ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករសំបូរស្នេហ៍ គោរមៈ ចន្ទ​រាជ្យ ជម្នះ​ពាក្យ​ម៉ាកងាយថា«​​អ្នក​ប្រដាល់​ពុំ​ចេះអក្សរ»

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គេ​ថា​ធ្វើ​ជា​មនុស្ស កុំ​ម៉ាក់​ងាយ​អ្នក​ដទៃ តែ​សំបក​ក្រៅ​! ព្រោះ​មនុស្ស​ម្នាក់​ៗ​សុទ្ធតែ​មាន​ចំណុចខ្លាំង​រៀង​ៗ​ខ្លួន តួយ៉ាង យុវជន​វ័យក្មេង សាច់ដុំ​ធំ​ៗ ដែល​តែងតែ​ឡើង​រិញ​វាយតប់​នឹង​គូប្រកួត…

រាជធានី​ភ្នំពេញ ៖ គេ​ថា​ធ្វើ​ជា​មនុស្ស កុំ​ម៉ាក់​ងាយ​អ្នក​ដទៃ តែ​សំបក​ក្រៅ​! ព្រោះ​មនុស្ស​ម្នាក់​ៗ​សុទ្ធតែ​មាន​ចំណុចខ្លាំង​រៀង​ៗ​ខ្លួន តួយ៉ាង យុវជន​វ័យក្មេង សាច់ដុំ​ធំ​ៗ ដែល​តែងតែ​ឡើង​រិញ​វាយតប់​នឹង​គូប្រកួត បាន​ព្យាយាម​ជំនះ​ពាក្យ​ម៉ាក​ងាយ​ថា «​អ្នក​ប្រដាល់​ពុំ​ចេះអក្សរ» ដោយ​សម្រេចចិត្ត​ធ្វើ​រឿង​នេះ ​ដើម្បី​អនាគត​របស់​ខ្លួន​ ។

ពោល​​ដល់​ចំណុច​នេះ អាច​ចាត់​ទុក​ថា នេះ​ជា​គំរូ​​ល្អ​មួយ​សម្រាប់​បងប្អូន​ក្នុង​វិស័យ​កីឡា និយាយ​ជា​រួម​និង​និយាយ​ដោយឡែក​សម្រាប់​យុវជន​ជា​ទូទៅ កុំឱ្យ​បោះបង់​ចោលការ​សិក្សា ។ ជាក់ស្តែង កីឡាករ គោរមៈ ចន្ទ​រាជ្យ ដែល​ជា​កីឡា​ដ៏​វ័យក្មេង និង​ជា​អ្នក​ប្រដាល់​ល្បីឈ្មោះ​គួរសម​មួយ​រូប​នេះ បាន​ស្រ​វ៉ា​យក​ការ​សិក្សា ព្រោះ​លោក​ចង់​ជំនះ​ពាក្យ​ថា «​អ្នក​ប្រដាល់ ពុំ​ចេះអក្សរ»​។

ជា​ការ​ពិត​ណាស់ ចំណេះដឹង​ជា​រឿង​សំខាន់ ទោះ​កីឡាករ គោរមៈ ចន្ទ​រាជ្យ ជា​កីឡាករ​វ័យក្មេង និង​មាន​អាជីព​ជា​អ្នក​ប្រដាល់​ក៏​ពិតមែន តែ​កីឡាករ​នេះ​នៅ​តែ​លៃលក​ពេលវេលា​បន្ត​ការ​សិក្សា​នៅ​សាលា​ ។ ខណៈ​ខ្លួន​ខិតខំ​ប្រឹងប្រែង​តស៊ូ​ជាមួយ​ការងារ​ប្រដាល់ ខំ​ហាត់​ប្រដាល់​ផង ​ដើម្បី​ឡើង​ប្រកួត​លើ​រិញ​នោះ ប្អូន​នៅ​តែ​ប្រកាន់​ជំហរ​បន្ត​ការ​សិក្សា ដោយ​ខិតខំ​ប្រឹងរក​ថវិកា​តាម​រយៈ​ការ​ប្រដាល់​មក​ផ្គត់ផ្គង់​ការ​រៀនសូត្រ ហើយ​នា​ពេល​អនាគត​កីឡា​សំបូរ​មន្ត​ស្នេហ៍​រូប​នេះ​ចង់​តំណាង​កម្ពុជា​ក្នុង​ការ​ប្រកួត​លើ​ឆាក​ជាតិ និង​ប្រកួត​លើ​អន្តរជាតិ​ផង​ដែរ​នោះ​។   

តើ​បងប្អូន​ចង់​ដឹង​ទេ ពាក្យ​អ្វី​ដែល​កីឡាករ​រូប​នេះ​ខ្លាច​បំផុត​ពេល​ប្រកួត? ហើយ​ពាក្យ​ទាំងនោះ គួរ​ប្រើ​ទៀត ឬ​អត់ ចំពោះ​កីឡាករ​ពេល​ប្រកួត​ចាញ់ ឬ​ប្រកួត​មិន​បាន​ល្អ​នោះ​។ 

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​កម្មវិធី 60Buzz នៃ​សារព័ត៌មាន​កោះសន្តិភាព កីឡាករ​ប្រដាល់
​វ័យក្មេង គោរមៈ ចន្ទ​រាជ្យ បាន​ប្រាប់​ថា សព្វថ្ងៃ​ទោះ​ខ្លួន​ជា​អ្នក​ប្រដាល់​ក៏​ពិតមែន តែ​ខ្លួន​ពុំ​បាន​បោះបង់​ចោលការ​សិក្សា​នោះ​ទេ ព្រោះ​ខ្លួន​ខ្លាច​ពាក្យ​ថា «អ្នក​ប្រដាល់ ពុំ​ចេះអក្សរ» ចេះ​តែ​វាយ ចេះ​តែ​ប្រកួត ដូច្នេះ​ពាក្យ​មួយ​នេះ​កំពុង​បាន​នឹង​ជំនះ​ជាមួយ​វា ស្រ​វ៉ា​ការ​រៀនសូត្រ ក្រេប​ចំណេះ​ពី​គ្រូ​នោះ​។ 

នា​ពេល​បច្ចុប្បន្ន ចន្ទ​រាជ្យ ជា​កីឡាករ​មួយ​រូប មាន​វ័យ​ទើបតែ ១៦​ឆ្នាំ រៀន​ថ្នាក់​ទី ១១ នៅ​សាលា​បាក់​ទូក ប្អូន​ថា​ជីវិត​ជា​កីឡាករ និង​ជា​សិស្ស​ហាក់ដូចជា​ខុស​គ្នា​ឆ្ងាយ ដោយ​ប្អូន​ត្រូវ​ឆ្លៀតពេល​ហាត់​ប្រដាល់​ផង រៀនសូត្រ​ផង ដូច្នេះ​ រៀង​លំបាក​ខ្លាំង​ណាស់​ដែរ សម្រាប់​ប្អូន​ផ្ទាល់​ ។​

គោរមៈ ចន្ទ​រាជ្យ​ សំបូរ​ស្នេហ៍ដែល​ជា​កីឡាករ​ចាប់​យក​អាជីព​អ្នក​ប្រដាល់​ទាំង​វ័យក្មេង​ប្អូន​ថា មក​ពី​មូលហេតុ​ស្រឡាញ់​ប្រដាល់ ព្រោះ​ប្អូន​មាន​ក្តី​ស្រ​ម៉ៃ​ចង់​ក្លាយជា​អ្នក​ប្រដាល់​ដែល​មាន​កត្ត​នាម​ល្បីល្បាញ​មាន​គេ​ស្គាល់​ច្រើន ចង់​ប្រកួត​តំណាង​ជាតិ និង​ជា​ពិសេស​ចង់​ប្រកួត ONE Championship ជាដើម​។ 

នៅ​ពេល​មានការ​ចោទសួរ​ថា ឆ្នាំ​ក្រោយ​តើ​អាច​ផ្អាក​ការ​ប្រកួត​ឬទេ ព្រោះ​ជា​ឆ្នាំ​ត្រូវ​ប្រឡង​បាក់​ឌុ​ប​នោះ? កីឡាករ ចន្ទ​រាជ្យ ពន្យល់​ថា ខ្លួន​មិន​អាច​ផ្អាក​នោះ​ឡើយ គ្រាន់តែ​ទទួល​ការ​ប្រកួត​តិចតួច និង​ឆ្លៀតពេល​អោយ​ច្រើន​ជាមួយ​ការ​សិក្សា​នោះ ព្រោះ​បាន​តស៊ូ​ច្រើន​មក​ហើយ ដូច្នេះ​ខំ​ប​និ្ត​​ច​ទៀត​ក៏​មិនជា​បញ្ហា​នោះ​ទេ​។ 

កីឡាករ ចន្ទ​រាជ្យ បាន​ប្រ​ឡូង​ក្នុង​ស​ង្វ្រៀ​ន​ប្រដាល់ តាំងពី​ឆ្នាំ​២០១៥ កាលនោះ​មាន​អាយុ​៧​ឆ្នាំ រៀន​ថ្នាក់​ទី​៣ ហាត់​ប្រដាល់ ហើយ​អាយុ​១២​ឆ្នាំ ឡើង​ប្រកួត​ប្រដាល់​តែ​ម្តង ដោយ​មក​ដល់​ខ្លួន​បាន​ប្រកួត​៧០​ដង ឈ្នះ​៥៣​ដង ចាញ់​៩​ដង និង​ស្មើ​៤​។

កីឡាក​រូប​នេះ មាន​បងប្អូន​៣​នាក់ ខ្លួន​ជា​កូន​ទី​២ ហើយ​សាច់ញាត្តិ​បងប្អូន​របស់​កីឡាករ​រូប​នេះ​ក៏​ជា​អ្នក​ប្រដាល់​កាលពី​កន្លង​ទៅ ហើយ​ចំពោះ​ការ​ហាត់​ប្រដាល់​នេះ​ខាង​ក្រុម​គ្រួសារ​ក៏​ធ្លាប់​បាន​ហាមឃាត់ ព្រោះ​ខ្លាច​កូន​ឈឺ កូន​បែក​មុខ​បែប​មាត់​មិន​ស្អាត ពោល​ឪពុក​ម្តាយ​ណា​មិន​ស្រឡាញ់​កូន​នោះ​។ នៅ​ពេល​មានការ​ចោទសួរ​ថា តើ​ពាក្យ​អ្វី​ដែល​លោក​ខ្លាច​បំផុត​ពេល​ក្លាយជា​កីឡាករ​ប្រដាល់​នោះ? 

ពាក្យ​ដែល​ខ្លាច​ចំពោះ​កីឡាករ​រូប​នេះ គឺ​ប្រកួត​មិន​ឈ្នះ ឬ​ចាញ់ ខ្លាច​មហាជន​រិះគន់ បន្តុះបង្អាប់ ដូច្នេះ​ត្រូវ​ចំណុច​នេះ លោក​សុំ​គួរ​ណា​មានការ​លើកទឹកចិត្ត​វិញ​ទើប​ជា​ការ​ប្រសើរ ព្រោះ​ការ​ប្រកួត​តែ​មាន​ចាញ់​និង​ឈ្នះ​ជា​រឿង​ធម្មតា​។ 

គួរ​បញ្ជាក់​ដែរ​ថា ទោះ​ខ្លួន​ជា​កីឡាករ​ក៏​ពិតមែន តែ​កីឡាករ​រូប​នេះ​នៅ​តែ​ស្រ​វ៉ា​ការ​សិក្សា មិន​ចង់​អវិជ្ជា​ទាំំ​ង​វ័យក្មេង​នោះ​ឡើយ​៕ ដោយ​៖​លី​ហួ គី​ម​ឆាយ​.

អត្ថបទសរសេរ ដោយ