មនុស្សម្នាក់ៗមិនថា បុរសឬស្ត្រី ក្មេងឬចាស់ គឺពួកគាត់តែងតែមានការគិត និងការចូលចិត្ត
ផ្សេងៗគ្នា ហើយគាត់ក៏បានជួបនូវបញ្ហាជីវិតជាច្រើនមកហើយដែរ ។ ពិសេសនោះ គឺការរាប់អានមនុស្ស ដែលមិត្តភក្តិខ្លះធ្វើឱ្យយើងបានរីកចម្រើន តែខ្លះទៀតក៏ធ្វើឱ្យយើងតែងជួបបញ្ហាមិនចេះចប់ មិនចេះហើយ ។
ប្រាកដណាស់ ចំណងមិត្តភាពដ៏ល្អរឹងមាំមួយ គឺត្រូវការភាពស្មោះត្រង់, ការស្រលាញ់ចេញអស់ពីក្រអៅបេះដូង ដែលវាមិនមែនជាមិត្តភាពក្លែងក្លាយ ឬគ្រាន់តែជាការរាប់អានក្នុងរូបភាពសម្តែង ។
ដូច្នេះ បើចង់ដឹងថា តើត្រូវឬខុស «ការរាប់អានមិត្តតិច ប្រសើរជាងមានមិត្តច្រើន» កោះសន្តិភាពសុំលើកយកមតិរបស់បងប្អូនយើងមួយចំនួន ដែលបានផ្តល់មកពាក់ព័ន្ធនិងការរាប់អានមិត្តនេះ ។
បងប្អូនខ្លះបានឱ្យដឹងថា គាត់សុំរាប់អានតែមិត្តម្នាក់ទេ ហើយមិត្តម្នាក់នេះ គឺអាចយល់ចិត្តគ្នាទៅវិញទៅមកគឺគ្រប់គ្រាន់ហើយ មិនចាំបាច់អីត្រូវមានមិត្តភក្តិច្រើនទេ ។ ខ្លះទៀត គាត់និយាយថា ការរាប់អានបានមិត្តភក្តិច្រើនល្អណាស់ ព្រោះអាចមានបទពិសោធន៍ល្អៗផ្លាស់ប្តូរគ្នា និងអាចយកមកចែករំលែកយើងបាន ហើយពេលទៅណាមកណាម្តងៗ គឺបានទៅជាក្រុមបង្កបរិយាកាសឱ្យកាន់តែសប្បាយរីករាយថែមទៀត ។
ជួបជាមួយអ្នកនាងសុខាក់ ជាបុគ្គលិកក្រុមហ៊ុនម្នាក់បានផ្តល់ទស្សនៈផ្ទាល់ខ្លួន ពាក់ព័ន្ធនិងការរាប់អានមិត្តនេះ ដោយអ្នកនាងនិយាយថា គាត់ចូលចិត្តមានមិត្តភក្តិច្រើនគឺល្អ ដោយសារនៅពេលយើងជួបជុំគ្នា គឺនិយាយគ្នាលេងសើចយ៉ាងសប្បាយ ។ អ្នកនាងបន្តថា តែបើមានមិត្តម្នាក់ក៏ល្អម្យ៉ាងដែរ ព្រោះមិត្តម្នាក់នោះគឺអាចជាមិត្តដ៏ជិតស្និទ្ធិបំផុតរបស់ខ្ញុំ ដែលចូលរួមសប្បាយនិងកើតទុក្ខជាមួយគ្នាបាន ហើយអាចជួយដោះស្រាយបញ្ហារបស់យើងបានលឿនផងដែរ ។ សរុបមក សម្រាប់ខ្ញុំគឺមានមិត្តច្រើនក៏ល្អ មានមិត្តតែម្នាក់ក៏ល្អ ។
រីឯកញ្ញាធីតាវិញ ជាបុគ្គលិកក្រុមហ៊ុនម្នាក់ដែរ គាត់ក៏បានឱ្យកោះសន្តិភាពដឹងថា សម្រាប់គាត់ គឺសុំជ្រើសយកមិត្តតិចបានហើយ តែជាការរាប់អានដោយចិត្តស្មោះត្រង់ ។ ហើយមិត្តម្នាក់នោះអាចជួយជាកម្លាំងចិត្ត និងលើកទឹកចិត្តយើងរាល់ពេលដែលជួបបញ្ហាលំបាកណាមួយ ដោយផ្តល់ជាគំនិតល្អៗមកឱ្យយើងច្រើនបាន ។ គាត់ថា ការមានមិត្តភក្តិច្រើនមិនសូវល្អទេ ព្រោះអាចមានមាត់.កក៏ច្រើនដែរ និងអាចបង្កជាបញ្ហាផ្សេងៗក៏មាន ហើយក៏មិនសូវមានចិត្តស្មោះត្រង់ជាមួយយើងទៀតហ្នឹង ។
សម្រាប់កញ្ញារីតា ដែលជាសិស្សនៅសាលាឯកជនមួយកន្លែងក៏បានចែករំលែកនូវបទពិសោធន៍របស់ខ្លួនផ្ទាល់បានកើតឡើង នៅពេលដែលគាត់មានមិត្តភក្តិច្រើន ប្រហែលជា៤ទៅ៥នាក់ដែរ នៅក្នុងថ្នាក់ គាត់ថាគឺមិនល្អទាល់តែសោះ ។
គាត់បន្តថា កាលគាត់មានមិត្តភក្តិច្រើននោះ ការរាប់អានមិនសូវចុះសម្រុងគ្នាទេ ម្នាក់ៗតែងមានគំនិតខ្វែង និងប្រឆាំងគ្នាជារឿយៗ ។ ពេលខ្លះ មិត្តនោះនិយាយពីយើងប្រាប់អ្នកនេះ ហើយពេលនៅ ជាមួយអ្នកនោះ បែរជានិយាយពីយើងប្រាប់អ្នកនេះវិញ។ ហើយរឿងរ៉ាវខ្លះ យើងមិនបានដឹងអីផង ស្រាប់តែគេទម្លាក់កំហុសមកឱ្យខុសទាំងស្រុងក៏មាន ។ ដូច្នេះ ដើម្បីមិនចង់ មានរឿង មិនចង់ឈ្លោះ ក៏សម្រេចចិត្តសុំប៉ាម៉ាក់ផ្លាស់ប្តូរវេនទៅរៀនវេនថ្ងៃវិញ ។ រីតាប្រាប់ទៀតថា ការទៅរៀនវេនថ្ងៃនោះ គឺគាត់តាំងចិត្តសុំមិនរាប់អានមិត្តភក្តិច្រើនដូចមុនទេ គឺសុំត្រឹមតែម្នាក់គឺល្អណាស់សម្រាប់គាត់ ។
យ៉ាងណាសរុបមក នេះគឺជាទស្សនៈនិងជាបទពិសោធន៍ផ្ទាល់របស់មនុស្សរៀងៗខ្លួនដែលគាត់ធ្លាប់បានជួបប្រទះប៉ុណ្ណោះ ពេលខ្លះខ្លួនយើងក៏មិនដឹងថា តើយើងនៅខ្វះចន្លោះអី ឬបានធ្វើអ្វីដែលខុសឆ្គងឬទេ ទើបមានបញ្ហាបែបនេះ ?
កោះសន្តិភាពសុំចែករំលែកវិធីសាស្ត្រខ្លះៗដើម្បីរក្សាចំណងមិត្តភាពឱ្យស្ថិតនៅគង់វង្ស ៖
១-លះបង់ពេលវេលា៖ ការលះបង់ពេលវេលា គឺពិតជាសំខាន់ណាស់។ បើអ្នកគ្មានពេលសម្រាប់គ្នាផង តើមិត្តភាពរបស់អ្នកគង់វង្សបានដោយរបៀបណា? ទោះបីអ្នករវល់យ៉ាងណាក៏ដោយ បើអ្នកអាចឆ្លៀតបានតែមួយភ្លែតដើម្បីមិត្តរបស់អ្នកនោះគេប្រាកដជាស្រឡាញ់ ហើយអរគុណនូវការចំណាយពេលរបស់អ្នកចំពោះគេ។
២-បង្កើនភាពជិតស្និទ្ធ៖ ការបង្កើនភាពជិតស្និទ្ធនេះ អាចធ្វើឱ្យចំណងមិត្តភាពរបស់អ្នកកាន់តែរីកចម្រើនឡើង។ អ្នកគួរតែព្យាយាមផ្ដល់ភាពជិតស្និទ្ធឱ្យគ្នាទៅវិញទៅមក ទើបមិត្តភាពអាចរក្សាបានយូរ ។ ភាពស្និទ្ធស្នាលនេះ មិនគួរត្រូវបានកាត់បន្ថយជាដាច់ខាត គឺវាគួរតែបង្កើន ឡើងទៅវិញ ពីព្រោះអ្នកមិនមែនទើបតែស្គាល់គ្នានោះទេ គឺអ្នកស្គាល់គ្នាយូរហើយ ដូច្នេះ កុំឱ្យភាពស្និទ្ធ ស្នាលនេះបាត់បង់ឱ្យសោះ។
៣-ត្រូវចេះជួយគ្នាទៅវិញទៅមក៖ ការជួយគ្នាដោយសុទ្ធចិត្តនិងភាពស្មោះត្រង់ អាចរក្សាចំណងមិត្តភាពឱ្យបានគង់វង្ស ។ មិត្តខ្លះទ័លខ្លាំងហើយ ទើបគេដាច់ចិត្តសុំជំនួយពីអ្នក។ ដូច្នេះ ប្រសិនបើអ្នកអាចជួយបាន ក៏ជួយតាមលទ្ធភាពទៅ យ៉ាងហោចក៏បានជួយខ្លះដែរ ព្រោះវាប្រសើរជាងមិនបានជួយអ្វីសោះ ហើយក៏ដើម្បីជួយសម្រាលបន្ទុកគ្នាដែរ។
៤-មិនត្រូវលាក់បាំងនិងនិយាយកុហក៖ ក្នុងនាមជាមិត្តនឹងគ្នា បើអ្នកមានរឿងអ្វី គួរតែនិយាយប្រាប់គ្នាឱ្យបានដឹង។ ពេលខ្លះរបស់គេក៏អាចជួយដោះស្រាយបញ្ហារបស់អ្នកបានដែរ។ ហើយការមិនលាក់បាំង គឺអាចធ្វើឱ្យមិត្តភាពរបស់អ្នកកាន់តែរីកចម្រើន ហើយអ្នករឹតតែយល់ពីគ្នានិងស្គាល់គ្នាបានកាន់តែច្រើន។ ចូរកុំនិយាយកុហកឱ្យសោះ ព្រោះការនិយាយកុហកអាចធ្វើឱ្យមនុស្សបាត់បង់សេចក្ដីទុកចិត្តបាន។
៥-ត្រូវជឿទុកចិត្តនិងលើកទឹកចិត្តគ្នាទៅវិញទៅមក៖ ការជឿទុកចិត្តគ្នាគឺជាកម្លាំងមួយដែលអាចធ្វើឱ្យមនុស្សមានសុភមង្គលនិងសេចក្ដីសុខ។ ម្យ៉ាងទៀត អ្នកគួរតែលើកទឹកចិត្តគ្នាទៅវិញទៅមកផងដែរ ព្រោះវាអាចធ្វើឱ្យអ្នកមានអារម្មណ៍ល្អនឹងគ្នាហើយក៏មានកម្លាំងទៅជម្នះនូវរាល់ឧបសគ្គទាំងឡាយដែលកើតមានក្នុងជីវិតរបស់អ្នកផងដែរ។
ចែករំលែកព័តមាននេះ