ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​យុទ្ធនាការ​បង្ក្រាប​រថយន្ត​គេចពន្ធ​និង​រថយន្ត​បំពាក់​ស្លាក​លេខ​សមត្ថកិច្ច ពិសេស​គឺ ខ​.​ម​.​និង​ន​.​ប ចាត់វិធានការ​ក្តៅ​ៗ​ជា​ច្រើន​ហើយ ប៉ុន្តែ​នៅ​តែ​មាន​រហូត​ដល់​បែកធ្លាយ​ជនជាតិ ចិន មាន​ជិះ​ទៀត តែ​រកមុខ​មិនឃើញ​រក​ប្រភព​បញ្ចេញ​មិនឃើញ​ទៅ​វិញ ។ រឿង​ស្លាក​លេខ…

រឿង​យុទ្ធនាការ​បង្ក្រាប​រថយន្ត​គេចពន្ធ​និង​រថយន្ត​បំពាក់​ស្លាក​លេខ​សមត្ថកិច្ច ពិសេស​គឺ ខ​.​ម​.​និង​ន​.​ប ចាត់វិធានការ​ក្តៅ​ៗ​ជា​ច្រើន​ហើយ ប៉ុន្តែ​នៅ​តែ​មាន​រហូត​ដល់​បែកធ្លាយ​ជនជាតិ ចិន មាន​ជិះ​ទៀត តែ​រកមុខ​មិនឃើញ​រក​ប្រភព​បញ្ចេញ​មិនឃើញ​ទៅ​វិញ ។

រឿង​ស្លាក​លេខ ខ​.​ម​.​និង​ន​.​ប គឺ​មាន​តាំងពី​យូរ​មក​ហើយ ដោយ​យុទ្ធនាការ​ដាក់​ចេញ​ជា​ច្រើន​លើក តែ​មិន​អស់ សូ​ម្បី​តែ​យុទ្ធនាការ​ក្តៅ​បំផុត ដែល​គយ​បាន​ធ្វើ កាលពី​ឆ្នាំ​២០២១ ហើយ​ក្រសួងការពារជាតិ និង​មហាផ្ទៃ​បាន​ចេញ​សារាចរ​ណែនាំ​ទៀត តែ​បញ្ហា​នៅ​តែ​មាន រហូត​ដល់​មាន​ករណី​បុរស​ជនជាតិ​ចិន​ប្រើ​រថយន្ត​នេះ មាន​បញ្ហា​នៅ​លើ​ទ្រូងផ្លូវ​បាន​បែក​រឿង​ជា​ថ្មី​ហើយ មហា​ជនក​ញ្ជ្រា​ក​ជា​ថ្មី ។

តាម​អត្ថបទ​ព័ត៌មាន​ដែល​បាន​ចេញផ្សាយ​កន្លង​មក តួរ​លេខ​ដែល​ប៉ាន់ស្មាន​ដោយ អគ្គនាយក​រដ្ឋ​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ឡាន​អត់​ពន្ធ​ជ្រក​ក្រោម​ស្លាក​លេខ​រដ្ឋ ន​.​ប (​នគរបាល​) និង​ស្លាក​ខ​.​ម (​កងទ័ព​)​មាន​ចំនួន​ប្រមាណ​ជា​ជិត​១​ម៉ឺន​គ្រឿង នៅ​ក្នុង​នោះ ស្លាក​លេខ ខ​.​ម គឺ​មាន​ច្រើន​ជាងគេ រហូត​ដល់​ទៅ​ជាង​៥០០០​គ្រឿង ។

ក្រោម​យុទ្ធនាការ កាលពី​ឆ្នាំ​២០២១ ហើយ​បន្ត​អនុវត្ត​ដល់ ឆ្នាំ​២០២២ ឃើញ​ថា ស្ងាត់​មួយ​ប្រាវ ដោយ​រដ្ឋ​បាន​ប្រមូល​ពន្ធ​ហើយ ប្រមូល​រថយន្ត​ដែល​ប្រើ​ស្លាក​លេខ​នេះ​មួយ​ចំនួន មក​បំពាក់​ស្លាក​លេខ​ត្រឹមត្រូវ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ពលរដ្ឋ​ដែល​បន្ត​ប្រើប្រាស់ ក្រោម​ស្លាក​លេខ ខ​.​ម និង​ន​.​ប នេះ​ទំនងជា​នៅ​មាន​គួរសម​ទៀត ដែល​គួរតែ​បោសសម្អាត​បន្ត ហើយ​គួរតែ​ដាក់​កំណត់​ពិរុទ្ធភាព​ពួក​គេ​តែ​ម្តង ។ កន្លង​មក​ក្រៅពី​ជនជាតិ​ចិន​ដែល​បែក​រឿង​ថ្មី​ៗ​នេះ​នៅ​លើ​ផ្លូវ​សាធារណៈជន​ឧស្សាហ៍ ឃើញ​មាន​ទាំង​យុវជន និង​យុវនារី​មួយ​ចំនួន​ក្មេង​ៗ​សោះ បើករថយន្ត​ទំនើប​ៗ​ដែល​ប្រើប្រាស់​ស្លាក​លេខ​សមត្ថកិច្ច​ទាំងនេះ​ជា​បន្តបន្ទាប់​មក​ដែរ ។

ជុំវិញ បញ្ហា​បុគ្គល​ស៊ី​វិល​តែ​ប្រើប្រាស់​រថយន្ត​ដែល​ពាក់​ស្លាក​លេខ​សមត្ថកិច្ច គួរតែ​បញ្ចប់​នៅ​សម័យនេះ ហើយ​ចំណាត់ការ​គួរតែ​អនុវត្ត​តាម​គោលការណ៍​ដែល​រាជរដ្ឋាភិបាល បាន​ដាក់​ចេញ​នៅ​ក្នុង​ការ​បោសសម្អាត​គ្រឿង​ញៀ​.​ន​ចេញពី​ជួរ​មន្ត្រីរាជការ​ទាំង​ស៊ី​វិល និង​កងកម្លាំងប្រដាប់អាវុធ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រីក្រសួង មហាផ្ទៃ នៅ​ពេល​បើក​សន្និបាត​ក្រសួង នៅ​ថ្ងៃ​ទី​២៩ ខែកុម្ភៈ បាន​ដាក់​បទបញ្ជា​ឲ្យ​អគ្គស្នងការដ្ឋាន គ​របាល​ជាតិ ពង្រឹង​ការ​គ្រប់គ្រង និង​ចាត់​វិធាន​ចំពោះ​ការ​ប្រើប្រាស់​ស្លាក​លេខ ន​.​ប ជា​លក្ខណៈ​ឯកជន​ខុស​ពី​គោលការណ៍​ច្បាប់​កំណត់ ។

លោក​ឧបនាយករដ្ឋមន្ត្រី ស សុខា បាន​មើលឃើញ​ថា មួយ​រយៈពេល​ចុង​ក្រោយ​នេះ ការ​ប្រើប្រាស់​ស្លាក​លេខ​នគរបាល​ទាំង​រថយន្ដ និង​ម៉ូតូ​មួយ​ចំនួន​ខុស​ពី​ការ​កំណត់ ដោយ​អ្នក​ខ្លះទៅ​ធ្វើ​ការងារ​ជា​ឯកជន ប៉ុន្ដែ​ជិះ​មធ្យោបាយ​ដែល​បំពាក់​ន​.​ប ក៏​មាន ដោយ​មួយ​ចំនួន​ជិះ​ទៅ​ធ្វើការ​កាស៊ីណូ ហើយ​កាលពីមុន​ជិះ​ទៅ​ឈប់​មុខ​ខារ៉ាអូខេ​ក៏​មាន ។ លោក​អះអាង​ថា ផ្លា​ក​លេខ ន​.​ប គឺ​បម្រើ​ឲ្យ​សមត្ថកិច្ច​បម្រើ​ឲ្យ​អង្គភាព​តែ​ប៉ុណ្ណោះ ។ ដោយឡែក​ខាង ក្រសួងការពារជាតិ ក៏​បាន​ព្រមាន​ចាត់វិធានការ​ច្បាប់​ចំពោះ​អ្នក​ប្រើប្រាស់ ផ្លា​ក​លេខ ខ​.​ម ផ្ទុយ​នឹង​ច្បាប់ និង​មិន​អនុញ្ញាត​ឱ្យ​ជន​ស៊ី​វិល ឬ​ជនបរទេស​ប្រើប្រាស់​ដែរ ។

អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស នៃ​ក្រសួងការពារជាតិ បាន​ជូនដំណឹង​ថា ខ្លួន​សង្កេត ឃើញ​កើត​មាននូវ​បាតុភាព​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្គម​សាធារណៈ ដូច​ជា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ បុគ្គល​អ្នក​ប្រើប្រាស់​មួយ​ចំនួន​មាន​ភាព​ក្រអឺតក្រទម មិន​សក្ដិ​សមជា​មន្ត្រី​យោធា ធ្វើ​ឱ្យ​មានការ​វាយតម្លៃ និង​ទទួល​ការ​រិះគន់​ពី​សាធារណជន ជា​ពិសេស​ប៉ះ ពាល់​ដល់​កិត្តិយស​នៃ​កង​យោធពលខេមរភូមិន្ទ​ទាំងមូល ។ ស្ថាប័ន​ជំនាញ​នេះ​ក៏​បាន បញ្ជាក់​បន្ថែម​អំពី​ការ​ប្រើប្រាស់​យានយន្ត​ពាក់​ផ្លា​ក​លេខ​ចរាចរ ខេមរភូមិន្ទ​ទាំងអស់ ដោយ​អនុវត្ត​តាម​អនុក្រឹត្យ លេខ​៧៧ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០០៨ អ្នក​ប្រើប្រាស់​ត្រូវ​តែ​ជា​នាយទាហាន​ដែល​មាន​សិទ្ធិ​ពេញលេញ ដោយ​មិន​អនុញ្ញាត​ឱ្យ​ជន​ស៊ី​វិល ឬ​ជនបរទេស​ប្រើប្រាស់​បាន​ឡើយ ។

សរុប​មក​វិញ​ឃើញ​ថា ស្ថាប័ន​កងកម្លាំង និង​សមត្ថកិច្ច​ប្រដាប់​អាវុធ​ទាំង​ពីរ​បានដឹង​អំពី​បញ្ហា​នេះ​អស់ហើយ ប៉ុន្តែ​ចំណាត់ការ​យ៉ាងណា​នៅ​មិន​ទាន់​ដឹង​ទេ ហើយ​ដើម្បី​រួមចំណែក ពីលើ​ការ​ពង្រឹង​ចំណុច​នេះ ពិរុទ្ធភាព​របស់​អ្នក​ប្រើប្រាស់​រថយន្ត​ទាំងនេះ គួរ​ខុស​ពី​ភារកិច្ច ខុស​ការ​សម្រេច​របស់​ស្ថាប័ន​ជំនាញ គួរតែ​ត្រូវ​កំណត់​ឲ្យ​ច្បាស់​ផង​ដែរ បើ​មិន​ដូច្នេះ​ទេ បញ្ហា​ប្រើ​ស្លាក​លេខ​នេះ​នឹង​បន្ត​រ៉ាំរ៉ៃ​ទៅ​មុខ​ទៀត​មិន​ខាន ៕ ដោយៈ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ