ទីក្រុងវ៉ាស៊ីនតោន៖ អាមេរិកប្រកាសអាសន្ននៅរដ្ឋតិចសាស់ និងបញ្ជាឱ្យបិទរោងចក្រនុយក្លេអ៊ែរជាបន្ទាន់នៅពេលភ្លើងឆេះព្រៃដ៏ធំមួយឆេះរាលដាលយ៉ាងឆាប់រហ័ស។ នៅសុខៗ អាកាសធាតុស្រាប់តែប្រែក្លាយជាក្ដៅហួតហែងមួយរំពេច គួបផ្សំនឹងខ្យល់បក់មកវូៗឥតដាច់ផងនោះប្រៀបដូចជារបោយផ្សំ ឬជាការជួយជ្រោមជ្រែងឱ្យភ្លើងឆេះព្រៃនេះរឹតតែបានចិត្ត។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/d5df7e8c2ca157cf1af273f644448eaa.jpg)
រហូតមកដល់ពេលនេះ អាជ្ញាធរមិនទាន់កំណត់ថាភ្លើងឆេះព្រៃបណ្ដាលមកពីមូលហេតុអ្វីពិតប្រាកដទេ។ ប៉ុន្តែពួកគេចេញសេចក្ដីព្រមានទៅអ្នករស់នៅក្នុងតំបន់រាប់សិបកន្លែងនៃរដ្ឋតិចសាស់ខាងជើងសូមប្រុងប្រយ័ត្ន និងរៀបចំបង្វេចទុកឱ្យហើយ។ មើលតែមិនស្រួលទេ ប្រញាប់ចាកចេញពីទីនោះជាបន្ទាន់នៅក្នុងករណីចាំបាច់។ ការថ្លែងដូចនេះនៅពេលអ្នករស់នៅទីក្រុងតូចធំជាច្រើនកន្លែងត្រូវតែជម្លៀសខ្លួនទាំងបង្ខំចិត្ត, ខណៈដែលរោងចក្រនុយក្លេអ៊ែរត្រូវតែបិទដំណើរការ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/2a55fbec08d68a27a5e51f9e169e9bad.jpg)
អភិបាលរដ្ឋតិចសាស់ប្រកាសថាខណ្ឌចំនួន៦០ប្រឈមនឹងហានិភ័យខ្ពស់។ លោកអំពាវនាវឱ្យអាជ្ញាធរបញ្ជូនកម្លាំងបន្ថែមទៀតទៅជួយក្រុមការងារដែលកំពុងពន្លត់ភ្លើងឆេះព្រៃដែលដុតបំផ្លាញព្រៃឈើអស់ប្រហែលមួយសែនហិចតារ។ រោងចក្រនុយក្លេអ៊ែរត្រូវផ្ដាច់កុងតាក់ និងផ្អាកដំណើរការជាបណ្ដោះអាសន្នរហូតដល់មានការជូនដំណឹងជាថ្មី។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/20d54aa6caf6f3e6bae46355085b95f0.jpg)
ទីតាំងរោងចក្រនេះមានទំហំ៦៤០០ហិចតារសម្រាប់សាងសង់រោងចក្រ និងរុះរើអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែម្ចាស់រោងចក្រប្រកាសថាភ្លើងឆេះព្រៃឆេះកាន់តែកៀកនឹងរោងចក្រ និងមិនទាន់អាចទប់ស្កាត់បានឡើយ។ ដូច្នេះ វិធានការនៅចំពោះមុខគឺមានតែរត់យករួចខ្លួនមួយគ្រាសិន។ រហូតមកដល់ពេលនេះ មិនទាន់មានភ្លើងឆេះនៅម្ដុំរោងចក្រនុយក្លេអ៊ែរនៅឡើយទេ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/7066dfc9d2cc0f1e32dcbf513a171de0.jpg)
ប៉ុន្តែទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយបន្តតាមដានសភាពការណ៍ដោយយកចិត្តទុកដាក់។ បុគ្គលិករោងចក្រទាំងអស់នៅជុំគ្នាល្អណាស់ មិនទាន់បាត់បង់នរណាម្នាក់ទេ។ ចំណែកទ្រព្យសម្បត្តិឯកជនរបស់ពួកគេក៏បានដឹកជញ្ជូនទៅឆ្ងាយពីទីនោះអស់ហើយ។ គេពិនិត្យឃើញថាតំបន់ដែលស្ថិតនៅកៀកនឹងព្រំដែនរវាងរដ្ឋតិចសាស់ និងរដ្ឋអូខ្លាហូម៉ា (Oklahoma) ក៏មានភ្លើងឆេះព្រៃជាច្រើនកន្លែងផងដែរ។ ដូចនេះ អាជ្ញាធរប្រកាសឱ្យមនុស្សចាកចេញជាបណ្ដើរៗ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/472f42712c16a8a56ea68be3a6cca1ed.jpg)
ដោយសារដងផ្លូវមួយចំនួនត្រូវបិទលែងឱ្យឆ្លងកាត់ ដូច្នេះ អាជ្ញាធរជំរុញឱ្យអ្នកដែលមិនទាន់ចាកចេញពីតំបន់កាណាឌៀន (Canadian) អាចស្នាក់នៅមួយកន្លែងសិន ឬមិនដូច្នេះទេអាចស្នាក់នៅតាមសាលារៀនក៏បានដែរ។ អាជ្ញាធរនៅតំបន់ហាត់ជីនសុន (Hutchinson) ថ្លែងថាភ្លើងឆេះព្រៃលើកនេះមិនដឹងថាអាចទប់ទល់ជាប់ ឬមិនជាប់បើវាឆេះស្រុះដៃគ្នាបែបនេះ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/a03c0a005176c0dd868275212126c888.jpg)
«នៅទីតាំងជាច្រើនកន្លែង យើងគ្មានភ្លើងអគ្គិសនី និងគ្មានទឹកប្រើប្រាស់ ខណៈដែលភ្លើងចេះតែឆេះរាលដាលឥតឈប់ឈរ។ យើងសូមជូនពរឱ្យអ្នករាល់គ្នាជួបតែសំណាងល្អ និងរួចចាកផុតពីគ្រោះថ្នាក់ផងទាំងពួង។ ប៉ុន្តែបើមើលស្ថានភាពមិនស្រួលទេ សូមកុំនៅបង្អង់យូរតទៅទៀត សូមប្រញាប់វេចសម្ពាយចាកចេញជាបន្ទាន់ទៅតាមលទ្ធភាពដែលអាចធ្វើបាន»៕
ប្រភព៖ Sky News
https://news.sky.com/story/texas-disaster-declaration-issued-and-nuclear-weapons-plant-shut-down-as-wildfires-spread-13082651
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/02/1139b704c4d52a92c7c3d0b71fa3802a.jpg)
ចែករំលែកព័តមាននេះ