច្រើន

4 ខែ មុន

ពលរដ្ឋ​ខ្មែរ​បាន​បន្ត​ចាកចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ជិតខាង​កម្ពុជា​មាន​ប្រទេស​ថៃ​ជាដើម​រាប់​សិប​នាក់​នៅ​ក្នុង​មួយ​ថ្ងៃ​ៗ ។ ការ​ចាកចេញ​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស​របស់​ពលរដ្ឋ បាន​ចំណាយ​ថវិកា​រាប់រយ​ដុល្លារ​ដល់​ពាន់​ដុល្លារ​នៅ​ក្នុង​មួយ​លើក​មួយ​ៗ ។ កាលពី​ចុង​ស​ប្តា​ហ៍​មុន​នេះ មាន​ពលរដ្ឋ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ប្រមាណ​៣០​នាក់ គ្រាន់តែ តាម​រយៈ​ជើង​យន្តហោះ​មួយ ។…

ពលរដ្ឋ​ខ្មែរ​បាន​បន្ត​ចាកចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ជិតខាង​កម្ពុជា​មាន​ប្រទេស​ថៃ​ជាដើម​រាប់​សិប​នាក់​នៅ​ក្នុង​មួយ​ថ្ងៃ​ៗ ។ ការ​ចាកចេញ​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស​របស់​ពលរដ្ឋ បាន​ចំណាយ​ថវិកា​រាប់រយ​ដុល្លារ​ដល់​ពាន់​ដុល្លារ​នៅ​ក្នុង​មួយ​លើក​មួយ​ៗ ។

កាលពី​ចុង​ស​ប្តា​ហ៍​មុន​នេះ មាន​ពលរដ្ឋ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ប្រមាណ​៣០​នាក់ គ្រាន់តែ តាម​រយៈ​ជើង​យន្តហោះ​មួយ ។ នៅ​ពេល​យន្តហោះ​ចុះ​ចត​ក្នុង​ព្រ​លាន​អន្តរជាតិ​សុវណ្ណ​ភូមិ ក្រុម​អ្នក​មក​ទទួល​អ្នកជំងឺ​ខ្មែរ​បាន​ស្វាគមន៍​អ្នកជំងឺ​ដោយ​រទេះរុញ និង​លើក​ស្លាក​ឈ្មោះ យ៉ាង​ព្រោងព្រាត​នៅ​លើ​ផ្លូវ​ធ្វើ​ដំណើរ​ក្នុង​ព្រ​លាន​យន្ត​អន្តរជាតិ​របស់​ប្រទេស​ថៃ ។

ពលរដ្ឋ​បាន​ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ មាន​អ្នក​ចាកចេញ​ទៅ​ព្យាបាល​ជា​ប្រចាំខែ ឬ តាម​ការ​កំណត់​របស់​វេជ្ជបណ្ឌិត ។ ពលរដ្ឋ​ប្រភេទ​នេះ​ជា​អ្នកមាន​ជំងឺ​ប្រចាំ​កាយ​ដែល​ត្រូវ ព្យាបាល​រយៈពេល​វែង ហើយ​ពួក​គាត់​ត្រូវ​គេ​យក​រទេះរុញ​មក​ទទួល ។ ចំណែក​ពលរដ្ឋ​មួយ​ប្រភេទ​ទៀត​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​គេ ដោយ​ភ្ជាប់​ជាមួយ​ដំណើរ​ទេសចរណ៍​តែ​ម្តង ។ ក្នុង​លក្ខខណ្ឌ​នេះ មាន​ពលរដ្ឋ​ខ្លះទៅ​ពិនិត្យ​សុខភាព​លើក​ដំបូង និង​មាន​អ្នកខ្លះ​ទៀត​ធ្លាប់​ទៅ​ពិនិត្យ​ម្តង​ឬ​ពីរ​ដង​ហើយ ក៏​បាន​បន្ត​ទៅ​ពិនិត្យ​ម្តងទៀត ក្រោយ​រយៈពេល​កន្លះ​ឆ្នាំ ឬ​មួយ​ឆ្នាំ ។ មាន​អ្នកខ្លះ​លើក​មុន​ទៅ​ពិនិត្យ​ព្យាបាល​ជំងឺ​តែ​ម្នាក់ឯង ហើយ​លើក​នេះ​ទៅ​ពិនិត្យ​នាំ​ទាំង​ស្វាមី នាំ​ទាំង​ភរិយា ឬ​បន្ថែម​សមាជិកគ្រួសារ​ម្នាក់​ពីរ​ទៅ​ចាយ​លុយ​លើ​សេវា​ពេទ្យ​នៅ​ស្រុក​គេ ។

ពលរដ្ឋ​ចេញ​ទៅ​ពិនិត្យ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ ខ្លះ​ត្រូវ​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​រដ្ឋ និង​មាន​អ្នក​ខ្លះទៅ​ពិនិត្យ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ឯកជន ។ ពលរដ្ឋ​ខ្លះ​ចេញ​ទៅ​ពិនិត្យ​នៅ​តាម​ខេត្ត​នានា​របស់​ប្រទេស​ថៃ​ជាប់​ព្រំដែន​កម្ពុជា និង​មាន​ពលរដ្ឋ​មួយ​ចំនួន​ទៅ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ក្រុង​បាងកក ប្រទេស​ថៃ ។

ការ​ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ ក្នុង​នាម​ជា​ជនបរទេស ពលរដ្ឋ​ត្រូវ​ចំណាយ​ថវិកា លើស​ពី​ពលរដ្ឋ​ថៃ​ម្ចាស់​ស្រុក ។ ក្រៅពី​នេះ ពលរដ្ឋ​ត្រូវ​ចំណាយ​ថវិកា​លើ​ការ​ធ្វើ​ដំណើរ​ស្នាក់ និង​ហូប​ចុក​ជាដើម ។ អ្នក​ខ្លះទៅ​ព្យាបាល​ជំងឺ​សម្រាក​នៅ​ស្រុក​គេ​មួយ​យប់ ខ្លះ​ពីរ​យប់ ហើយ​មាន​អ្នកខ្លះ​ត្រូវ​សម្រាក​មួ​យស​ប្តា​ហ៍ ឬ​ពី​រស​ប្តា​ហ៍​ក៏​មាន ។

ពលរដ្ឋ​ខ្មែរ​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​គេ តែង​ស្វែង​សណ្ឋាគារ​ស្នាក់​នៅ​ជិត​ៗ​មន្ទីរពេទ្យ ដើម្បី​ងាយស្រួល​ធ្វើ​ដំណើរ ។ នៅ​មន្ទីរពេទ្យ ដើម្បី​ទំនាក់​ទំនងជា​គ្រូពេទ្យ ពលរដ្ឋ​ខ្មែរ​ត្រូវ​រក សេវា​អ្នកបកប្រែ​ភាសា​ថៃ ។ គ្រូពេទ្យ​ថៃ ហាក់​មិន​ចង់​និយាយ​ភាសា​អង់គ្លេស ។ ពួក​គេ​បាន ព្យាយាម​ឱ្យ​អ្នកជំងឺ​ស្វែងរក​សេវា​បកប្រែ ។ អ្នក​រកស៊ី​បកប្រែ​ភាគច្រើន​ជា​ពលរដ្ឋ​ខ្មែរ ដែល​បាន​ចេញ​ទៅ​រស់នៅ​ប្រទេស​ថៃ​យូរ​ឆ្នាំ ។ បកប្រែ​ជូន​អ្នកជំងឺ​ម្នាក់​ថ្លៃ​៥០០​បាត​ក្នុង​មួយ​ពេល ។

លោក​សុផល ពលរដ្ឋ​ខ្មែរ​ចេញ​ទៅ​ពិនិត្យ​ជំងឺ​នៅ​ប្រទេស​ថៃ ជា​លើក​ដំបូង កាលពី​ស​ប្តា​ហ៍​មុន បាន​និយាយ​ថា លោក​មាន​ជំងឺ​ក្រពះ​ដែល​ទទួល​ការ​ព្យាបាល​នៅ​ក្នុងស្រុក មិនជា​សះស្បើយ នៅ​ក្នុង​រយៈពេល​៥​ខែ​មក​ហើយ ។ ដូច្នេះ​កាលពី​ចុង​ស​ប្តា​ហ៍​មុន​លោក​សម្រេចចិត្ត​ទៅ​ពិនិត្យ ព្យាបាល​នៅ​ប្រទេស​ថៃ​ម្តង ។

មន្ត្រីរាជការ​ម្នាក់​នេះ និយាយ​ថា នេះ​ជា​លើក​ទី​១ ដែល​លោក​ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ ប្រទេស​ថៃ ។ នៅ​ក្នុង​មន្ទីរពេទ្យ​ឯកជន​មួយ​នាទី​ក្រុង​បាងកក លោក​បាន​ជួប​ពលរដ្ឋ​ខ្មែរ​ជាង​២០​នាក់​បាន​ចេញ​ធ្វើ​ដំណើរ​ទៅ​ដល់​មន្ទីរពេទ្យ​នោះ​ដើម្បី​ព្យាបាល​ជំងឺ ។ លោក​ថា ក្នុង ចំណោម​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​មាន​អ​កា​រៈ​ជំងឺ​ផ្សេង​ៗ​គ្នា ។ ខ្លះ​ឈឺក្រពះ ខ្លះ​លើសឈាម ស្ពឹក​ដៃ​ស្ពឹក​ជើង ខ្លះ​រោគ​ស្ត្រី​ជាដើម​។

ពលរដ្ឋ​ខ្មែរ​ដែល​បាន​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ និយាយ​ថា ដោយសារ​មាន​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​បាន​ចេញ​ទៅ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​នោះ​ជា​ប្រចាំ​មន្ទីរពេទ្យ​បាន​ប្រើប្រាស់​ភាសា​ខ្មែរ​បន្ទាប់​ពី​ភាសា​ថៃ ។ នៅ​តាម​បន្ទប់ និង​នៅ​តាម​អគារ​កន្លែង​ពិនិត្យ​ជំងឺ គេ​បាន​ប្រើ​អក្សរ​ខ្មែរ​សម្រាប់​អ្នកជំងឺ​ខ្មែរ​ងាយស្រួល ។ គ្រូពេទ្យ​មួយ​ចំនួន​ចេះ​ភាសា​ខ្មែរ​មួយ​ម៉ាត់​ៗ ហើយ​បាន​ព្យាយាម​និយាយ​មក​កាន់​អ្នកជំងឺ ។

ក្រៅពី​ការ​លើក​អក្សរ​ខ្មែរ​ជា​ស្លាក​សម្គាល់ សូ​ម្បី​នៅ​លើ​វេជ្ជបញ្ជា និង​សំបក​ថ្នាំ​ក៏​ប្រើប្រាស់​អក្សរ​ខ្មែរ​ដែរ ។ ដូច​ជា ថា​ថ្នាំ​នេះ​ត្រូវ​លេប​ប៉ុន្មាន​ដង​ក្នុង​មួយ​ថ្ងៃ និង​ប៉ុន្មាន​គ្រាប់​ក្នុង​មួយ​ដង​ជា ដើម ។ តាម​ប្រភព​អ្នកជំងឺ ដែល​បាន​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ អះអាង​ថា​ការ​ចេញ​ទៅ ព្យាបាល​ជំងឺ​នៅ​ស្រុក​គេ​បាន​ចំណាយ​ថវិកា​ច្រើន ។ លោក​សុផល បាន​ណាយ​ថវិកា​ប្រមាណ ១​ពាន់​ដុល្លារ នៅ​ក្នុង​ការ​ពិនិត្យ​សួត ក្រពះ ពោះវៀន និង​ទ្វារ​លាមក ។

ប្រភព​ពី​អ្នកជំងឺ​ខាងលើ​ថា លោក​ត្រូវ​បាន​គ្រូពេទ្យ​ថៃ​ស្នើ​ឱ្យ​ពិនិត្យ​បន្ត​លើស​ពី​អ្វី​ដែល​លោក​បាន​ពិនិត្យ​ដើម្បី​ស្វែងរក​ប្រភព​ជំងឺ​ក្រពះ​របស់​លោក ប៉ុន្តែ​លោក​បដិសេធ​ធ្វើ​តាម​ដោយសារ លោក​គិត​ថា មាន​តម្លៃ​ថ្លៃ​ពេក ។ តាម​អ្នកជំងឺ​ខាងលើ​ថា ការ​ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​ស្រុក​គេ ពិតជា​ត្រូវ​ចំណាយ​ថវិកា​ច្រើន ហើយ​ការ​ស្នាក់​នៅ និង​ហូប​ចុក​នៅ​ក្នុង​ប្រទេស​ពេល​អំឡុង​ពេល​ព្យាបាល​ជំងឺ​ក៏​ច្រើន ។ ដូច្នេះ ការ​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ការ​ចំណាយ​មិនធម្មតា​នោះ​ទេ ។ លោក​ថា ជំងឺ​ល្មម​ៗ ចំណាយ​មិន​តិច​ជាង​១​ពាន់​ដុល្លារ​ឡើយ​គ្រាន់តែ​ថ្លៃ​ពេទ្យ ។

ជា​ទូទៅ​លោក​សង្កេត​ឃើញ​ថា ដើម្បី​សន្សំ​ថវិកា​ទុក​ព្យ​បាល​ជំងឺ​ពលរដ្ឋ​ខ្មែរ​ត្បិតត្បៀត​លើ​ការ​ស្នាក់​នៅ​ការ​ធ្វើ​ដំណើរ និង​ការ​ហូប​ចុក​ដើម្បី​ទុក​លុយ​ចំណាយ​ដ៏​ច្រើន​លើ​ថ្លៃ​ពេទ្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ