រាជធានីភ្នំពេញ ៖ ពិតជាអាសូរណាស់ ស្ត្រីម្នាក់បានត្រឹមអោបធាតុប្តីឈរមើលផ្ទះរបស់ខ្លួនត្រូវអណ្តាតភ្លើងបានលេបត្របាក់ផ្ទះពីរខ្នងកាលពីកន្លងទៅ ពេលនេះ ម្ចាស់ផ្ទះទាំងពីគ្រួសារបានត្រឹមប្រក់តង់រស់នៅបណ្តោះអាសន្ន ពោលពិតជាសង្វេគណាស់ក្រោយបានឃើញដូច្នេះ ។
ធាតុប្តីនៅក្តៅអោបជាប់នឹងដៃស្រែកទ្រហោយំ អស់ហើយៗ សម្រក់ទឹកភ្នែកជោកផែនថ្ពល់ មិនអាចជួយអ្វីដល់ផ្ទះរបស់ខ្លួន ចុងក្រោយសល់ត្រឹមធ្យូងផះ និងកម្ទេចកម្ទីសេសសល់ ។ ជាការពិតណាស់ ក្រោយឆេះផ្ទះអស់ពីខ្លួននោះ ពេលនេះម្ចាស់ផ្ទះពីរគ្រួសារដែលអត់ខ្វះខាតបានត្រឹមលោកដៃសុំអោយមហាជន ព្រោះខ្លួនទីទល់ខ្លាំងហើយ បែរជាមកជួយរឿងអកុសលដូច្នេះទៅ
វិញ ។
តាមការបង្ហើបពីអ្នកជិតខាងថា ពួកគាត់សុទ្ធតែអត់ លោកតាខាងនោះក៏ចាស់ ស្ត្រីខាងនេះស្វាមីក៏ទើបនឹងស្លាប់ តើអោយពួកគាត់ទៅពឹងអ្វី? ស្រូវក៏ឆេះអស់ លុយក៏ម៉ត់នោះ ។
គួរបញ្ជាក់ថា ម្ចាស់ផ្ទះពីរគ្រួសារដែលត្រូវភ្លើងឆាបឆេះនេះរស់នៅ ភូមិមាលា ស្ថិតនៅឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ប្រសិនបើប្អូនចង់ជួយអាចជួយបាន ព្រោះបច្ចុប្បន្នលំបាកខ្លាំង ដូចបងប្អូនឃើញក្នុងរូបភាពស្រាប់ ដោយមានត្រឹមប្រក់តង់រស់នៅនោះ។
តាមរយៈបទសម្ភាសន៍ ជាមួយកម្មវិធី 60Buzz នៃសារព័ត៌មានកោះសន្តិភាព ផ្ទះទី១-ឈ្មោះ ឌូ ឪ និងផ្ទះទី២-ឈ្មោះ ហេង សឿន ជាស្ត្រីដែលឈរអោបធាតុប្តីនោះ ។ ផ្ទះរបស់លោកតាឈ្មោះ ឌូ ឪ បានខូចខាតទាំងស្រុង ផ្ទះទទឹង ៦ម៉ែត្រ បណ្តោយ ៥ម៉ែត្រ ប្រក់ស្លឹក ជាមួយគោយន្តមួយគ្រឿងទុកបានគ្រាន់ធ្វើស្រែចំការ ពេលនេះខ្ទេចអស់ហើយ តើបានអ្វីធ្វើស្រែកចំការទៀតនោះ?
បន្ថែមពីលើនេះ មានដូចជាកង់មួយគ្រឿង ជម្រុកស្រូវមួយកន្លែងមានស្រូវរហូតដល់ទៅ៣តោន លុយ៣០០ដុល្លារអាមេរិក និងឯកសារផ្សេងៗមួយចំនួនទៀត ។ ចំពោះផ្ទះរបស់បងស្រី្តមេម៉ាយ អោបធាតុប្តីនោះ អ្នកស្រីថា បានបាត់បង់ផ្ទះទាំងស្រុង ស្រូវមានក្នុងផ្ទះប្រមាណជា ២០បេ ពោលអ្នកស្រីគ្មានអ្វីយកបានឡើយ បានត្រឹមធាតុប្តីមួយកញ្ចប់តែប៉ុណ្ណោះ ។
មែនទែនទៅបើតាមពីប្រភពពីប្រជាពលរដ្ឋឈ្មោះ ហាក់ ហេងថា ហេតុការនេះបានឡើង ដោយមានគេដុតព្រៃវាលស្រែនៅឆ្ងាយ ម្ចាស់ផ្ទះទាំងពីរមិនបាននៅផ្ទះដូចគ្នា លុះពេលដឹងថាផ្ទះឆេះនោះហួសពេលបាត់ទៅហើយ ហើយគ្មានបានប្រមូលអ្វីច្រើនទេ ត្រឹមធាតុមួយកញ្ចប់តែប៉ុណ្ណឹង ។
ជាចុងក្រោយ ម្ចាស់ផ្ទះទាំងពីរគ្រួសារ លោកសុំអោយមហាជនជួយ ព្រោះពួកគាត់លំបាកខ្លាំងណាស់ គ្មានផ្ទះស្នាក់នៅទេ បានត្រឹមប្រក់តង់គ្រែមួយសម្រាក ឬជួយជាស្បៀងអាហារក៏បាន ស័ង្កសីសម្រាប់ការធ្វើផ្ទះក៏បាន៕ ដោយ៖លីហួ គីមឆាយ.
ចែករំលែកព័តមាននេះ