ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ វាងម៉ូតូ និងរថយន្ត កើតឡើងចំនួន០៣កន្លែងផ្សេងគ្នា នៅលើផ្លូវជាតិលេខ១៣ ក្នុងក្រុងស្វាយរៀង បណ្តាលឲ្យមនុស្ស០៣នាក់ រងរបួសធ្ងន់ធ្ងរ ។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា ករណីទី១ ៖ កើតឡើងនៅវេលាម៉ោង០១និង០៣នាទីរសៀល ថ្ងៃសៅរ៍ ទី០២ ខែមីនា ឆ្នាំ២០២៤ ករណីចរាចរណ៍មួយ កើតឡើងតាមបណ្ដោយផ្លូវជាតិលេខ១៣ (ត្រង់ចំណុចកែងបែកជាបួន) ស្ថិតនៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង រវាងម៉ូតូនិងរថយន្ត បង្កឲ្យអ្នកជិះម៉ូតូ មានឈ្មោះ ខន ជាគ្រូបង្រៀនចូលនិវត្តន៍ រងបួសធ្ងន់ធ្ងរ សន្លប់នៅនឹងកន្លែង ម៉ូតូខូចខាតមួយកំណាត់ខាងមុខ។ បើតាមអ្នកឃើញហេតុការណ៍ បានប្រាប់ថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1A-6332 នៅលើផ្លូវជាតិលេខ១៣ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3-A1080 បើកបរពីទិសខាងត្បូងមកជើង បញ្ច្រាស់ទិសគ្នា ក៏បានបុកពេញទំហឹង បណ្តាលឲ្យជនរងគ្រោះរបួសធ្ងន់ធ្ងរ តែម្តង ។
ករណីទី២ ៖ កើតឡើងនៅវេលាម៉ោង៣និង៤២នាទីរសៀល ថ្ងៃខែដដែល នៅលើកំណាត់ផ្លូវជាតិលេខ១៣ ស្ថិតនៅភូមិអកនាគសង្កាត់សង្ឃ័រក្រុងស្វាយរៀង យុវជនម្នាក់ ទំនងស្រវឹង ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ យ៉ាងលឿន ស្រាប់តែរេចង្កូត ដួលខ្លួនឯង ខ្ទាតចូលទៅបុករថយន្តម៉ាកសាំយ៉ុង ១គ្រឿង ដែលម្ចាស់ចតនៅលើចិញ្ចើមថ្នល់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ សន្លប់នៅនឹងកន្លែង ។
ករណីទី៣ ៖ កើតឡើងនៅវេលាម៉ោង៥និង០០នាទីល្ងាចថ្ងៃខែដដែល នៅលើកំណាត់ជាតិលេខ១៣ត្រង់ចំណុច ជិតក្លោងទ្វាវត្ត ស្ថិតនៅភូមិពភ្លា សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខស្វាយរៀង 1U-9892 ត្រូវរថយន្តបុក ចំពីមុខពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ សន្លប់ស្តូកស្តឹងនៅនឹងកន្លែង។ ចំណែកឯរថយន្តបង្ក ម៉ាក ហ៊ីយ៉ាន់ដាយ ដឹកបង្គោលភ្លើង ជាក្រុមហ៊ុនអគ្គិសនីខេត្ត បានបើករត់គេចខ្លួន ក៏ប៉ុន្តែ ត្រូវសមត្ថកិច្ច ស្ទាក់ចាប់បាន នៅក្នុងភូមិ យកទាំងអ្នកបើកបររថយន្ត ទៅសាកសួរ នៅអធិការដ្ឋាននគបាលក្រុងស្វាយរៀង ចាត់ការតាមនីតិវិធី។
បើតាមសមត្ថកិច្ច បានឲ្យដឹងទៀតថា ជនរងគ្រោះទាំង០៣នាក់ ត្រូវសមត្ថកិច្ច ហៅរថយន្តសាម៉ុយ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង ចំណែករថយន្តបង្ក និងម៉ូតូយកទៅរក្សាទុក នៅអធិការដ្ឋានក្រុងស្វាយរៀង ដោះស្រាយតាមច្បាប់ ៕






ចែករំលែកព័តមាននេះ