កុំចេះតែហ៊ាន! កីឡាករ៥រូបត្រូវបញ្ចប់អាជីពបាល់ទាត់ រឿងកំណត់លទ្ធផលប្រកួត
វៀតណាម ៖ សហព័ន្ធកីឡាបាល់ទាត់វៀតណាម បានសម្រេចបញ្ចប់អាជីពអស់មួយជីវិតលើកីឡាករ៥
វៀតណាម ៖ សហព័ន្ធកីឡាបាល់ទាត់វៀតណាម បានសម្រេចបញ្ចប់អាជីពអស់មួយជីវិតលើកីឡាករ៥
វៀតណាម ៖ សហព័ន្ធកីឡាបាល់ទាត់វៀតណាម បានសម្រេចបញ្ចប់អាជីពអស់មួយជីវិតលើកីឡាករ៥នាក់របស់ក្លិប Ba Ria Vung Tau FC នៅលីគកំពូលវៀតណាម សម្រាប់ការកំណត់លទ្ធផលប្រកួត។
ប្រភពីសារព័ត៌មានវៀតណាម VnExpress ចេញផ្សាយកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ បានរាយការណ៍ថា កីឡាករទាំង៥នាក់ ដែលត្រូវបានបញ្ចប់អាជីពបាល់ទាត់មួយជីវិត រួមមាន កីឡាករ Tran Ky Anh អាយុ២០ឆ្នាំ កីឡាករ Nguyen Son Hai អាយុ៣០ឆ្នាំ កីឡាករ Le Bang Gia Huy អាយុ២២ឆ្នាំ កីឡាករ Nguyen Quang Huy អាយុ២០ឆ្នាំ និងកីឡាករ Pham Van Phong អាយុ២០ឆ្នាំ។
នគរបាលខេត្ត Ba Ria-Vung Tau បានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មប្រឆាំងនឹងកីឡាករទាំង៥នាក់ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅ ពីបទលេងល្បែងភ្នាល់ ហើយអាជ្ញាធរកំពុងបន្តពង្រីកសំណុំរឿង ដើម្បីបញ្ជាក់ពីមុខសញ្ញាព្រហ្មទណ្ឌផ្សេងទៀត។ ជាមួយគ្នានោះ ក្លិប Ba Ria Vung Tau FC ក៏បានបញ្ចប់កុងត្រាកីឡាករទាំង៥នាក់នេះផងដែរ។
យោងតាមការស៊ើបអង្កេតដំបូងបង្ហាញថា នៅក្នុងការប្រកួតរវាង Ba Ria Vung Tau FC និងក្រុម Da Nang នៅកីឡដ្ឋាន Ba Ria កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ កីឡាករទាំង៥នាក់នេះ បានព្រមព្រៀងគ្នាធ្វើលេងមិនសូវបានល្អ ដោយសារតែពួកគេបានភ្នាល់លើក្រុមគូប្រកួត Da Nang ដើម្បីឈ្នះការប្រកួតនេះ ហើយជាលទ្ធផលក្រុមរបស់ពួកគេបានចាញ់ដោយលទ្ធផល ១-៣។
ក្លិប Ba Ria Vung Tau FC ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩១ ប៉ុន្តែត្រូវបានរំសាយនៅឆ្នាំ ១៩៩៧។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ នៅឆ្នាំ ២០០៦ គណៈកម្មាធិការប្រជាជនខេត្តបានអនុម័តគម្រោងមួយដើម្បីស្តារក្លិបឡើងវិញ និងបានលេងនៅក្នុងលីគលំដាប់ទី៣។ នៅឆ្នាំ ២០១០ ក្រុមបានឡើងទៅលេងលីគលំដាប់ទី២ ប៉ុន្តែត្រូវបានរំសាយម្ដងទៀតនៅឆ្នាំ ២០១២។ យ៉ាងណាមិញ ៥ឆ្នាំក្រោយមកទៀត ក្រុមត្រូវបានបង្កើតឡើងវិញ និងប្រកួតប្រជែងនៅលីគលំដាប់ទី៣ បន្ទាប់មកឡើងមកលីគលំដាប់ទី២នៅក្នុងឆ្នាំ ២០១៨ និងបន្តឡើងមកលីគកំពូលនៅឆ្នាំ ២០២០។
សូមជម្រាបថា បាល់ទាត់នៅក្នុងប្រទេសវៀតណាមបានឃើញសកម្មភាពកំណត់លទ្ធផលប្រកួតជាច្រើនដូចជា កីឡាករ Nguyen Quoc Vuong និងមិត្តរួមក្រុមរបស់គេលេងឱ្យជម្រើសជាតិវៀតណាមបានចូលរួមកំណត់លទ្ធផលប្រកួត នៅឯព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០០៥ ដែលប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ។ ចំណែកការប្រកួតលីគកំពូលវៀតណាម ក្លិប Dong Nai បានបញ្ចប់កុងត្រាជាមួយកីឡាករ៤នាក់ សម្រាប់ការលេងមិនបានល្អនៅក្នុងការចាញ់ដោយលទ្ធផល ០-៤ ទល់នឹងក្រុម Ba Ria Vung Tau FC ៕
ចែករំលែកព័តមាននេះ